តើ Atletico Madrid ឬ Real Madrid នឹងក្លាយជាជើងឯក La Liga រដូវកាលនេះ?

Narong
19 មើល
1 នាទីអាន
- Advertisement -

រដូវកាល ២០២០-២១ នៃក្របខណ្ឌបាល់ទាត់កំពូលអេស្ប៉ាញ La Liga ខិតកាន់តែកៀកនឹងបញ្ចប់ហើយ ហើយយើងនឹងដឹងថារវាង Atletico Madrid ជាមួយ Real Madrid តើក្រុមណានឹងក្លាយជាជើងឯកនៅរដូវកាលនេះ។

ការប្រកួតទាំងអស់នៅលីគកំពូលអេស្ប៉ាញនឹងធ្វើឡើងដំណាលគ្នានៅរាត្រីនេះ វេលាម៉ោង៦៖០០ល្ងាច (ដែលត្រូវនឹងម៉ោង១១៖០០យប់នៅកម្ពុជា) នឹងមានការសម្រេចថាក្រុមណាគ្រងតំណែងជើងឯក ហើយក្រុមណាដែលត្រូវធ្លាក់ទៅលីគទី២។

នៅសល់តែ Atletico និង Real Madrid ប៉ុណ្ណោះដែលជាបេក្ខភាពក្នុងការប្រជែងតំណែងជើងឯកលីគកំពូលអេស្ប៉ាញ នៅថ្ងៃប្រកួតចុងក្រោយនេះ ខណៈ Eibar ជាក្រុមដែលត្រូវធ្លាក់ចេញពី La Liga រួចជាស្រេចទៅហើយ។

ដូច្នេះនៅសល់ពីរក្រុមទៀត ដែលនឹងចូលរួមជាមួយ Eibar នៅលីគទី២អេស្ប៉ាញ រដូវកាលក្រោយ ដោយក្នុងចំណោម Real Valladolid, Elche និង Huesca និងមានមួយក្រុមអាចបន្ដនៅ La Liga រដូវកាលក្រោយ ហើយពីរក្រុមផ្សេងទៀត នឹងធ្លាក់ទៅលីកទី២។

ក្រុមកំពូលតារាង Atletico Madrid នឹងប្រកួតនៅទឹកដីរបស់ Real Valladolid ខណៈ Real Madrid នឹងទទួលក្រុមភ្ញៀវ Villareal នៅកីឡដ្ឋាន Alfredo di Stefano នៅក្នុងពេលដំណាលគ្នា។

ក្រុមរបស់លោក Diego Simeone ដែលបច្ចុប្បន្នមាន៨៣ពិន្ទុឈរកំពូលតារាង La Liga នឹងក្លាយជាម្ចាស់ពាននៅរដូវកាលនេះ ប្រសិនបើពួកគេអាចយកបីពិន្ទុពី Valladolid ដោយមិនខ្វល់ពីលទ្ធផលរបស់ Real Madrid ឡើយ។

ប៉ុន្ដែប្រសិនបើពួកគេមិនទទួលជ័យជម្នះក្នុងការប្រកួតនេះ ក្រុមលោក Simeone នៅតែឈ្នះជើងឯកផងដែរ បើ Real Madrid មិនអាចយកជ័យជម្នះលើ Villarreal។ ផ្ទុយទៅវិញបើ Atletico មិនទទួលជ័យជម្នះ ហើយក្រុមលោក Zinedine Zidane យកបានបីពិន្ទុនោះពាន La Liga រដូវកាលនេះនឹងក្លាយជាកម្មសិទ្ធិរបស់ក្រុមការពារជើងឯក Real Madrid៕