Skip to content
ដឹងការពិតនៅពីក្រោយ រឿងកូនប្រុសទម្ងន់១២៦គីឡូក្រាម ជាកីឡាករក្នុងក្រុមដែលមានឪពុកជាម្ចាស់ក្លិប
    ទំព័រដើម  »  កីឡាជាតិ

ដឹងការពិតនៅពីក្រោយ រឿងកូនប្រុសទម្ងន់១២៦គីឡូក្រាម ជាកីឡាករក្នុងក្រុមដែលមានឪពុកជាម្ចាស់ក្លិប

កាលពីថ្មីៗនេះមាន រឿងដែលគួរឱ្យភ្ញាក់ផ្អើលសម្រាប់អ្នកតាមដានបាល់ទាត់ប្រទេសចិន ចំពោះរឿងមួយដែលថា ម្ចាស់ក្លិបបាល់ទាត់ជនជាតិចិនម្នាក់ ដែលមិនត្រឹមតែចូលលេងនៅក្នុងក្រុមដោយខ្លួនឯងនោះទេ ហើយថែមទាំងបង្ខំគ្រូបង្វឹកដាក់កូនប្រុសទម្ងន់ ១២៦គីឡូក្រាម ឱ្យបានលេងដែរ។ រឿងដែលកម្រនឹងធ្លាប់លឺនេះ ត្រូវបានចែករំលែកជាហូរហែ ហើយត្រូវបានសារព័ត៌មានកីឡាយកទៅផ្សព្វផ្សាយផងដែរ។

រឿងរ៉ាវលម្អិត ត្រូវបានចុះផ្សាយដោយសារព៍ត៌មានអង់គ្លេស The Sun, សារព័ត៌មានអេស្ប៉ាញ AS, សារព័ត៌មានអ៊ីតាលី Correire Dello Sport និងសារព័ត៌មានព័រទុយហ្កាល់ Bola។

The Sun បានដាក់ចំណងជើងថា «មហាសេដ្ឋីទិញក្លិបចិនក្នុងលីគទី២ មុនពេលបង្ខំគ្រូបង្វឹកឱ្យកូនប្រុសរបស់ខ្លួនលេងជម្រើសដំបូងគ្រប់ប្រកួត បន្ទាប់ពីយកអាវលេខ១០សម្រាប់ខ្លួនឯង»។

ប្រភពខាងលើបានរៀបរាប់ថា «លោក Shihua ប្រើសិទ្ធិអំណាចដោយចូលលេងខ្លួនឯង និងកូនប្រុសរបស់ខ្លួន។ នៅដើមខែឧសភា លោក Shihua បានជ្រើសយកអាវលេខ១០សម្រាប់ខ្លួនឯង ហើយលើសពីនេះទៅទៀត លោកបានបញ្ជាគ្រូបង្វឹក Hongyi Huang ដាក់កូនរបស់ខ្លួនលេងនៅជម្រើសដំបូងគ្រប់ការប្រកួត»។

ទោះយ៉ាងណាក្ដី នេះគ្រាប់ជារឿងលេងសើចដែលអ្នកប្រើប្រាស់បណ្ដាញសង្គមនៅប្រទេសចិនចែករំលែកប៉ុណ្ណោះ មិនមែនជាការពិតឡើយ។

លោក He Shihua គឺជាម្នាក់នៅក្នុងចំណោមសហស្ថាបនិកក្លិប Zibo Cuju នៃក្របខណ្ឌ Chinese League One។ បុរសវ័យ៣៥ឆ្នាំរូបនេះ បានចុះឈ្មោះជាកីឡាករ ព្រមទាំងបានចូលលេង ក្នុងការប្រកួតដែល Zibo បញ្ចប់ក្នុងលទ្ធផលស្មើគ្នា ០-០ ជាមួយ Sichuan Jiuniu កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១។

ម្ចាស់ក្លិបចិនរូបនេះ ធ្លាប់ជាកីឡាកររបស់ក្លិប Sichuan Huakun ក្នុងរដូវកាលមុន ដោយក្រុមនេះត្រូវបានក្រុមហ៊ុនរបស់លោកគាំទ្រផ្នែកហិរញ្ញវត្ថុ មុនពេល កាន់កាប់ក្លិប Zibo Cuju មុនចាប់ផ្ដើមរដូវកាលនេះ។

លោកបានចុះឈ្មោះចូលជាកីឡាករនៅក្នុងក្រុម Zibo នៅដើមរដូវកាល ដោយកាលនោះ បណ្ដាសារព័ត៌មាននៅប្រទេសចិន បានចុះផ្សាយថានៅពេលដែលលោកបានវិនិយោគលើវិស័យបាល់ទាត់ គឺដើម្បីបំពេញក្ដីស្រមៃរបស់លោកក្នុងការលេងបាល់ លោកនឹងមិនធ្វើឱ្យមានផលប៉ះពាល់ដល់ក្រុមឡើយ។

ដោយឡែករូបភាព និងវីដេអូកីឡាករដែលមានរូបរាងធាត់ ទម្ងន់ជាង១០០គីឡូក្រាម ស្លៀកពាក់ឈុតពណ៌ខៀវ មិនមានការជាប់ទាក់ទងជាមួយ Zibo Cuju នោះទេ។

កីឡាកររូបនេះឈ្មោះ Xu Guangnan ដែលលេងឱ្យក្លិប Jilin Baijia កាលពីខែកញ្ញា ឆ្នាំ២០១៩ ដែលជាក្លិបលោកកាន់កាប់នៅពេលនោះ។ ប៉ុន្ដែក្លិបនេះត្រូវបានរំសាយចោលទៅហើយ។

លោក Xu បានប្ដូរចូលនៅក្នុងវគ្គទី២ នៃការប្រកួតទល់នឹងក្រុម Xian Daxing Chongde ដែលជាប្រកួតចុងក្រោយនៃក្របខណ្ឌ  China League Two បន្ទាប់ពីពួកគេបានធ្លាក់ចេញពីលីគទៅហើយ។ ដូច្នេះអ្វីដែលបានបង្ហាញលើបណ្ដាញសង្គមកន្លងមក ជាព័ត៌មានក្លែងក្លាយយ៉ាងច្បាស់ក្រឡែត។

ព័ត៌មានប្រឌិតនេះត្រូវបានបង្កើតឡើងដោយអ្នកប្រើប្រាស់បណ្ដាញសង្គមនៅប្រទេសចិន ដែលមានការចែករំលែកតៗគ្នាជាច្រើន ដោយសារការគិតមិនល្អទៅលើម្ចាស់ក្លិបនៅក្នុងវិស័យបាល់ទាត់ប្រទេសចិន ដោយអ្នកខ្លះយល់ថា វាអាចជារឿងដែលគួរឱ្យចាប់អារម្មណ៍ជាពិសេសការអះអាងថា លោក He និង លោក Xu អាចជាឪពុកកូននិងគ្នា៕