Skip to content
ខ្សែការពារវិ.ប្ញស្សីកែវបារម្ភរឿងពីរនេះ ក្នុងការប៉ះវិ.ឥន្រ្ទទេវីប្រកួតក្រោយ
    ទំព័រដើម  »  កីឡាជាតិ

ខ្សែការពារវិ.ប្ញស្សីកែវបារម្ភរឿងពីរនេះ ក្នុងការប៉ះវិ.ឥន្រ្ទទេវីប្រកួតក្រោយ

ខ្សែការពារវិទ្យាល័យប្ញស្សីកែវ ម៉ន សុខទិគុណ សារភាពថាពិតជាបារម្ភចំពោះបញ្ហាពីរយ៉ាងសម្រាប់ការលេងទល់នឹងក្រុមខ្លាំងវិទ្យាល័យឥន្រ្ទទេវី។ ទីមួយបញ្ហាមិត្តរួមក្រុមឆាប់ឆេវឆាវលេងមិនសូវសហការគ្នា ពេលលេងក្រោមអាកាសធាតុក្តៅខ្លាំង និងទីពីរ បញ្ហាមិត្តរួមក្រុមខ្លះមិនបានចូលរួមហ្វឹកហាត់ដិតដល់ ព្រោះរវល់មើលមេរៀនត្រៀមប្រឡងបាក់ឌុបនាថ្ងៃខាងមុខ។

ក្រោយយកឈ្នះលើក្រុមវិទ្យាល័យពងទឹកក្នុងលទ្ធផល ៦-២ សប្តាហ៍ទី ១១ នៃពានរង្វាន់ AIA ជើងឯកវិទ្យាល័យ នៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២៣ នាទីលានច្បារអំពៅ យុវជនវ័យ ១៨ឆ្នាំរូបនេះ ថាទោះជាយ៉ាងណារូបគេនឹងខិតខំព្យាយាមជួយក្រុមឱ្យបានឈ្នះពានក្នុងរដូវកាលថ្មីនេះ ព្រោះធ្លាប់ខកចិត្តម្តងរួចមកហើយកាលពីរដូវកាលមុន។

“ពេលដែលអាកាសធាតុក្តៅខ្លាំងមិត្តរួមក្រុមខ្ញុំ ជ្រួល ឆេវឆាវ ចង់រកគ្រាប់បាល់ពេក និងបញ្ហាសមាជិកក្រុមមិនមកហាត់ជុំគ្នា ព្រោះពួកគេជាប់មើលមេរៀនប្រឡងបាក់ឌុប”។

ចប់សប្ដាហ៍ទី១១ ក្រុមវិទ្យាល័យប្ញស្សីកែវ មាន២៥ពិន្ទុ ពីការប្រកួត ៩ដងរបស់ខ្លួន ដោយគិតត្រឹម ៣ប្រកួតចុងក្រោយនេះពួកគេរក្សាកំណត់ត្រាមិនដែលចាញ់មករហូត។ ជាក់ស្តែងយកឈ្នះលើក្រុមវិទ្យាល័យកោះដាច់ ១៤-០, យកឈ្នះលើវិទ្យាល័យព្រែកលៀប ២-០ និងចុងក្រោយយកឈ្នះលើក្រុមវិទ្យាល័យ ពងទឹក ៦-២។

សូមរំលឹកផងដែរ ជំនួបរវាងក្រុមវិទ្យាល័យប្ញស្សីកែវ និងក្រុមវិទ្យាល័យឥន្រ្ទទេវី គឺជាការប្រកួតបង្គប់កិច្ចនៃប្រកួតសប្តាហ៍ទី៦ ដែលត្រូវបានលើកពេល សម្រាប់កាលបរិច្ឆេទថ្មីគណៈកម្មការនឹងជម្រាបជូនតាមក្រោយ៕