Skip to content
ខាំ ខ្លានាង មិន​ហ៊ាននិយាយពីលទ្ធផលតែប្ដេជ្ញាខ្ពស់ក្នុងការ​ប៉ះ សែន រ៉ាដេត
    ទំព័រដើម  »  កីឡាជាតិ  »  ប្រដាល់

ខាំ ខ្លានាង មិន​ហ៊ាននិយាយពីលទ្ធផលតែប្ដេជ្ញាខ្ពស់ក្នុងការ​ប៉ះ សែន រ៉ាដេត

បន្ទាប់​ពី​បាត់​មុខ​មួយរយៈចុង​ក្រោយ​ ដោយសារ​ចាប់​គូ​មិន​បាន​ប្រកួតសោះ​ ខាំ ខ្លានាង​ កំពុង​​ប្រមូល​ការ​ចាប់​អាម្មណ៍បំផុត ​គ្រប់ទិសទី​ក្នុង​ស្រទាប់​អ្នក​និយម​គុនខ្មែរ ដោយ​ការ​ត្រៀម​តទល់​​ ជើង​ខ្លាំង សែន រ៉ាដេត នៅ​ពាក់​កណ្ដាល​ខែ​តុលានេះ​។ ត្រូវ​បាន​អ្នក​គាំទ្រ​មួយ​ចំនួន​ ឲ្យ​រហស្សនាមថា អ្នក​ប្រយុទ្ធ​ចិត្ត​ស្លុយ ដ៏អង់អាច ខ្លានាង បាន​បង្ហាញ​អារម្មណ៍ មក AMS Sports សម្រាប់​ការ​ប្រកួត​នេះថា ជាការ​ទន្ទឹងចាំ​ដ៏រីករាយ។

អ្នកប្រយុទ្ធ​ដែល​មួយ​ប្រកួត​ណាក៏​កក្រើក រៀបរាប់​ថា​រីក​រាយ ព្រោះជា​ឱកាសជួប​ដៃ​គូ ជា​បុគ្គលដ៏​មាន​កេរ្តិ៍ឈ្មោះ។ លើសពី​នេះ វាក៏​ជា​ការ​វិល​ត្រលប់​មក​កាន់​សង្វៀន អាច​រក​កម្រៃ​ឡើង​វិញ​បាន ក្រោយ​គ្មាន​ការ​ប្រកួត​ជា​ច្រើន​សប្ដាហ៍​សប្ដាហ៍។

ខាំ ខ្លានាង លើក​ឡើង​ថា៖ «ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​បង បាន​វ៉ៃ​ជាមួ​យ​គាត់ ណាមួយ​ខ្ញុំ​ខានប្រកួត​យូរ​ហើយ។ អញ្ចឹង​បាន​វ៉ៃ​ជាមួយគាត់ជាអ្នកល្បី ហើយក៏​ខ្ញុំ​អាច​បញ្ចេញ​កម្លាំង​រក​កម្រៃវិញផងដែរ»។

ជឿជាក់​សមត្ថាពខ្លួន និង​ ប្ដេជ្ញា​ប្រឹងប្រែងឲ្យអស់​អ្វីដែលខ្លួនមាន​​​ តែ​ខាំ​ ខ្លានាង ក៏​បារម្ភណាស់ពីការ​ភាព​ខ្លាំង​របស់ រ៉ាដេត។

«ប្រកួតជាមួយ រ៉ាដេត ខ្ញុំ​មិន​ហ៊ាន​និយាយ​បែប​ទេ ព្រោះគាត់ជាកីឡាករល្អ តែ​ខ្ញុំ​នឹង​ប្រឹងប្រែង​បំផុត»។ ខាំ ខ្លានាង និយាយ​បន្ថែម​អំពី​ការ​ប្រកួត​។

ជា​បេក្ខភាព​ម្នាក់​ក្នុង​ក្រុម​ជម្រើសជាតិគុនខ្មែរ សម្រាប់​ការ​ប្រមូល​ផ្ដុំ​ឆ្នាំ​២០២០​នេះ ខាំ ខ្លានាង​ ដែល​ប្រមាណ​៣០​ប្រកួត​ចុង​ក្រោយ ​មិន​ដែល​ចាញ់ នឹងប៉ះគ្នា​ជាមួយ ជើងខ្លាំង​សាច់​សល្អគ្រប់ក្បាច់ សែន​ រ៉ាដេត នៅ​ថ្ងៃ ១៨​តុលា​ខាង​មុខ។ នេះ​ក៏ជាការ​បង្ហាញ​មុខ​ដំបូង​ឡើង​វិញ របស់​អ្នកប្រយុទ្ធមក​ពី កោះកុង សែន រ៉ាដេត ក្រោយ​សម្រាក​ពីសង្វៀន​តាំង​ពី​ក្រោយ​ផ្ទុះកូវីដ៕