Skip to content
កីឡាករ៥នាក់ដែលផ្ទេរទៅចូលរួមក្លិបគូប្រជែងរួចហើយលើកពានលីគ
    ទំព័រដើម  »  កីឡាជាតិ

កីឡាករ៥នាក់ដែលផ្ទេរទៅចូលរួមក្លិបគូប្រជែងរួចហើយលើកពានលីគ

Atletico Madrid ទើប​តែ​ឈ្នះ​ជើងឯក La Liga ជា​លើក​ដំបូង​តាំង​ពី​​ឆ្នាំ​២០១៤ ដោយ​បញ្ចប់​រដូវ​កាល​២០២០-២១​នៅ​លើ Real Madrid ២​ពិន្ទុ និង​លើ Barcelona ៧​ពិន្ទុ​។

ជោគជ័យ​របស់​ក្រុម​លោក Diego Simeone ​បាន​មក​​ពី​​ការ​រួម​ចំណែក​​​ធំ​​មិនអាច​មើល​រំលង​បាន​​ដោយ​ខ្សែ​ប្រយុទ្ធ​អ៊ុយរុយហ្គាយ​វ័យ​៣៤​ឆ្នាំ Luis Suarez​។ Suarez រកបាន​២១​គ្រាប់​ក្នុង​រដូវកាល​២០២០-២១​សម្រាប់ Atletico ក្រោយ​ចុះ​កិច្ចសន្យា​២​ឆ្នាំ​ជាមួយ​ក្លិប បន្ទាប់​ពី​ Barcelona លែង​ត្រូវ​ការ​។

ករណី​ដូច​ខាង​លើនេះ​បានកើត​ឡើង​ម្ដង​ដែរ​ក្នុង​រដូវ​កាល​២០១៣-១៤​។ David Villa បាន​ចាកចេញពី Barcelona ក្រោយ​រួម​រស់​៣​រដូវកាល មក​ចូល​រួម Atletico។ Villa ​បាន​រួម​ចំណែក​ជួយ Atletico គ្រង​ជើងឯក La Liga ក្នុង​រដូវកាល​តែ​មួយ​គត់​របស់​គេ​នៅ​​ក្លិប​នេះ​។ ​កាលណោះ​ Villa លើក​ពាន La Liga នៅ​ទឹកដី Barcelona ​តែ​ម្ដង​នា​ថ្ងៃ​បិទ​រដូវកាល​។
ប៉ុន្តែ​ពុំ​មែន​តែ Villa និង Suarez ទេ​ដែល​បានផ្ទេរ​ពី​ក្លិប​មួយ​ទៅ​ចូល​រួម​ក្លិប​គូ​ប្រជែង រួច​ហើយ​ជួយ​ក្រុម​ថ្មី​នោះ​លើកពាន​លីគ​។ Andrea Pirlo និង Gonzalo Higuain បាន​ធ្វើ​រឿង​ស្រដៀង​គ្នា​នេះ​ដែរ ប៉ុន្តែ​ AMS Sports សូម​បង្ហាញ​ជូន​កីឡាករ​និង​អតីត​កីឡាករ​​៥​នាក់​ផ្សេង​ទៀត​ដែល​បាន​ធ្វើ​ដូច Villa និង Suarez​។

Johan Cruyff

អាច​មាន​អ្នក​ភ្លេច​ថា​លោក Johan Cruyff ធ្លាប់​លេង​ឱ្យ Feyenoord ដែរ ព្រោះ​អី​លោក​ល្បីល្បាញ​ខ្លាំង​នៅ Ajax និង Barcelona។ ក្នុង​ឆ្នាំ​ចុង​ៗ​ក្រោយ​នៃ​អាជីព​ លោក​បាន​ត្រលប់​មក​ហុល្លង់​វិញ​ហើយ​លេង​ឱ្យ Ajax ជា​លើក​ទី​២​ក្នុង​ឆ្នាំ​១៩៨១​។ នៅ​ឆ្នាំ​១៩៨៣ បន្ទាប់​ពី​មិន​ត្រូវ​រ៉ូវ​លក្ខខណ្ឌ​គ្នា​ជាមួយ Ajax ដើម្បី​បន្ត​កិច្ចសន្យា​ថ្មី​ លោក​បាន​សម្រេច​ចិត្ត​ទៅ​ចូល​រួម Feyenoord ក្នុង​រដូវកាល​១៩៨៣-៨៤ ហើយ​រួម​ចំណែក​ជួយ​​គូ​ប្រជែង​មួយនេះ​ឈ្នះ​ជើងឯក​លីគ​ជា​លើក​ដំបូង​ក្នុង​ពេល​១០​ឆ្នាំ និង​ថែម​ទាំង​ឈ្នះ​ពាន KNVB Cup ទៀត​ផង រួច​ហើយ​លោក​បាន​សម្រេច​ចិត្ត​​ព្យួរ​ស្បែក​ជើង​តែ​ម្ដង​​។

Rio Ferdinand

កាល​ពី​​ចុង​ទសវត្សរ៍​១៩៩០ Rio Ferdinand ជា​កីឡាករ​វ័យ​ក្មេង​ដែល​គេ​ចង់​បាន​បំផុតម្នាក់​ក្នុង​បាល់ទាត់​អង់គ្លេស ហើយ​គេ​កើន​សមត្ថភាព​មួយ​កម្រិត​ទៀត​នៅ​ពេល​ចេញពី West Ham United ទៅ​ចូល​រួម Leeds United​ ក្នុង​ឆ្នាំ​២០០០ ក្នុងតម្លៃ​១៨​លានផោន ដែល​ជា​តម្លៃ​ផ្ទេរ​ថ្លៃ​បំផុត​ក្នុង​ចក្រភព​អង់គ្លេស​កាលណោះ និងជា​តម្លៃ​​ឯតទគ្គកម្ម​ពិភពលោក​សម្រាប់​ខ្សែ​ការពារ​​។ ក្នុង​ឆ្នាំ​២០០២ Ferdinand បាន​ផ្ទេរ​ទៅ​ចូល​រួម​គូ​ប្រជែង​ស្រួចស្រាល់​បំផុត​របស់ Leeds គឺ Manchester United ក្នុង​​តម្លៃ​ផ្ទេរ​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​កីឡាករ​អង់គ្លេស និង​ជា​តម្លៃ​ឯតទគ្គកម្ម​ពិភពលោក​លើក​ទី​២​សម្រាប់​ខ្សែ​ការពារ (៣៣,៣​លាន​ផោន)​។ Ferdinand បាន​ឈ្នះ​ពាន​រង្វាន់​ធំ​ៗ​​យ៉ាង​ច្រើន​នៅ Man Utd រួម​ទាំង​ Premier League ៦​ដង​ផង​ដែរ​។

Luis Figo

ករណី​គួរ​ឱ្យ​ចងចាំ​ជាង​គេ​នៃ​កីឡាករ​ដែល​ផ្ទេរ​ទៅ​ចូល​រួម​ក្លិប​គូ​ប្រជែង​ស៊ីសាច់ហុត​ឈាម គឺ Luis Figo ដែល​ផ្លាស់​ពី Barcelona ទៅ Real Madrid យ៉ាង​ចម្រូង​ចម្រាស​ក្នុងឆ្នាំ​២០០០ បន្ទាប់​ពី​លេង​ឱ្យ Barcelona ​៥​រដូវកាល​​។ ៥​ឆ្នាំ​នៅ Camp Nou អតីត​ប្រធាន​ក្រុមព័រទុយហ្គាល់​រូបនេះ​បាន​ឈ្នះ La Liga ​២​ដង, Copa del Rey ​២​ដង, Supercopa de Espana ១​ដង, UEFA Cup Winners’ Cup ១ដង និង UEFA Super Cup ១​ដង​។ ៥​ឆ្នាំ​បន្ទាប់​ជាមួយ Real Madrid លោក​ក៏​បាន​ឈ្នះ La Liga ​២​ដង​​ដូច​នៅ​ក្លិប​ចាស់​ដែរ តែ​រឹតតែ​ពិសេស​គឺ​បាន​ឈ្នះ​ពាន Champions League 2002។

Zlatan Ibrahimovic

Zlatan ​បាន​លេង​ឱ្យ​ក្លិប​ធំ​ៗ​ជា​ច្រើន​ក្នុង​អាជីព ពិសេស​គឺ​បានលេង​ឱ្យ​ក្លិប​ជោគជ័យ​បំផុត​ទាំង​៣​របស់​អ៊ីតាលី និងជា​គូ​ប្រជែង​ធំ​នឹង​គ្នា​ គឺ Juventus, Inter Milan និង AC Milan​។ ប៉ុន្តែ​ការ​ផ្ទេរ​របស់​គេ​ក្នុង​ឆ្នាំ​២០០៦​ពី Juventus ទៅ Inter ដែល​បង្ក​ភាព​ងឿងឆ្ងល់​ច្រើន​ជាង​គេ​។ និង​មួយ​ទៀត​គឺ​ការ​ចូល​រួម AC Milan ១​ឆ្នាំ​ក្រោយ​ចេញ​ពី Inter ទៅ​​លេង​ឱ្យ Barcelona បាន​មួយ​រដូវកាល​​។ Zlatan ​បាន​លើក​ពាន Serie A ​៣​ដង​​ជាប់​គ្នា​ជាមួយ Inter​។

Mario Gotze

ក្នុង​មួយ​ទសវត្សរ៍​ចុង​ក្រោយ ការ​យក​កីឡាករ​​ល្អ​ៗ​ពី Dortmund សឹង​ក្លាយ​ជា​ទម្លាប់​​របស់ Bayern Munich ​ទៅ​ហើយ ហើយ Mario Gotze ជា​ករណី​មួយ​ក្នុង​ចំណោម​នោះ​កាល​ពី​ឆ្នាំ​២០១៣។

កីឡាករ​ដែល​ដុះដាល​ចេញពី​ថ្នាល Dortmund ខាង​លើ បាន​ផ្ទេរ​យ៉ាង​ចម្រូង​ចម្រាស​ទៅ​ចូល​រួម Bayern និង​លេងនៅ​ទីនោះ​៣​រដូវកាល​ ហើយ​បាន​លើកពាន Bundesliga ៣​ដង​ជាប់​គ្នា, DFB Pokal ២ដង, UEFA Super Cup ១​ដង និង FIFA Club World Cup ១​ដង​។ គេ​បាន​វិល​មក Dortmund វិញ​ក្នុង​ឆ្នាំ​២០១៦ មុនទៅ​ចូល​រួម PSV ក្នុង​ឆ្នាំ​២០២០​។

ទាំង​​នេះ​ ជា​​ការ​ផ្ទេរ​​​​ទៅ​ចូល​រួម​ក្លិប​គូ​ប្រជែង​​យ៉ាង​ចម្រូង​ចម្រាស​៥​ករណី​​ពី​សំណាក់​កីឡាករ​ល្បី​ៗ​​រួច​ហើយ​ឈ្នះ​ជើងឯក​ជាមួយ​ក្លិប​ថ្មី​។ មិនមែន​មានន័យ​ថា​មាន​តែ​ប៉ុណ្ណឹង​នាក់​នោះទេ គឺ​នៅ​មាន​មួយ​ចំនួន​ទៀត ប៉ុន្តែ​ AMS Sports សូម​បង្ហាញ​ត្រឹម​៥​ករណី​ខាង​លើ​​​៕