នៅក្នុងកាលៈទេសៈដ៏លំបាកដែលមានផលប៉ះពាល់យ៉ាងខ្លាំងលើផ្នែកហិរញ្ញវត្ថុដោយសារការរាតដ្បាតនៃជំងឺកូវីដ១៩នេះ ទីផ្សារទិញដូរកីឡាកររដូវក្ដៅ២០២១ទំនងមិនសូវមានការផ្ទេរលុយធំទេ។ ផ្ទុយទៅវិញ មានការរំពឹងខ្ពស់ថានឹងកើនឡើងការដោះដូរកីឡាកររវាងគ្នានិងគ្នា ពិសេសការនាំចូលកីឡាករដែលនឹងផុតកិច្ចសន្យាពីក្លិបបច្ចុប្បន្ន ដោយពុំអស់តម្លៃផ្ទេរ។
ក្នុងចំណោមនោះ Barcelona ត្រូវបានរំពឹងទុកថានឹងប្រកាសពីការចូលរួមរបស់តារាជម្រើសជាតិអេស្ប៉ាញនិងអាហ្សង់ទីន២រូបឆាប់ៗ ខណៈតារាជម្រើសជាតិហុល្លង់២នាក់ផ្សេងទៀតទំនងមកដល់តាមក្រោយ នៅពេលកិច្ចសន្យាពួកគេបច្ចុប្បន្នអស់សុពលភាព។
Barcelona ត្រូវបានរំពឹងថានឹងប្រកាសនៅថ្ងៃអង្គារអំពីការចូលរួមរបស់ខ្សែការពារជម្រើសជាតិអេស្ប៉ាញ Eric Garcia និងខ្សែប្រយុទ្ធអាហ្សង់ទីន Sergio Aguero ដែលអ្នកទាំង២នឹងផុតកិច្ចសន្យាជាមួយ Man City នៅដំណាច់ខែមិថុនា។ Man City ក៏បានប្រកាសរួចហើយដែរអំពីការចែកផ្លូវជាមួយកីឡាករទាំង២រូបនេះ ក្រោយចប់រដូវកាល២០២០-២១។
មួយទៀត ខ្សែបម្រើជម្រើសជាតិហុល្លង់ Georginio Wijnaldum នៅសល់កិច្ចសន្យាជាមួយ Liverpool តែ៣០ថ្ងៃទៀតប៉ុណ្ណោះ។
គេបានផ្ទេរពី Newcastle មក Anfield ក្នុងរដូវក្ដៅឆ្នាំ២០១៦ លើកិច្ចសន្យា៥ឆ្នាំ។ ចំណងផ្លូវច្បាប់មួយនេះនឹងអស់សុពលភាពត្រឹមថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២១នេះ ស្របពេលគ្មានដំណឹងអ្វីពីការតកិច្ចសន្យាថ្មីឡើយ។
អតីតសមាជិក Feyenoord និង PSV វ័យ៣០ឆ្នាំខាងលើ ត្រូវបានរំពឹងខ្ពស់ថានឹងទៅចូលរួម Barcelona លើកិច្ចសន្យាដល់ឆ្នាំ២០២៤។
ប៉ុន្តែមកទល់ពេលនេះមិនទាន់មានអ្វីផ្លូវការនៅឡើយទេ។ ទោះយ៉ាងណា Wijnaldum បាននិយាយនៅពេលទៅដល់ជំរំជម្រើសជាតិហុល្លង់មុនប្រកួត Euro 2020 ថា៖ «ខ្ញុំមិនអាចបដិសេធពាក្យអេចអូចនានាជាមួយ Barcelona បានទេ។ កិច្ចសន្យារបស់ខ្ញុំបច្ចុប្បន្នជិតចប់ ហើយវាជាស្ថានភាពគួរឱ្យចាប់អារម្មណ៍មួយសម្រាប់ក្លិបជាច្រើន»។
អនុប្រធានក្រុមហុល្លង់ខាងលើបានទៅដល់ជំរំជម្រើសជាតិរួមជាមួយខ្សែបម្រើ Frenkie de Jong របស់ Barcelona ហើយអ្នកទាំងពីរត្រូវបានស្វាគមន៍ដោយគ្រូបង្គោល Frank de Boer។
មានក្លិបជាច្រើនចង់បាន Wijnaldum ប៉ុន្តែមានការជឿជាក់មួយថា Wijnaldum បានសម្រេចចិត្តជ្រើសរើសយក Barcelona ដែលមានអតីតគ្រូបង្គោលហុល្លង់ Ronald Koeman ជាអ្នកចាត់ការ។
ដោយឡែក ខ្សែប្រយុទ្ធជម្រើសជាតិហុល្លង់ Memphis Depay ដែលនឹងផុតកិច្ចសន្យាជាមួយ Lyon ចុងខែមិថុនាដែរនោះ ក៏ត្រូវបានរំពឹងថាត្រៀមទៅចូលរួម Barcelona ដូចគ្នា៕