ខ្សែបម្រើប្រយុទ្ធ Kevin De Bruyne របស់ Manchester City រងរបួសបាក់ខ្ទង់ច្រមុះនិងត្របកភ្នែកអំឡុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ទល់ Chelsea កាលថ្ងៃទី២៩ខែឧសភាឆ្នាំ២០២១។
តារាជម្រើសជាតិបែលហ្ស៊ិកវ័យ២៩ឆ្នាំបានរបួសនៅពេលបុកផ្ទប់ជាមួយខ្សែការពារ Antonio Rudiger ហើយត្រូវបានប្ដូរចេញក្នុងនាទី៦០ ជំនួសដោយ Gabriel Jesus។
De Bruyne បានបង្ហោះសារលើ Twitter ថាគេមានអារម្មណ៍ថាលែងអីហើយពេលនេះ ប៉ុន្តែគេនៅខកចិត្តចំពោះលទ្ធផល UCL។
ចំណែកខ្សែការពារជម្រើសជាតិអាល្លឺម៉ង់ Rudiger បានបង្ហោះសារសូមទោសដែលធ្វើឱ្យ De Bruyne របួស ប៉ុន្តែគេបញ្ជាក់ថាគេគ្មានបំណងបង្ករបួសនោះទេ។ គេថាគេបានទាក់ទងគ្នាជាមួយ De Bruyne ផ្ទាល់រួចហើយនិងបានជូនពរខ្សែបម្រើរូបនេះឱ្យឆាប់សះស្បើយនិងត្រលប់មកទីលានវិញឆាប់ៗ។
សូមជម្រាបផងដែរថា De Bruyne ស្ថិតក្នុងបញ្ជីជម្រើសជាតិបែលហ្ស៊ិកសម្រាប់ Euro 2020។ បែលហ្ស៊ិកនឹងប្រកួតលើកដំបូងនៅថ្ងៃទី១២ខែមិថុនាទល់នឹងរុស្ស៊ី។ បែលហ្ស៊ិក ស្ថិតក្នុងពូល B ជាមួយ រុស្ស៊ី ដាណឺម៉ាក និង ហ្វាំងឡង់។
គេនៅមិនទាន់ប្រាកដនៅឡើយថាតើ De Bruyne អាច fit ទាន់ការប្រកួតនៅ St Petersburg ឬទេ៕