Ciro Immobile ហាក់មិនសូវទទួលបានការឱ្យតម្លៃខ្ពស់ប៉ុន្មានទេ ទាំងដែលតួលេខគ្រាប់បាល់បានបង្ហាញយ៉ាងច្បាស់ថាគេស្ថិតក្នុងចំណោមខ្សែប្រយុទ្ធលំដាប់កំពូលអឺរ៉ុប។
កីឡាករវ័យ៣១ឆ្នាំរូបនេះជាម្ចាស់ស្បែកជើងទ្វីបអឺរ៉ុបរដូវកាល២០១៩-២០ និងបានបង្ហាញគុណផលល្អយ៉ាងឋិតឋេរសម្រាប់ Lazio តាំងពីគេចូលរួមក្លិបនេះក្នុងឆ្នាំ២០១៦មក។
ក្នុងខែមេសាកន្លងទៅ Immobile រកបានគ្រាប់ទី១៥០ក្នុងក្របខណ្ឌ Serie A ហើយគេជាកីឡាករដែលប្រើពេលលឿនបំផុតទី៥ក្នុងប្រវត្តិសាស្ត្រលីគកំពូលអ៊ីតាលី ដើម្បីឈានដល់តួលេខមួយនេះ បន្ទាប់ពី Giuseppe Signori, Stefano Nyers, Giuseppe Meazza និង Gunnar Nordahl។ លើសពីនេះ អតីតយុវជន Juventus ដដែល អាស៊ីស៤២គ្រាប់ថែមទៀតក្នុងការបង្ហាញខ្លួនសរុប២១៨លើកសម្រាប់ Lazio។
តាំងពីគេចូលរួម Lazio ក្នុងរដូវកាល២០១៦-១៧មក មានតែ Robert Lewandowski, Cristiano Ronaldo, Harry Kane និង Kylian Mbappe ប៉ុណ្ណោះដែលរកបានគ្រាប់បាល់ក្នុងលីគច្រើនជាង Immobile ក្នុងចំណោមកីឡាករលេងនៅលីគធំបំផុតទាំង៥របស់អឺរ៉ុប។
គិតតែក្នុងរដូវកាល២០២០-២១កន្លងទៅ Immobile រកបាន២៥គ្រាប់និងអាស៊ីស៨គ្រាប់ពីការចូលលេង៤១លើកសម្រាប់ Lazio។
ប៉ុន្តែពិតណាស់ថានៅតែមានអ្នកមន្ទិលលើសមត្ថភាពរបស់គេ។ កីឡាករដែលកើតនៅទីក្រុង Naples រូបនេះមានវេលាមិនសមប្រកបឡើយនៅ Dortmund ក្នុងរដូវកាល២០១៤-១៥ និង Sevilla រដូវកាល២០១៥-១៦ ប៉ុន្តែមើលទៅលើការបង្ហាញរបស់គេនៅក្លិបបរទេសទាំង២នេះក៏មិនអាចនិយាយបានថាគេបរាជ័យទាំងស្រុងដែរ។
នៅក្នុងប្រទេសអ៊ីតាលីក៏មានអ្នករិះគន់ចំពោះគុណផលរបស់ Immobile សម្រាប់ជម្រើសជាតិ ដែលគេជាប់ក្រុមធំតាំងពី២០១៤ កាលផ្ដើមឡើងកូដខ្លាំងនៅ Torino រដូវកាល២០១៣-១៤ បន្ទាប់ពីលេងឱ្យ Genoa ក្នុងរដូវកាល២០១២-១៣។ តាំងពីខែមីនា២០១៤មកទល់ពេលនេះ Immobile ចូលលេងឱ្យអ៊ីតាលី៤៦លើក រកបាន១៣គ្រាប់។ ម្រាមដៃជាច្រើនចង្អុលដាក់បន្ទុកលើ Immobile ខណៈរបៀបលេងរបស់ជម្រើសជាតិអ៊ីតាលីខុសគ្នាខ្លាំងពីរបៀបលេងរបស់ Lazio ដែលផ្ដល់សេរីភាពច្រើនជាងឱ្យគេក្នុងការធ្វើការពីក្រៅប្រអប់។
អ្នកអត្ថាធិប្បាយមួយចំនួនហៅ Immobile ជារឿយៗថាជាខ្សែប្រយុទ្ធក្នុងប្រអប់ប៉េណាល់ទី ប៉ុន្តែ Immobile បានចាយពេលយ៉ាងច្រើនក្នុងការប្រកួតបែរខ្នងទៅទីដើម្បីរក្សាបាល់ទុកបញ្ជូនឱ្យមិត្តរួមក្រុម និងព្យាយាមបើកតំបន់ឱ្យទូលាយសម្រាប់មិត្តរួមក្រុមឡើងមកឆក់ឱកាសរកគ្រាប់បាល់។
ស្របពេល អ៊ីតាលី ត្រូវបើកឆាក Euro 2020 ពូល A ទល់នឹង តួកគី លើទឹកដីខ្លួនឯងនៅកីឡដ្ឋាន Stadio Olimpico នាថ្ងៃទី១១ខែមិថុនាផងនោះ Immobile មុខជាត្រូវរែកអម្រែកធ្ងន់ក្នុងការរកគ្រាប់បាល់សម្រាប់ប្រទេស។ ប៉ុន្តែគ្រូបង្គោល Roberto Mancini ក៏នឹងត្រូវរកវិធីច្នៃយ៉ាងណាឱ្យ Immobile បានលេងដល់សក្ដានុពលរបស់គេផងដែរ។
ដោយឡែក សូមជម្រាបថា Immobile បានផ្ដើមអាជីពនៅ Juventus ក្នុងឆ្នាំ២០០៩ ប៉ុន្តែពុំសូវមានឱកាសលេងឡើយ ហើយត្រូវបានបញ្ចេញឱ្យ Siena, Grosseto និង Pescara ខ្ចីជាបន្តបន្ទាប់ មុនពេលចេញពី Juventus ជាអចិន្ត្រៃយ៍ក្នុងឆ្នាំ២០១២ ទៅចូលរួម Genoa។ គេបានលេងឱ្យ Genoa ១រដូវកាល រួចបានចេញទៅ Torino។ លេង១រដូវកាលហើយក៏ប្ដូរក្លិបទៀត ទៅ Dortmund។ លេងលីគអាល្លឺម៉ង់បាន១រដូវកាល គេក៏ប្ដូរក្លិបទៀតដោយផ្លាស់ទៅអេស្ប៉ាញ ចូលរួម Sevilla ក្នុងរដូវក្ដៅ២០១៥។ នៅខែមករាឆ្នាំ២០១៦ គេត្រូវបាន Sevilla បញ្ចេញឱ្យ Torino ខ្ចីដល់ចប់រដូវកាល មុនមករួមរស់ជាប់លាប់ជាមួយ Lazio តាំងពីខែកក្កដាឆ្នាំ២០១៦មកទល់សព្វថ្ងៃ៕