ទោះបីលើកពេល១ឆ្នាំមកធ្វើក្នុងឆ្នាំ២០២១មែនក្ដី ប៉ុន្តែ Euro 2020 នៅតែរក្សាឈ្មោះដដែល។ ខណៈព្រឹត្តិការណ៍បាល់ទាត់ជម្រើសជាតិធំបំផុតរបស់អឹរ៉ុបមួយនេះនឹងចាប់ផ្ដើមជាផ្លូវការនៅថ្ងៃសុក្រទី១១ខែមិថុនា ក្ដីរំភើបបាននិងកំពុងកើតឡើងបណ្ដើរៗហើយជុំវិញពានរង្វាន់មួយនេះ។
កីឡាករបាល់ទាត់ដែលកំពុងមានគុណផលល្អៗបំផុតត្រូវបានបញ្ចូលឈ្មោះក្នុងបញ្ជីជម្រើសជាតិនៃក្រុមទាំង២៤ដែលជាប់មកលេងជុំផ្ដាច់ព្រ័ត្រ។ ក្នុងចំណោមកីឡាករទាំងនោះ មានតារាវ័យក្មេងជាច្រើននាក់ផងដែរ។ ប៉ុន្តែនៅពេលនេះ AMS Sports សូមបង្ហាញជូនកីឡាករវ័យក្មេងលេចធ្លោជាងគេ៥រូបដែលលោកអ្នកគួរតាមដានក្នុងព្រឹត្តិការណ៍ Euro 2020។
-ខ្សែបម្រើកណ្ដាលអេស្ប៉ាញវ័យ១៨ឆ្នាំ Pedri
Pedri ទើបតែចូលលេងក្នុងក្រុមធំ Barcelona ក្នុងរដូវកាល២០២០-២១ប៉ុណ្ណោះ ប៉ុន្តែក្រោមការដឹកនាំដោយគ្រូបង្វឹក Ronald Koeman អតីតយុវជន Las Palmas រូបនេះទទួលបានឱកាសចូលលេងយ៉ាងទៀងទាត់។ គេត្រូវបានប្រៀបធៀបថាមានរបៀបលេងលំនាំ Andres Iniesta តាមរយៈចក្ខុវិស័យដ៏មិនគួរឱ្យជឿនិងការចេះមើលស្ថានភាពទុកមុនយ៉ាងពិសេសរបស់គេនៅលើទីលាន។
-ខ្សែបម្រើកណ្ដាលអង់គ្លេសវ័យ១៧ឆ្នាំ Jude Bellingham
កីឡាករវ័យក្មេងរូបនេះមានរដូវកាលដ៏លេចធ្លោនៅ Bundesliga ក្នុងឆ្នាំដំបូងរបស់គេជាមួយ Borussia Dortmund ក្រោយផ្ទេរពី Birmingham City ក្នុងខែកក្កដាឆ្នាំ២០២០។ ថ្វីបើអាយុនៅតិចណាស់ក្ដី តែទេពកោស្យរបស់គេមិនធម្មតាឡើយ ដូចដែលគេបានបង្ហាញរួចជាស្រេចក្នុងរដូវកាលមុន រហូតជាប់ជម្រើសជាតិក្រុមធំអង់គ្លេសក្នុងខែវិច្ឆិកាឆ្នាំ២០២០។ លោក Gareth Southgate បានជម្រុះកីឡាករដែលមានបទពិសោធមួយចំនួនចេញពីបញ្ជី២៦នាក់ចុងក្រោយ តែមិនចោលឡើយ Bellingham សម្រាប់ទៅលេង Euro ឆ្នាំនេះ។ ខណៈមានក្ដីបារម្ភជុំវិញបញ្ហាកាយសម្បទា(fitness)របស់ Jordan Henderson, Bellingham កំពុងស្ថិតក្នុងការប្រជែងដណ្ដើមកៅអី១១នាក់ដំបូងក្នុងក្រុមតោកំណាចអង់គ្លេស។ គេបានបង្ហាញគុណផលដ៏ទាក់ភ្នែកអំឡុងពេលអង់គ្លេសឈ្នះអូទ្រីស១-០ក្នុងជំនួបមិត្តភាពកម្ដៅសាច់ដុំ ដែលជាចូលលេងក្នុងក្រុមធំលើកទី៣របស់តារាវ័យក្មេងរូបនេះ។
-ខ្សែប្រយុទ្ធស្លាបអ៊ីតាលីវ័យ២៣ឆ្នាំ Federico Chiesa
Chiesa ជាប់ជម្រើសជាតិក្រុមធំអ៊ីតាលីតាំងពី២០១៨ គឺតាំងពីពេលគេមានវ័យ២០ឆ្នាំ។ ប៉ុន្តែគេបានផ្ដើមលេងក្នុងក្រុមធំ Fiorentina ក្នុងក្របខណ្ឌ Serie A តាំងពីអាយុ១៨ឆ្នាំ។ ភាពរីកចម្រើនរបស់គេបានទាក់ចិត្ត Juventus ឱ្យយករូបគេមករួមក្រុមលើកិច្ចសន្យាខ្ចី២រដូវកាល អមដោយជម្រើសទិញផ្ដាច់ក្នុងតម្លៃដែលអាចកើនដល់៥០លានអឺរ៉ូ។ រដូវកាល២០២០-២១ដែលជាឆ្នាំដំបូងនៃការរួមរស់របស់ Chiesa នៅក្លិបសេះបង្កង់ គេជាកីឡាករលេចធ្លោជាងគេម្នាក់ក្នុងរដូវកាលមិនសូវកាក់កបរបស់ Juventus។ គេរកបាន១៣គ្រាប់និងអាស៊ីស (assist) ១០គ្រាប់សម្រាប់ក្រុមលោក Andre Pirlo ស្របពេលគេកសាងខ្លួនឯងក្លាយជាកីឡាករវ័យក្មេងល្អបំផុតម្នាក់ក្នុងទ្វីបអឺរ៉ុប។ Chiesa ជាសមាជិកសំខាន់ម្នាក់ក្នុងក្រុមអ៊ីតាលីរបស់លោក Roberto Mancini ហើយគេនឹងបន្តរ៉ាប់រងការងារធំក្នុងក្រុមជាបន្តទៀតក្នុង Euro 2020 រដូវក្ដៅនេះ។
-ខ្សែបម្រើហុល្លង់វ័យ១៩ឆ្នាំ Ryan Gravenberch
តាំងពីក្លាយជាកីឡាករក្មេងបំផុតក្នុងប្រវត្តិសាស្ត្រ Ajax ដែលបានចូលលេងក្រុមធំក្នុងវ័យ១៦ឆ្នាំកាលពីឆ្នាំ២០១៨មក Ryan Gravenberch រីកចម្រើនឡើងៗពីមួយពេលទៅមួយពេលទាំងសម្រាប់ក្លិបនិងប្រទេសរបស់គេ។ Gravenberch លេងបម្រើកណ្ដាលក៏បាន ប៉ុន្តែតួនាទីស័ក្ដិសមបំផុតសម្រាប់គេគឺតំណែងលេខ១០ (បម្រើប្រយុទ្ធ)។ គេជាផ្នែកមួយដ៏សំខាន់ដែលបានរួមចំណែកជួយ Ajax គ្រងជើងឯក Eredivisie រដូវកាលមុន។ កីឡាករដែលដុះដាលចេញពីថ្នាល Ajax ផ្ទាល់រូបនេះជាប់ជម្រើសជាតិហុល្លង់តាំងពី U16 ក្នុងឆ្នាំ២០១៧ និងលេងច្រើនកម្រិតយុវជនជាបន្តបន្ទាប់រហូតជាប់ក្រុមធំក្នុងខែវិច្ឆិកាឆ្នាំ២០២០។ គេបានចូលលេងក្នុងក្រុមធំហុល្លង់លើកដំបូងក្នុងខែមីនាឆ្នាំ២០២១ ក្នុងវគ្គជម្រុះ World Cup 2022 ទល់នឹង តួកគី។ មកទល់ពេលនេះ គេលេងឱ្យហុល្លង់បាន៥លើក ស៊ុតចូល១គ្រាប់។
-ខ្សែប្រយុទ្ធស្លាបឆេកវ័យ១៨ឆ្នាំ Adam Hlozek
Adam Hlozek ផ្ដើមលេងបាល់ទាត់អាជីពក្នុងក្រុមធំតាំងពីអាយុ១៦ឆ្នាំ៣ខែនិង៦ថ្ងៃ ដែលធ្វើឱ្យគេក្លាយជាកីឡាករក្មេងបំផុតក្នុងប្រវត្តិសាស្ត្រ Sparta Prague ដែលបានចូលលេងលីគកំពូល។ តែរដូវកាល២០២០-២១ជារដូវកាលដែលគេរះឡើងខ្លាំងក្នុងបាល់ទាត់អឺរ៉ុប ដោយរកបាន១៥គ្រាប់ពីការចូលលេង១៩លើកក្នុង Fortuna Liga ហើយត្រូវបានប្រៀបធៀបទៅនឹង legend របស់ឆេកដូចជា Tomas Rosicky និង Pavel Nedved។ ជាកីឡាករដែលជាប់ជម្រើសជាតិយុវជនឆេកតាំងពីU15 Hlozek ផ្ដើមទទួលបានការកោះហៅចូលក្រុមធំជម្រើសជាតិលើកដំបូងក្នុងឆ្នាំ២០២០ ហើយត្រូវបានដាក់ឱ្យចូលលេងទល់នឹង ស្លូវ៉ាគី ក្នុងពាន UEFA Nations League ថ្ងៃទី៤កញ្ញាឆ្នាំមុន។ មកទល់ពេលនេះគេលេងឱ្យឆេកបាន២លើកហើយ៕