James Rodriguez បានបង្ហាញគុណផលលេចធ្លោខ្លាំងនៅ Premier League ក្រោយចាកចេញពី Real Madrid ទៅចូលរួមជាមួយ Everton។
ក្រោមការដឹកនាំរបស់លោក Carlo Ancelotti នៅទឹកដី Goodison Park ខ្សែបម្រើកូឡុំប៊ីរូបនេះ ចាប់ផ្ដើមបង្ហាញគុណផលល្អវិញ ដែលជាផ្នែកមួយជួយឱ្យក្រុម Everton បានឈរនៅកំពូលតារាង Premier League។
ហើយសារព័ត៌មានអេស្ប៉ាញ MARCA បានបង្ហាញហេតុ៥យ៉ាង ដែលនាំឱ្យ James នៅ Everton ខុសពី James នៅ Real Madrid។
១. ទំនុកចិត្ដរបស់លោក Ancelotti
អ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះ បានបង្ហាញទំនុកចិត្តទៅលើ James នៅរដូវក្ដៅនេះ បើទោះបីជារូបគេសឹងតែមិនទទួលបានឱកាសចូលលេង នៅអេស្ប៉ាញទាល់តែសោះ។
ម្ចាស់ពានស្បែកជើងមាស World Cup 2014 ត្រូវបានផ្ដល់នូវទំនួលខុសត្រូវក្នុងការនាំមុខមិត្តរួមក្រុម បង្កើតឱកាសរកគ្រាប់បាល់។
២. កីឡាករម្នាក់ដែលមានសមត្ថភាពខ្ពស់
មិនមានកីឡាករច្រើនរូប ដែលមានគុណភាពដូច James នោះទេ នៅ Premier League។ អតីតខ្សែបម្រើ Real Madrid លេងនៅស្លាបខាងឆ្វេងសម្រាប់ Everton ប៉ុន្ដែរូបគេតែងតែនាំយកបាល់ចូលទៅក្នុង ដើម្បីជួយកីឡាករនៅតំបន់ប្រយុទ្ធ។
៣. ការទទួលបានការគាំទ្រពីមិត្តរួមក្រុម
ចាប់តាំងពីផ្ទេរមកទីក្រុង Merseyside ខ្សែបម្រើវ័យ២៩ឆ្នាំ ហាក់មិនសូវទទួលបានទំនុកចិត្ត ថារូបគេអាចធ្វើឱ្យ Everton មានការផ្លាស់ប្ដូរច្រើនឡើយ។ ប៉ុន្ដែបន្ទាប់ពីបានបង្ហាញគុណផលល្អ ក្នុងការប្រកួតជាបន្ដបន្ទាប់ James មានអារម្មណ៍ថា ខ្លួនឯងជាកីឡាករសំខាន់មួយរូប ដែលមានការគាំទ្រពីសំណាក់មិត្តរួមក្រុម។
៤. ការវិវត្តនៅក្នុងក្រុម Everton
លោក Ancelotti បានដឹកនាំ Everton ឱ្យមានការវិវត្តបានល្អប្រសើរ ដោយបាននាំយក កីឡាករថ្មីលេងតំបន់បម្រើ ដើម្បីផ្លាស់ប្ដូររបៀបលេងរបស់ក្រុម។ James បានផ្លាស់មកចូលរួមជាមួយ Allan និង Abdoulaye Doucoure ហើយលទ្ធផលបានបង្ហាញដូចដែលយើងបានឃើញ គឺពួកគេទទួលបានជ័យជំនះ គ្រប់ការប្រកួតនៅរដូវកាលថ្មី។
៥. Yerry Mina
ខ្សែការពារ Yerry Mina ដែលជាមិត្តរួមក្រុមជម្រើសជាតិកូឡុំប៊ី គឺជាបុគ្គលសំខាន់មួយរូប ដែលជួយ James សម្របទៅនឹងការរស់នៅអង់គ្លេសបានឆាប់រហ័ស។ មានកីឡាករជាច្រើនរូប ដែលប្រើភាសាអេស្ប៉ាញ ជាមធ្យោបាយទំនាក់ទំនងនៅ Everton ដោយកីឡាករទាំងនោះរួមមាន Lucas Digne, Richarlison, Andres Gomes, Sandro និងគ្រូបង្វឹក Ancelotti៕