ជាង១ឆ្នាំមកហើយនៃការបង្ហាញមុខលើសង្វៀនលំដាប់កំពូល One លើកចុងក្រោយ។ កីឡាការិនីដ៏ឆ្នើម នៅ ស្រីពៅ ទំនងជាកំពុងត្រៀមខ្លួន ក្នុងការឈានជើងទៅកាន់សង្វៀនដ៏ធំ១ នៅក្នុងខែតុលានេះ ហើយនាងនឹងក្លាយជាអត្តពលិកកម្ពុជាដំបូងគេ ដែលនាំគុនខ្មែរទៅកាន់សង្វៀនអន្តរជាតិឡើងវិញ គិតតាំងពីក្រោយផ្ទុះកូវីដមក។
នៅ ស្រីពៅ នៅមិនទាន់មានការបញ្ចេញព័ត៌មានផ្លូវការនៅឡើយ តែគេជឿថា សង្វៀនដែលនាងត្រៀមបង្ហាញខ្លួន ទំនងជាសង្វៀនដ៏ធំ១ ចំណោមសង្វៀនលំដាប់កំពូលៗ ដែលកីឡាករខ្មែរធ្លាប់បង្ហាញខ្លួន។
ជានារីដ៏មានទេពកោសល្យ ដែលមានមូលដ្ឋានគុនខ្មែរ រួមនឹងប្រដាល់សកលដ៏ចំណាន ស្រីពៅ ក្នុងសប្ដាហ៍នេះ បានលេចមុខនៅក្នុងក្លិប ចំបាប់ជូជឺតស៊ូ ទំនើបមួយក្នុងរាជធានីភ្នំពេញ ដែលច្បាស់ណាស់ថាពេលនេះ នាងកំពុងពង្រឹងបច្ចេកទេសចម្បាំង MMA បន្ថែម ដែលនៅទីនោះ មានគ្រូបង្វឹកស្កុតឡែន Alan Mccune និង លោក ជា រិទ្ធ ជាក្រុមបង្វឹកបច្ចេកទេស។ នៅ ស្រីពៅ បង្ហាញមុខជាមួយអាវ One ដែលភាគរយខ្ពស់ណាស់ថា សង្វៀនដែលនាងត្រៀមជើងទៅកាន់ គឺសង្វៀនដ៏មានតម្លៃខ្លួនខ្ពស់មួយនេះ។
ជាង១សប្ដាហ៍មកហើយ នៅ ស្រីពៅ ត្រូវបានគាត់សំគាល់ថា កំពុងបង្កើនការហ្វឹកហ្វឺនយ៉ាងគំហុក។ ព័ត៌មានផ្លូវការនៃការប្រកួតរបស់នាង ទំនងនឹងត្រូវបញ្ចេញត្រឹមសប្ដាហ៍នេះ ខណៈដែលការប្រកួត រំពឹងនឹងធ្វើឡើងនៅខែតុលា ខាងមុខ។
នៅ ស្រីពៅ ជាកីឡាការិនិឆ្នើមមួយរូប ដែលកម្រចាញ់ណាស់ក្នុងការបង្ហាញខ្លួនទាំងសង្វៀនប្រដាល់ និង MMA ក្រៅស្រុក។ វត្តមានរបស់អតីតកម្មការិនីរោងចក្ររូបនេះក្នុងការប្រកួតក្រៅស្រុក ចុងក្រោយបំផុតគឺ ការតទល់ជាមួយ កីឡាការិនីជើងខ្លាំង ឥណ្ឌូណេស៊ី កាលឧសភា២០១៩៕