«ការប្រកួតជាមួយ ឃីម បូរ៉ា វាជាប្រកួតដ៏លំបាក វាមិនងាយស្រួលឡើយ។ បូរ៉ា ពេលនេះកំពុងឡើងជើង គេជាជើងខ្លាំង ដូច្នេះការប្រកួតនេះ វណ្ណថង នឹងពិបាក គឺមិនងាយស្រួលឡើយ»។ នេះការលើកឡើងរបស់លោក ឈុត សេរី ដែលជាគ្រូបង្វឹកនិងជាឪពុក ចំពោះការប្រឈមមុខរបស់ រាហ៊ូមាស ឈុត សេរីវណ្ណថង តទល់ជើងខ្លាំង ឃីម បូរ៉ា វគ្គជម្រុះខ្សែក្រវាត់ នៅ CNC។
អតីតកីឡាករជើងចាស់បន្ថែមថា ភាពខ្លាំងរបស់ ឃីម បូរ៉ា ជាឧបស័គ្គដ៏ធំ។ បន្ថែមលើនេះ ការត្រៀមខ្លួនរបស់កូនប្រុសលោក ក៏មិនបានពេញ១០០នោះដែរ។ «វណ្ណថង និយាយពីការត្រៀមខ្លួនមិនបានល្អពេញទេ ព្រោះភ្លៀងរហូត ពិបាកហាត់ និងរត់មិនកើត»។ លោក ឈុត សេរី បន្ថែមពីស្ថានភាពកូនខ្លួន។
យ៉ាងណាក្ដីបុរសជើងចាស់រូបនេះ ឲ្យដឹងថា ឈុត សេរីវណ្ណថង តាំងចិត្តខ្ពស់បំផុត ចំពោះការស្វែងរកជ័យជម្នះ បើទោះជាដឹងថានេះ ជាជំនួបដ៏លំបាកសម្រាប់ខ្លួន។ បញ្ចប់ការប្រកួតយ៉ាងស្វិតស្វាញបំផុត ក្នុងការប៉ះគ្នាលើកចុងក្រោយកាលខែកញ្ញា លោក ឈុត សេរី យល់ថាវគ្គខ្សែក្រវាត់នេះ នឹងក្លាយជាការប្រកួតដែលកាន់តែក្ដៅសម្រាប់ពួកគេ នៅថ្ងៃសៅរ៍សប្ដាហ៍នេះ។
មុនប៉ះគ្នាលើកនេះ ឈុត សេរីវណ្ណវថង និង ឃីមបូរ៉ា បានស្មើពិន្ទុគ្នា ក្រោយបញ្ចប់៥ទឹកពេញ ក្នុងការជួបគ្នាលើកចុងក្រោយកាលពាក់កណ្ដាលខែកញ្ញា លើសង្វៀន ឯកភ្នំ ខេត្តបាត់ដំបង៕