«ខ្ញុំធ្លាប់ជួបអ្នកល្អកែងច្រើនហើយ ខ្ញុំមិនខ្លាចទេ…។ ខ្ញុំដឹងថា ខេវិន គាត់វ៉ៃប្ដូរ គឺគាត់ប្រើអាវុធវ៉ៃប្ដូរ ដើម្បីឲ្យខ្ញុំភ្លាត់សន្លប់ តែខ្ញុំតាំងចិត្តមិនខ្លាច និងតាំងចិត្តឈរវ៉ៃ»។ នេះជាការរៀបរាប់របស់ លន បញ្ញា ទៅកាន់សំណួរពិធីករ ក្រោយឈ្នះ សូត្រ ខេវិន គ្រងខ្សែក្រវាត់ស្រាបៀកម្ពុជា នៅព្រឹកថ្ងៃសៅរ៍នេះ។
ក្នុងការប្រកួតនេះ បើក្រឡេកទៅ សូត្រ ខេវិន វិញ បានចេញច្រើនណាស់នូវស្នៀតធាក់ រួមនឹងការវាយកែងសន្ធប់លើ លន បញ្ញា នៅ៣ទឹកដំបូង ប៉ុន្តែក្នុងការប្រកួតនេះ រូបគេបានសារភាពថា ធ្លាក់ចុះកម្លាំងខ្លាំងនៅ ២ទឹកចុងក្រោយ ដោយត្រូវប្ដូរយុទ្ធសាស្ត្រទប់ទល់វិញ រហូតឲ្យ លន បញ្ញា មានឱកាសដាក់សម្ពាធបក។
«តាំងពីទឹក១ គឺខ្ញុំវ៉ៃប្ដូរពេក ដល់ទឹក៤ ទឹក៥ខ្ញុំក៏អស់ ចឹងខ្ញុំក៏វ៉ៃទប់ៗវិញ។ ការប្រកួតនេះ ខ្ញុំទទួលស្គាល់ថាផ្ដល់ពិន្ទុល្អ យុត្តិធម៌។ បាទ! ខ្ញុំទទួលស្គាល់» នេះជាការរៀបរាប់របស់ សូត្រ ខេវិន។
ខ្សែក្រវាត់ស្រាបៀកម្ពុជា អមដោយប្រាក់រង្វាន់៦ពាន់ដុល្លារ គឺជាខ្សែក្រវាត់ទី ៣ហើយ របស់ កីឡាករមកពីព្រៃវែង លន បញ្ញា បន្ទាប់ពីកូនសិស្សលោក ធន់ សុភា រូបនេះធ្លាប់ឈ្នះ ខ្សែក្រវាត់ប្រាក់ និង ភេសជ្ជៈវើក កាល២០១៩៕