ខ្សែប្រយុទ្ធវ័យក្មេង ម៉ាត់ នូរុណ របស់ក្លិបបឹងកេត បានជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំខែកញ្ញា នៅក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ហើយវាជាលើកទី២ដែលរូបគេទទួលបាន ក្រោយឈ្នះបានម្ដងកាលពីខែសីហាកន្លងទៅ។
នៅក្នុងបទសម្ភាសរបស់ AMS Sports ខ្សែប្រយុទ្ធវ័យ២២ឆ្នាំរូបនេះ បានបង្ហាញអារម្មណ៍សប្បាយចិត្ត ដែលបានទទួលបានពានរង្វាន់កីឡាករឆ្នើមពីរលើកជាប់គ្នា ស្របពេលដែលក្រុមរបស់ខ្លួនទទួលបានលទ្ធផលល្អនៅក្នុងលីគ។
សូមបញ្ជាក់ថា នៅសល់តែ២ប្រកួតទៀតប៉ុណ្ណោះ នឹងរកឃើញក្រុមជើងឯក Metfone Cambodia League ខណៈដែលក្រុមបឹងកេត ឈរនៅកំពូលតារាង មានគំលាត២ពិន្ទុពីក្រុមលេខ២ ព្រះខ័នរាជស្វាយរៀង។
ហើយ២ប្រកួតបន្ទាប់ បឹងកេតនឹងត្រូវជួបប្រកួតទល់នឹង កងយុទ្ធពលខេមរភូមិន្ទ និង ភ្នំពេញក្រោន ដោយពួកគេត្រូវការយ៉ាងហោចណាស់៤ពិន្ទុបន្ថែម ដើម្បីធានាថាពួកគេអាចគ្រងតំណែងជាជើងឯកនៅរដូវកាលនេះ។
ចំពោះពីរប្រកួតដ៏សំខាន់នេះ នូរុណ ដែលជាខ្សែប្រយុទ្ធជួរមុខរបស់ក្រុមកំពូលតារាង បានបង្ហាញក្ដីសង្ឃឹម និងការប្ដេជ្ញាចិត្តក្នុងការជួយក្រុមរបស់ខ្លួនទទួលបានលទ្ធផលល្អ ជូនអ្នកគាំទ្របឹងកេត ក្រោយធ្លាក់ពីការប្រកួត ពានរង្វាន់សម្តេច ហ៊ុន សែន ត្រឹមវគ្គ៨ក្រុមចុងក្រោយ។
នូរុណបាននិយាយថា៖ “ចំពោះពីរប្រកួតហ្នឹងខ្ញុំយល់ថា បឹងកេតអាចធ្វើបានល្អច្រើន ព្រោះនៅពេលប្រកួតក្នុងលីគភាគច្រើន យើងធ្វើបានលទ្ធផលល្អ ហើយកាលប៉ះក្រសួង(កងយុទ្ធពលខេមរភូមិន្ទ) ជើងទី១យើងធ្វើបានល្អ ហើយការប្រកួតជើងទី២នេះ យើងក៏នឹងអាចធ្វើបានល្អដែរ”។
“មូលហេតុដែលខ្ញុំនិយាយបែបនេះ ព្រោះពេលបច្ចុប្បន្ននេះ យើងលេងត្រូវគ្នាច្រើន ហើយតំបន់ប្រយុទ្ធពួកយើងគ្រោះថ្នាក់ ហើយគុណភាពកីឡាករល្អច្រើន ដូចជាប្អូន សៀង ចន្ធា, Gopane សុទ្ធតែកីឡាកមានគុណភាព”។
ទន្ទឹមនឹងការរំពឹងថា អាចទទួលបានលទ្ធផលល្អ សម្រាប់ការប្រកួតខាងមុខ ក្នុងនាមជាខ្សែប្រយុទ្ធ នូរុណអាចនឹងមានការលំបាក សម្រាប់ការប្រកួតទល់នឹងក្រុមទាំងពីរនេះ មូលហេតុដោយសារ កីឡាករពួកគេសុទ្ធតែជាកីឡាករដែលមានបទពិសោធន៍ច្រើន ហើយកីឡាករមួយចំនួន ធ្លាប់ជាប់ជម្រើសជាតិ ប៉ុន្ដែ នូរុណមានក្ដីរំពឹងថា ក្រុមរបស់ខ្លួននឹងព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីទទួលបានលទ្ធផលល្អសម្រាប់ពីរប្រកួតនេះ៕