ភ្នំពេញ៖ ក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ បានប្រកួតចាញ់ក្រុមណាហ្គាវើល ដោយលទ្ធផល ២ទល់១ លើទីលានកីឡដ្ឋាន SRU Stadium ក្នុងខេត្តសៀមរាប នៅល្ងាចថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១នេះ ខណៈការប្រកួតបញ្ចប់ទៅដោយភាពតានតឹង។ លោក Akihiro Kato ម្ចាស់ក្លិបអង្គរថាយហ្គឺរ បានបង្ហោះឃ្លីបវីដេអូមួយដែលមិនព្រមឱ្យបាល់ចូលទីរបស់ដល់ក្រុមរបស់ខ្លួនពីសំណាក់លោកអាជ្ញាកណ្ដាលលើទីលាន។ លោក កាតូបានសរសេរថា «រហូតមកដល់ពេលនេះខ្ញុំបានលះបង់របស់របរផ្សេងៗ។ តើ foul នេះនៅឯណា? តើនេះពិតជាល្អសម្រាប់បាល់ទាត់កម្ពុជាមែនទេ? ព្រោះយើងជាក្លឹបជប៉ុន?»។
ចំណែកលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានបង្ហាញការប្រតិកម្មក្នុងការបង្ហោះរបស់លោក Akihiro Kato ដោយលោកបានបង្ហាញ៣ចំណុច។
ខ្ញុំសូមចូលរួមជាមួយលោក អាគីហ៊ីរ៉ូ កាតូ (Akihiro Kato)ប្រធានក្លិបបាល់ទាត់អង្គរថាយហ្គឺរ ! ១. រឿងនេះកើតឡើងដដែលៗច្រើនលើកច្រើនសារពេកហើយ ។ ២. ចំពោះការសម្រេចចិត្តរបស់អាជ្ញាកណ្តាលលើទីលាន យល់ថា មានការលំបាក ក៏ប៉ុន្តែយើងត្រូវតែមើលមួយចំហៀងទៀត ការដាក់ទុនរបស់ក្លិបនីមួយៗសព្វថ្ងៃ ក្នុងមួយឆ្នាំៗចំណាយមិនក្រោមជាង ៦០ម៉ឺន ទៅ ១លានដុល្លារទេ។ ដូច្នេះទទូចឲ្យភាគីពាក់ព័ន្ធទាំងអស់ មេត្តាជួយពិនិត្យមើលការងារនេះ និងធ្វើការវាយតម្លៃទៅលើអាជ្ញាកណ្តាលឡើងវិញ។ ៣. ក្នុងនាមជាកូនខ្មែរមួយរូប ខ្ញុំសូមអរគុណចំពោះលោក អាគីហ៊ីរ៉ូ កាតូ ដែលបានលះបង់អ្វីៗទាំងអស់ ដើម្បីវិស័យកីឡាបាល់ទាត់នៅកម្ពុជា អស់ជាច្រើនឆ្នាំមកនេះ៕