ក្រុមវេជ្ជបណ្ឌិតជំនាញនៅប្រទេសថៃនឹងតាមដានស្ថានភាពរបួស CV11 តាមអនឡាញបន្តទៀត

Sovann Tith
17 មើល
1 នាទីអាន
- Advertisement -

ឆ្លងកាត់ការវះកាត់រយៈពេល៨០នាទីនៅថ្ងៃសៅរ៍ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ លោកវេជ្ជបណ្ឌិត Phonthep Mamanee ក្រុមការងារជំនាញវះកាត់សរសៃពួរពីប្រទេសថៃបានបញ្ជាក់ថា ការវះកាត់របួសដាច់សរសៃពួរ ចាន់ វឌ្ឍនាកា ទទួលបានលទ្ធផលជាទីពេញចិត្តបំផុត និងឆាប់ជាលឿន។

អ្នកជំនាញដដែលសង្កត់ធ្ងន់ថា ដំណើរការវះកាត់វឌ្ឍនាកា ឆ្លងកាត់នូវបច្ចេកវិទ្យាថ្មី ដែលទទួលស្គាល់ដោយ FIFA ចំណាយពេលតិច និងមិនឈឺចាប់ក្រោយវះកាត់ ឆាប់ជា។

ពីចន្លោះ៦ខែ កីឡាករឆ្នើមក្លិបបឹងកេតអាចចូលហ្វឹកហាត់បានវិញជាមួយមិត្តរួមក្រុម និងចូលប្រកួតសាជាថ្មីក្រោយរយៈពេល៨ខែ។ យ៉ាងណា លោកវេជ្ជបណ្ឌិត Phonthep បញ្ជាក់ថា វឌ្ឍនាកា ក៏ត្រូវការព្យាយាមស្ដារកាយសម្បទាឡើងវិញឲ្យបានហ្មត់ចត់ផងដែរ ពោលការជួយពីក្រុមគ្រូពេទ្យ ៥០ភាគរយ និងកត្តាផ្ទាល់ខ្លួន៥០ភាគរយ។

ទោះចាកចេញទៅប្រទេសថៃវិញ លោកវេជ្ជបណ្ឌិត Phonthep បញ្ជាក់ថា ក្រុមការងារនៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញនឹងបន្តណាត់ជួបដើម្បីតាមដានវឌ្ឍនាកាជាប់លាប់ និងពិសេសពេលស្ដារកាយសម្បទាឡើងវិញ។
មិនតែប៉ុណ្ណោះ ក្រុមការងាររបស់លោកនៅប្រទេសក៏នឹងមានការណាត់ជួបតាមអនឡាញថែមទៀតផង។

លោកវេជ្ជបណ្ឌិត Phonthep Mamanee (ម៉ាសខ្មៅ)

ការសម្រេចមកវះកាត់ ចាន់ វឌ្ឍនាកា នៅកម្ពុជា ជំនួសនៅប្រទេសថៃនោះ ដោយសារតែមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ចង់បង្ហាញថា កីឡាករនៅកម្ពុជាអាចទទួលយកសេវាកម្មនេះបាន ដោយមិនចាំបាច់ទៅដល់ប្រទេសថៃដែលត្រូវចំណាយកាន់តែច្រើន។

គួរដឹងដែរថា ក្រុមការងារពេទ្យវះកាត់ចាន់ វឌ្ឍនាកា មកពី Bangkok Academy of Sports and Exercise Medicine ដែលមានជំនាញខាងវះកាត់សរសៃពួរ ទទួលស្គាល់ដោយ FIFA។ លោក Phontep ថ្លែងថា រ៉ូយ៉ាល់ភ្នំពេញ នឹងរៀបចំឲ្យមានសេវាកម្មបែបនេះដោយផ្ទាល់តែម្ដងនៅកម្ពុជានាពេលខាងមុខ៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕