អ្នកសារព័ត៌មានកីឡាបាល់ទាត់ដ៏ល្បី Fabrizio Romano បានបង្ហោះថា Lionel Messi និងឪពុករបស់គេ Jorge Messi ដែលជាភ្នាក់ងារ កំពុងរង់ចាំសំណេីកិច្ចសន្យាផ្លូវការពី PSG ដេីម្បី បំពេញ កិច្ចព្រមព្រៀង ហេីយ Messi បេីកចំហក្នុងការទទួលយក។ លោកថា PSG នឹងផ្ដល់កិច្ចសន្យា២ឆ្នាំ អមដោយជម្រេីសបន្លាយថែម១ឆ្នាំទៀត។
នៅថ្ងៃសុក្រម្សិលមិញ គឺមួយថ្ងៃក្រោយ Barcelona ប្រកាសថា Messi នឹងចាកចេញ ព្រះអង្គម្ចាស់ Khalid bin Hamad Bin Khalifa Al-Thani ដែលជាព្រះអនុជនៃមហាក្សត្រកាតារដែលជាម្ចាស់ក្លិប Paris St Germain បានបង្ហោះលើ Twitter ថា Messi នឹងចូលរួម PSG។
ព្រះអង្គម្ចាស់រូបនេះបានបង្ហោះសារលើបណ្ដាញសង្គមថា៖ «ការចរចាបានឈានដល់ការឯកភាពគ្នាជាផ្លូវការហើយ ហើយនឹងមានការប្រកាសនៅពេលបន្ទាប់ #Messi»។
ព្រះអង្គម្ចាស់អង្គនេះថែមទាំងបានបង្ហោះរូបមួយទៀតដែល Sergio Ramos កៀកស្មា Messi អមដោយសំណេរថា«ពាន Champions League ៨ដង»។ ដែលឃ្លានេះសំដៅលើចំនួនពាន Champions League សរុបចូលគ្នាដែល Messi និង Ramos បានឈ្នះកាលនៅ Barcelona និង Real Madrid។
តែនៅរសៀលថ្ងៃសៅរ៍នេះ សារព័ត៌មាន Goal បានទាក់ទងទៅក្លិប Paris Saint-Germain ហើយក្លិបយក្សបារាំងវិនិយោគដោយកាតារមួយនេះ ច្រានចោលដំណឹងដែលថាពួកគេបានព្រមព្រៀងលក្ខខណ្ឌជាមួយ Lionel Messi ដែលបង្ហោះដោយព្រះអនុជរបស់ម្ចាស់ក្លិបថាជារឿងមិនពិតទេ។
នាយកដ្ឋាន ទំនាក់ទំនង របស់ PSG បានប្រាប់សារព័ត៌មាន Goal ថាការបង្ហោះរបស់ព្រះអង្គ Al-Thani ជារឿងប្រតិដ្ឋនិងថាគ្មានកិច្ចព្រមព្រៀងបែបនោះជាមួយតំណាងរបស់ Messi ឡេីយ។
ទោះបែបនេះក្ដី នៅតែ មានការជឿជាក់ថា PSG ជាគោលដៅស័ក្ដិសមជាងគេសម្រាប់ Messi ព្រោះមានក្លិបតិចតួចប៉ុណ្ណោះដែលមានលទ្ធភាពលៃលកប្រាក់ខែដ៏សន្ធឹករបស់ Messi ស្របពេល Manchester City មិនបានចូលប្រជែងយក Messi ទេ បន្ទាប់ពីពួកគេបានទិញ Jack Grealish តម្លៃ១០០លានផោននិងផ្ដល់អាវលេខ១០ដល់ខ្សែបម្រេីប្រយុទ្ធអង់គ្លេសរូបនេះ ។ ក្លិបមេឃខៀវក៏កំពុងតាមទិញ Harry Kane ដែល Spurs ទារថ្លៃប្រមាណ១៦០លានផោន។
Messi នឹងធ្វើសន្និសីទសារព័ត៌មាននៅ Camp Nou ថ្ងៃអាទិត្យស្អែកនេះ៕