Skip to content
ខ្សែប្រយុទ្ធប្រេស៊ីលដ៏ល្បីល្បាញ Robinho ឥឡូវបានប្រាក់ខែតែ២៧១ដុល្លារ
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

ខ្សែប្រយុទ្ធប្រេស៊ីលដ៏ល្បីល្បាញ Robinho ឥឡូវបានប្រាក់ខែតែ២៧១ដុល្លារ

អតីតសមាជិក Real Madrid, Manchester City, AC Milan និងក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីលដ៏ល្បីល្បាញ Robinho ថ្មីៗនេះទើបតែបានត្រលប់ពីទ្វីបអឺរ៉ុបទៅប្រកបអាជីពនៅស្រុកកំណើតវិញ ហើយបានចុះកិច្ចសន្យារយៈពេល៥ខែជាមួយក្លិបដើមរបស់គេ គឺក្លិប Santos ដោយទទួលបានប្រាក់ខែត្រឹមតែ២៧១ដុល្លារប៉ុណ្ណោះក្នុងមួយខែ។ ប្រាក់ខែប៉ុណ្ណេះគឺខ្ពស់ជាងកម្រិតប្រាក់ខែអប្បបរមារបស់ប្រេស៊ីលតែបន្តិចប៉ុណ្ណោះ។


ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំរូបនេះត្រលប់ទៅរួមរស់ជាមួយក្លិប Santos ជាថ្មីជាលើកទី៣ ក្រោយរួមចំណែកជួយក្លិប Istanbul Basaksehir ឈ្នះជើងឯកលីគកំពូលទួរគីរដូវកាល២០១៩-២០ ដែលជើងឯកលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។

Robinho និយាយលើវិបសាយផ្លូវការរបស់ក្លិប Santos ថាគេនឹងលេងជាមួយនឹងការទទួលបានប្រាក់ខែកម្រិតអប្បបរមា ប៉ុន្តែរឿងសំខាន់បំផុតគឺគេបានមកក្លិបនេះ ហើយគេនឹងព្យាយាមអស់ពីសមត្ថភាពទាំងនៅលើនិងនៅក្រៅទីលានដើម្បី Santos។ ក្លិប Santos កំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ ដូច្នេះនេះជាពេលដែលរូបគេត្រូវតបស្នងវិញចំពោះក្លិបដែលបានផ្ដល់គ្រប់យ៉ាងដល់រូបគេនាពេលកន្លងមក។

សូមជម្រាបថា Robinho បានផ្ដើមបង្ហាញខ្លួនក្នុងការប្រកួតអាជីពដំបូងក្នុងឆ្នាំ២០០២ នៅ Santos នេះផ្ទាល់តែម្ដង។ មួយឆ្នាំបន្ទាប់ ពោលគឺឆ្នាំ២០០៣ ខ្សែប្រយុទ្ធកម្ពស់១.៧២ម៉ែត្រខាងលើបានផ្ដើមជាប់ជម្រើសជាតិប្រេស៊ីលនិងបានបន្តជាប់មកទល់ឆ្នាំ២០១៧ដែលគេបានចូលលេងសរុប១០០លើក ស៊ុតចូល២៨គ្រាប់។


Robinho បានសាងកេរ្តិ៍ឈ្មោះខ្ទរខ្ទារនៅទូទាំងពិភពលោក ពេលគេផ្លាស់ចេញពី Santos ទៅចូលរួម Real Madrid ក្នុងឆ្នាំ២០០៥។
ក្រោយចាយពេល៣រដូវកាលនៅជាមួយក្លិបយក្សអេស្ប៉ាញ Robinho បានផ្លាស់ទៅចូលរួម Manchester City ក្នុងឆ្នាំ២០០៨ មុនបន្តផ្លាស់ទៅ AC Milan ក្នុងឆ្នាំ២០១០។ អំឡុងពេលនៅជាប់កុងត្រាជាមួយក្លិបអង់គ្លេសនិងអ៊ីតាលីទាំង២នេះ Robinho ត្រូវបាន Santos ខ្ចី២លើក គឺរយៈពេលខ្លីក្នុងឆ្នាំ២០១០ និងក្នុងរដូវកាល២០១៤-១៥។


Robinho ក៏ធ្លាប់មកប្រឡូកក្នុងបាល់ទាត់អាជីពអាស៊ីផងដែរ ដោយលេងឱ្យក្លិបចិន Guangzhou Evergrande ពីខែកក្កដាឆ្នាំ២០១៥ដល់ខែកុម្ភៈឆ្នាំ២០១៦។


អតីតម្ចាស់ពានបាល់មាសប្រចាំព្រឹត្តិការណ៍ Copa America 2007 ដដែល បានត្រលប់ទៅប្រេស៊ីលក្នុងរដូវកាល២០១៦-១៧ ដោយចូលរួមក្លិប Atletico Mineiro។ ២រដូវកាលចុងក្រោយ គេបានចំណាយពេលក្នុងលីគកំពូលទួរគី គឺនៅក្លិប Sivasspor ក្នុងរដូវកាល២០១៨-១៩ និង Istanbul Basaksehir ក្នុងរដូវកាល២០១៩-២០៕