ខ្សែបម្រើ Paul Pogba និយាយថា រូបគេនឹងចាត់វិធានការផ្លូវច្បាប់ ក្រោយពីមានព័ត៌មានមិនពិតដែលថារូបគេ នឹងចូលនិវត្តពីក្រុមជម្រើសជាតិបារាំង។
កីឡាករវ័យ២៧ឆ្នាំ ត្រូវបានរាយការណ៍ថា នឹងបញ្ឈប់ការចូលរួមការប្រកួតសម្រាប់ក្រុមមាន់គកបារាំង ដោយសារសម្ដីរបស់ ប្រធានាធិបតី Emmanuel Macron ពាក់ព័ន្ធនឹងអ៊ីស្លាម។
Pogba បាននិយាយថា៖ “ពិតជាព័ត៌មានមិនមានប្រភព១០០ភាគរយអំពីខ្ញុំ ក្នុងការនិយាយ ឬអះអាងនូវរឿងដែលខ្ញុំមិនដែលនិយាយ ឬ គិតទាល់តែសោះ។”
លើសពីនេះទៅទៀត តារាឆ្នើមរបស់ក្រុម Manchester United បានសរសេរនៅលើគណនី Instagram ផ្លូវការរបស់ខ្លួនថា រូបគេមានការហួសចិត្ត ខឹងសម្បារ ភ្ញាក់ផ្អើល និង ខកចិត្ត នៅពេលដែលប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ប្រើប្រាស់រូបគេបង្កើតជាព័ត៌មានក្លែងក្លាយ ហើយបានលាយឡំគ្នា រវាងក្រុមជម្រើសជាតិបារាំង និង សាសនារបស់ខ្លួន។
ម្ចាស់ពាន World Cup 2018 បានបន្ថែមថា៖ “ខ្ញុំសូមប្រឆាំង រាល់ទម្រង់នៃភេរវកម្ម និង ហិង្សា។ តែគួរឱ្យស្ដាយ សារព័ត៌មានខ្លះ បានប្រព្រឹត្តទង្វើដោយគ្មានទំនួលខុសត្រូវ នៅពេលដែលសរសេរព័ត៌មាន រំលោភបំពានសេរីភាពសារព័ត៌មាន ដោយមិនមានការផ្ទៀងផ្ទាត់ ថាតើពួកគេសរសរ ជាការពិតឬអត់ ដោយបង្កើតជាចចាមអារ៉ាម ដោយគ្មានខ្វាយខ្វល់ពីការប៉ះពាល់ដល់ជីវិតមនុស្ស និង ជីវិតរបស់ខ្ញុំ។ ខ្ញុំនឹងចាត់វិធានការផ្លូវច្បាប់ ប្រឆាំងនឹងអ្នកផលិត និង ចែកចាយព័ត៌មានមិនពិត១០០ភាគរយ។”