លោក ឈូក ពិសិដ្ឋ អ្នកចាត់ការក្រុម (Team Manager) នៃក្រុមបាល់ទាត់ប្រាប់ AMS Sports ថា កីឡាករទាំង៣០នាក់ដែលត្រូវបានកោះហៅចូលរួមព្រឹត្តិការណ៍ AFF Cup 2020 នឹងចេញដំណើរទៅកាន់ប្រទេសសិង្ហបុរីទាំងអស់គ្នាតែម្ដង។
លោកបញ្ជាក់ថា មុនការប្រកួតម្ដងៗក្រុមនីមួយៗត្រូវបញ្ជូនបញ្ជី២៣នាក់ទៅគណៈកម្មការ។ ដូច្នេះមានន័យថា កីឡាករទាំងអស់សុទ្ធតែអាចមានឱកាសចូលលេងដូចៗគ្នា ប្រសិនបើក្រុមការងារគ្រូបង្វឹកបញ្ចូលឈ្មោះក្នុងបញ្ជី២៣នាក់។
លោក ឈូក ពិសិដ្ឋ សង្កត់ធ្ងន់ថា ពុំមានពេលវេលាទៀតទេក្នុងការប្រមូលផ្ដុំហ្វឹកហាត់ និងជម្រុះកីឡាករជាមុន ដោយសារតែពេលវេលាខើចខ្លាំងពេក។ នេះក៏ជាផ្នែកមួយនៃការបង្កើនចំនួនកីឡាករដែលគណៈកម្មការបានរៀបចំ ពាក់ព័ន្ធនឹងការរីករាលដាលជំងឺកូវីដ១៩ដែរ។ ដូចយើងបានឃើញរាល់ការប្រកួតស្រាប់ថា កីឡាករដែលផ្លាស់ប្ដូរចូល (Substitutes) ត្រូវបានបង្កើនឡើងពី៣ទៅ៥នាក់។
សម្រាប់ការចេញដំណើរវិញ អ្នកចាត់ការក្រុមដដែលប្រាប់ថា អាចនឹងធ្វើឡើងក្នុងថ្ងៃទី០១ ខែធ្នូ ខណៈបច្ចុប្បន្នភាគីកម្ពុជាកំពុងធ្វើការជាមួយភាគីខាងម្ចាស់ផ្ទះ៕