Chelsea បានបង្ហាញគុណផលយ៉ាងអស្ចារ្យនៅ Stamford Bridge រាត្រីថ្ងៃអង្គារទី២៣ខែវិច្ឆិកាឆ្នាំ២០២១ ដោយផ្ដួល Juventus ដល់ទៅ៤-០ ក្នុងការប្រកួតពូល H ហើយធានាបានកៅអី១៦ក្រុមចុងក្រោយ UEFA Champions League។
ខ្សែការពារ Trevoh Chalobah ដែលលេងក្នុងជម្រើសដំបូងក្នុងពានអឺរ៉ុបលើកទី១សម្រាប់ក្រុមតោខៀវ បានស៊ុតឱ្យម្ចាស់ផ្ទះនាំមុខក្នុងនាទី២៥ មុន Reece James, Callum Hudson-Odoi និង Timo Werner ថែមម្នាក់១គ្រាប់ក្នុងនាទី៥៥, ៥៨ និង៩០+៥។
នេះជាបរាជ័យធ្ងន់បំផុតរបស់ Juventus ក្នុង Champions League និងជាសញ្ញាបញ្ជាក់ថា Chelsea ជាបេក្ខភាពប្រជែងពានដ៏ស្រួចស្រាល់មួយក្នុងការការពារជើងឯកទ្វីបអឺរ៉ុបរដូវកាលនេះ។
ហើយលទ្ធលផលយប់មិញនេះនាំឱ្យលោក Thomas Tuchel បំបែកកំណត់ត្រាដ៏ពិសេសមួយ។ វាជាការដឹកនាំ Chelsea ប្រកួតលើកទី៥០ក្នុងតំណែងអ្នកចាត់ការរបស់លោក Tuchel ហើយនេះជាជ័យជម្នះលើកទី៣៥ក្នុងចំណោម៥០ប្រកួតមកនេះ។
លើសពីនេះ Chelsea ក្រោមការដឹកនាំដោយអ្នកចាត់ការជនជាតិអាល្លឺម៉ង់ របូតគ្រាប់បាល់តែ២៤គ្រាប់ប៉ុណ្ណោះក្នុង៥០ប្រកួត ដែលជាឯតទគ្គកម្មពុំធ្លាប់មានអ្នកចាត់ការក្លិបនៅអង់គ្លេសណាមួយធ្លាប់ធ្វើបាន។
Chelsea ពេលនេះឈរលេខ១ពូល H ប៉ុន្តែពួកគេត្រូវការមានលទ្ធផលដូច Juventus នៅថ្ងៃប្រកួតក្នុងពូលលើកចុងក្រោយថ្ងៃទី៨ខែធ្នូដើម្បីធានាតំណែងកំពូលនេះ នៅពេលពួកគេធ្វើដំណើរទៅទឹកដីក្រុម Zenit St Petersburg របស់រុស្ស៊ី ស្របពេលក្រុមរបស់អ៊ីតាលី ទទួល Malmo។
ដោយឡែក ក្រៅពីចំណុចគួរជាទីរីករាយខាងលើ ក៏មានចំណុចអវិជ្ជមានខ្លះផងដែរកើតឡើងចំពោះ Chelsea នោះគឺរបួសខ្សែបម្រើ N’Golo Kante ដែលត្រូវបានប្ដូរចេញក្នុងវគ្គទី១ និងខ្សែការពារស្លាបឆ្វេង Ben Chilwell ដែលប្ដូរចេញក្នុងវគ្គទី២ ខណ
ៈ Chelsea ត្រូវជួប Manchester United ក្នុង Premier League ថ្ងៃអាទិត្យទី២៨ខែវិច្ឆិកា៕