អ្នកចាត់ការបណ្ដោះអាសន្នរបស់ Manchester United លោក Michael Carrick និយាយថាជ័យជម្នះ២-០នៅទឹកដី Villarreal យប់ថ្ងៃអង្គារទី២៣ខែវិច្ឆិកាឆ្នាំ២០២១ដែលធានាបានកៅអីវគ្គ១៦ក្រុមចុងក្រោយ Champions League គឺសម្រាប់អតីតអ្នកចាត់ការ Ole Gunnar Solskjaer ដែលត្រូវបានក្លិបបិសាចក្រហមបញ្ឈប់ពីតំណែងកាលពីថ្ងៃអាទិត្យក្រោយចាញ់ Watford ៤-១ក្នុងលីគ។
លោក Carrick យប់មិញនេះបានប្ដូរសមាសភាព៤នាក់ក្នុងជម្រើស១១នាក់ដំបូង ពិសេសការដាក់ Donny van de Beek ឱ្យចាប់ផ្ដើមការប្រកួតជាលើកដំបូងក្នុងរយៈពេលជាង២ខែចុងក្រោយ និងទម្លាក់ Bruno Fernandes ទៅបង់បម្រុង។
Cristiano Ronaldo ធ្វើបានរឿងអស្ចារ្យមួយគឺជាកីឡាករដែលស៊ុតចូលគ្រប់ប្រកួតក្នុងវគ្គចែកពូល Champions League រដូវកាលនេះ នៅពេលគេឆ្កឹះបាល់រំលងអ្នកចាំទី Geronimo Rulli ក្នុងនាទី៧៨ ឱ្យ Man Utd នាំមុខ បន្ទាប់ពី Fred ដណ្ដើមបាល់បានពី Etienne Capoue។ នេះជាគ្រាប់ទី៦របស់ CR7 ក្នុង UCL រដូវកាលនេះ និងជាការស៊ុតបញ្ចូលទី៥ប្រកួតជាប់ៗគ្នាក្នុងវគ្គចែកពូល។
បន្ទាប់មក នៅនាទី៩០ Jadon Sancho ធានា៣ពិន្ទុសម្រាប់ក្រុមបិសាចក្រហម ដោយស៊ុតមួយជើងយ៉ាងស្អាតបុករបាផ្នែកខាងក្រោមរួចផ្លោងចូលទី។ នេះជាគ្រាប់បាល់ដំបូងរបស់ Sancho សម្រាប់ Man Utd តាំងពីក្រោយផ្ទេរមកពី Dortmund។
តែ David De Gea ក៏មានគុណសម្បត្តិធំក្នុងជ័យជម្នះយប់មិញដែរ ដោយអ្នកចាំទីអេស្ប៉ាញរូបនេះបានសង្គ្រោះបាល់ដៃ១យ៉ាងអស្ចារ្យ២លើកពីការស៊ុតរបស់ Manu Trigueros ខណៈលទ្ធផលនៅ០ស្មើ។
នៅក្រោយការប្រកួត លោក Carrick និយាយថារយៈពេល២ថ្ងៃចុងក្រោយនេះមិនមែនជាវេលាងាយស្រួលទេសម្រាប់គ្រប់គ្នានៅ Man Utd ហើយជ័យជម្នះនេះគឺសម្រាប់ Ole។
ជ័យជម្នះយប់មិញបានបក់ផាត់ចេញខ្លះពពកខ្មៅលើក្លិបបិសាចក្រហមដែលកំពុងស្ថិតក្នុងលេខរៀងទី៨ Premier League និងនៅក្រោមក្រុមកំពូលតារាង Chelsea ដល់ទៅ១២ពិន្ទុ។
ទោះបីយ៉ាងណា Carrick និយាយថាលោកមិនគិតអំពីឱកាសដើម្បីក្លាយជាអ្នកចាត់ការពេញសិទ្ធិរបស់ Man Utd ឡើយ។ ផ្ទុយទៅវិញ លោកផ្ដោតតែលើការជួយក្រុមតាមសេចក្ដីត្រូវការរបស់ក្លិប៕