ស្មាត់ឆ្នើមប្រចាំក្រុមវិសាខា មី រស្មី បានប្រកាសដកខ្លួនពីអាជីពជាកីឡាករបាល់ទះហើយ ដោយសារបញ្ហាចង្កេះដែលធ្វើឲ្យគេខកខានហ្វឹកហាត់ពេញដៃពេញជើង និងចូលរួមការប្រកួតនានា។
កីឡាករជម្រើសជាតិដដែលប្រាប់ថា មានបញ្ហាចង្កេះនេះជាងមួយឆ្នាំមកហើយ និងបានធូរស្បើយវិញ តែពេលចូលហាត់ម្ដងៗចេះតែធ្វើទុក្ខ ពោលមិន fit ១០០ភាគរយ។ ដោយសារតែមិនអាចទ្រាំទ្របាន គេក៏សម្រេចចិត្តឈប់លេងទាំងស្ដាយ។
បន្ទាប់ពីដកខ្លួនពីអាជីពបាល់ទាត់ ស្មាត់៣ម៉ែត្ររូបនេះនឹងបំពេញការងារជាមន្ត្រីនគរបាលចរាចរណ៍ តែថា នាពេលខាងមុខ ប្រសិនបើមានឱកាស ឬថ្នាក់ដឹកនាំផ្ដល់ឱកាសចូលរួមបង្ហាត់យុវជន គេនឹងទទួល ព្រោះចង់ចែករំលែកបទពិសោធដល់ប្អូនៗជំនាន់ក្រោយ។
គួររំឭកថា មី រស្មី បានចូលរួមហ្វឹកហាត់បាល់នៅក្លិបវិសាខា តាំងពីនៅជាក្លិបសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ក្នុងឆ្នាំ២០១៣។ គេធ្លាប់ជាប់ជម្រើសជាតិទៅចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០១៧ និង២០១៩។
កីឡាករមានកំណើតនៅខេត្តស្វាយរៀងក៏ទៅលេងនៅក្លិបថៃ NK Fitness កាលឆ្នាំ២០១៧ ផងដែរ៕