Lionel Messi ទទួលបានពាន Ballon d’Or ជាលើកទី៧ក្នុងអាជីពកាលពីរាត្រីថ្ងៃចន្ទទី២៩ខែវិច្ឆិកាឆ្នាំ២០២១ ប៉ុន្តែអតីតមិត្តរួមក្រុម Messi នៅ Barcelona គឺ Dani Alves យល់ថា Ballon d’Or 2021 គួរផ្ដល់ជូន Christian Eriksen ជំនួសវិញ ដើម្បីផ្ញើសារប្រាប់ពិភពលោកថា«ជីវិត»គឺសំខាន់ជាងកីឡា។
ខ្សែបម្រើប្រយុទ្ធជម្រើសជាតិដាណឺម៉ាក Eriksen វ័យ២៩ឆ្នាំ បានដួលលើទីលានអំឡុងការប្រកួត Euro 2020 ទល់នឹង ហ្វាំងឡង់ ដោយសារបញ្ហាគាំងបេះដូង ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
បច្ចុប្បន្ន Eriksen វិលមកសភាពធម្មតា ប៉ុន្តែបានដាក់បញ្ចូលឧបករណ៍ជំនួយបេះដូង (ICD) ហើយអាជ្ញាធរបាល់ទាត់អ៊ីតាលីបានប្រកាសថា Eriksen មិនអាចលេងកីឡាអាជីពក្នុងប្រទេសអ៊ីតាលីបានឡើយ ដែលជាហេតុបណ្ដាលឱ្យគេមិនអាចលេងឱ្យក្លិបរបស់គេ Inter Milan បាន ហើយ Inter បានបើកចំហសម្រាប់ការចាកចេញរបស់ Eriksen ដើម្បីទៅចូលរួមក្លិបថ្មីដែលអាចអនុញ្ញាតឱ្យគេលេងបាល់ទាត់អាជីពឡើងវិញបាន។ ដូចជាខ្សែការពារហុល្លង់ Daley Blind របស់ក្លិប Ajax ក៏កំពុងលេងបាល់ទាត់អាជីពទាំងមានឧបករណ៍ជំនួយបេះដូងតាំងពីខែធ្នូឆ្នាំ២០១៩មក។
តាមរយៈរឿងហេតុដែលបានកើតឡើងក្នុងឆ្នាំ២០២១នេះ Alves ដែលទើបត្រលប់មកចូលរួម Barcelona ជាលើកទី២ និយាយថា៖ «ខ្ញុំគិតថា Messi ជាបេក្ខជនដ៏លេចធ្លោមួយសម្រាប់ពាន Ballon d’Or។ គាត់មានគ្រប់លក្ខណៈសម្បត្តិដើម្បីឈ្នះពាននេះម្ដងទៀត។ ប៉ុន្តែនិយាយដោយស្មោះត្រង់ ឆ្នាំនេះសម្រាប់ខ្ញុំ គ្រប់ពានឯកត្តជនទាំងអស់គួរត្រូវបានផ្ដល់ជូន Eriksen ពីព្រោះពួកយើងត្រូវផ្ញើសារទៅពិភពលោកថាជីវិតគឺសំខាន់ជាងបាល់ទាត់។ ហើយនៅពេលមានមនុស្សម្នាក់ត្រលប់មកវិញដូចអ្វីដែល Eriksen បានធ្វើ បន្ទាប់ពីរឿងរ៉ាវគ្រប់យ៉ាងដែលពួកយើងបានឆ្លងកាត់ រួមទាំងកូវីដ១៩ដែលកំពុងបន្តនិងបញ្ហាដទៃទៀតផងនោះ ខ្ញុំគិតថាពួកយើងអាចផ្ញើសារទៅគ្រប់គ្នាថាមានបញ្ហានានាដែលសំខាន់ជាងកីឡា»។
ដោយឡែក គួរជម្រាបផងដែរថា Dani Alves វ័យ៣៨ឆ្នាំ បានបដិសេធសំណើរបស់ក្លិបម៉ិកស៊ីកូចំនួន២ដើម្បីត្រលប់មកចូលរួម Barcelona កាលពីថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២១ បន្ទាប់ពីបានចាកចេញពីក្លិបនេះក្នុងរដូវក្ដៅឆ្នាំ២០១៦៕
ប្រភព៖ Marca