Neymar ត្រូវបានប្ដូរចេញពីទីលាន អំឡុងពេល Paris Saint-Germain ប្រកួតតទល់ជាមួយ Saint-Etienne នៅ Ligue 1 ដោយការប្រកួតបញ្ចប់ក្នុងលទ្ធផល ៣-១ កាលពីថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។
ខ្សែប្រយុទ្ធជនជាតិប្រេស៊ីលត្រូវបានសែងចេញពីទីលានទាំងទឹកភ្នែក បន្ទាប់ពីរងការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរត្រង់កជើង ប៉ុន្ដែវាមិនមែនជាលើកដំបូងនោះទេ ដែលកីឡាករវ័យ២៩ឆ្នាំ ទទួលរងការឈឺចាប់បែបនេះពេលប្រកួតសម្រាប់ក្រុមបារាំង។
PSG បានចេញសេចក្ដីប្រកាសមួយបញ្ជាក់ថា Neymar បានរងរបួសរហែកសរសៃរពួរកជើង ដោយត្រូវការពេលពី៦ ទៅ៨សប្ដាហ៍ដើម្បីព្យាបាលឱ្យសះស្បើយឡើងវិញ។ ដូចនេះមានន័យថា Neymar នឹងត្រូវខកខានប្រកួតទល់នឹងក្រុមខ្លាំងៗនៅ Ligue 1 ដូចជា Nice, Lens និង Monaco ព្រមទាំងការប្រកួត UEFA Champions League ទល់នឹង Club Brugge។
ចាប់តាំងពី Neymar ផ្លាស់មកចូលរួម PSG ក្នុងរដូវក្ដៅឆ្នាំ២០១៧ ក្នុងតម្លៃបំបែកកំណត់ត្រាឯតទគ្គកម្ម ២២២លានអឺរ៉ូពី Barcelona គេបានរងរបួសជាច្រើនលើកច្រើនសារ និងខកខានលេងជាច្រើនប្រកួត ពេលរបួសម្ដងៗ។
រដូវកាល ២០១៧-១៨
Neymar ខកខានប្រកួតសម្រាប់ PSG ជាលើកដំបូងដោយសារបញ្ហារបួសស្រាល ក្នុងសប្ដាហ៍ប្រកួតទី៧ ដែលក្រុមរបស់គេស្មើជាមួយ Montpellier ០-០។ ក្នុងសប្ដាហ៍ប្រកួតទី១២ គេខកខានជាថ្មី បន្ទាប់មកគឺក្នុងសប្ដាហ៍ប្រកួតទី២០។ ក្រោយត្រលប់មកចូលរួមក្រុមលេងបានមួយ Neymar ក៏ត្រូវអវត្តមានជាថ្មីដោយសាររបួសភ្លៅ។
សរុបមក ក្នុងរដូវកាលដំបូង Neymar ខកខាន២១លើក ពោលគឺ១២ប្រកួតនៅ Ligue 1, Coupe de France ៣លើក, Coupe de la Ligue ៣លើក និងការប្រកួតជើងទី២ វគ្គ១៦ក្រុមចុងក្រោយ UEFA Champions League ទល់នឹង Real Madrid។
រដូវកាល ២០១៨-១៩
រដូវកាលទី២របស់ Neymar នៅ PSG មិនល្អប្រសើរជាងរដូវកាលមុននោះទេ។ របួសប្រអប់ជើងបានធ្វើឱ្យគេខកខានជួយក្រុម ក្នុងការប្រកួតដ៏សំខាន់ៗជាច្រើន បើទោះបីជាគេចាប់ផ្ដើមរដូវកាលបានយ៉ាងល្អក៏ដោយ។
គេមានបញ្ហារបួសធ្វើទុក្ខ ក្នុងសប្ដាហ៍ប្រកួតទី១៤ និង១៦ នៅក្នុងលីគ ហើយត្រលប់មកវិញនៅសប្ដាហ៍ប្រកួតទី២១ ជាពេលដែល របួសប្រអប់ជើងរបស់គេបានរើឡើងវិញ ហើយត្រូវខកខាន១៣ប្រកួតនៅ Ligue 1 និងក្នុងវគ្គ១៦ក្រុមចុងក្រោយ Champions League។ សរុបមកគេមិនបានលេង១៨ប្រកួត គ្រប់ពានរង្វាន់ដោយសារតែរបួសប្រអប់ជើង។
ក្រោយមក Neymar បានខកខានចូលរួមព្រឹត្តិការណ៍ Copa America ជាមួយក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល ក្នុងរដូវកាលនោះ ហើយប្រេស៊ីលបានគ្រងតំណែងជើងឯកពានរង្វាន់នោះក្នុងនាមជាម្ចាស់ផ្ទះ។
ជារួម Neymar បានខកខាន២៤ប្រកួតសម្រាប់ក្លិប ដោយសាររបួស និង៣ប្រកួតផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យសម្រាក ក្នុងរដូវកាលនោះ។ បើសរុបទាំងរដូវកាលមុន គេខកខាន៤៨លើក។
រដូវកាល ២០១៩-២០
រដូវកាលនោះ ជារដូវកាលដ៏ស្មុគស្មាញមួយ នៅពេលកូវីដ១៩ ចាប់ផ្ដើមរាតត្បាត ហើយ Ligue 1 បានសម្រេចឱ្យការប្រកួតលេងដោយមិនទទួលអ្នកទស្សនា មុនពេលបញ្ចប់រដូវកាលមុនកាលកំណត់ ហើយ PSG ក្លាយជាជើងឯក។
Neymar ខកខានពីរប្រកួតនៅ Champions League វគ្គចែកពូល និង៤ប្រកួតនៅ Ligue 1។ របួសឆ្អឹងជំនីបានធ្វើឱ្យ Neymar ខកខានចូលរួមលេងនៅ Ligue 1 ក្នុងសប្ដាហ៍ប្រកួតទី ២៣,២៤ និង ២៥ ព្រមទាំងក្នុងវគ្គ៨ក្រុមចុងក្រោយ Coupe de France ផងដែរ។
ក្នុងរដូវកាលនោះ Neymar មិនបានចូលរួមការប្រកួត១០លើកក្នុងរដូវកាល ២០១៩-២០ និងសរុបទាំងអស់៦២លើក។
រដូវកាល ២០២០-២១
Neymar បានចូលរួមលេងក្នុងប្រកួតសំខាន់ៗជាច្រើន ប៉ុន្ដែបានខកខានលេង៤ប្រកួតនៅ Champions League ជាពិសេសក្នុងជំនួប ទល់នឹងអតីតក្លិបរបស់គេគឺ Barcelona។ គេបានខកខានលេងក្នុងសប្ដាហ៍ប្រកួតទី២ ក្នុងលីគ បន្ទាប់ពីតេស្ដវិជ្ជមានកូវីដ១៩ ហើយគេក៏មិនបានលេងផងដែរ ក្នុងសប្ដាហ៍ទី៩ និងទី១០។ ក្រោយមក Neymar បានរងរបួសកជើង ដែលធ្វើឱ្យគេខកខានចូលលេង ៥ប្រកួត ពីរលើកផ្សេងគ្នា។
Neymar ខកខានចូលលេងដោយសាររបួស និងហេតុផលផ្សេងទៀត សរុប៨២ប្រកួត។
រដូវកាល ២០២១-២២
Neymar ចាប់ផ្ដើមរដូវកាលនេះ ដោយការខកខានចូលលេង៣ប្រកួតដំបូងនៅ Ligue 1 ប៉ុន្ដែបានលេងសឹងគ្រប់ប្រកួតចាប់តាំងពីពេលនោះមក។ មកទល់នឹងពេលនេះ Neymar ខកខានការប្រកួតសរុបទាំងរបួស និងកត្តារួមផ្សំផ្សេងទៀតសរុប ៩១លើក៕