Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Messi អវត្តមានពីបញ្ជីក្រុមអាហ្សង់ទីន សម្រាប់ការប្រកួតទល់អ៊ុយរុយហ្កាយ និង ប្រេស៊ីល

បញ្ជីឈ្មោះកីឡាករក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន ដែលនឹងត្រៀមសម្រាប់ការប្រកួតជម្រុះ FIFA World Cup 2026 ទល់អ៊ុយរុយហ្កាយ និងប្រេស៊ីល ត្រូវបានប្រកាសនាថ្ងៃចន្ទ ខណៈដែលសមាជិកដ៏សំខាន់មួយរូប បានអវត្តមានពីបញ្ជីក្រុម។

យោងតាមបញ្ជីឈ្មោះកីឡាករដែលត្រូវបានប្រកាសដោយសហព័ន្ធកីឡាបាលទាត់អាហ្សង់ទីន ប្រធានក្រុម Lionel Messi មិនត្រូវបានកោះហៅនោះទេ មូលហេតុដោយសារតែគេមានបញ្ហារបួស។ Messi ដែលបានរកគ្រាប់បាល់បញ្ចូលទីសម្រាប់ Inter Miami ទល់ Atlanta United ក្នុងក្របខណ្ឌ Major League Soccer បានបង្ហាញអាការៈមិនស្រួលនៅជើងខាងឆ្វេងរបស់គេ ហើយក្រោយពីត្រូវបានពិនិត្យរបួសរួចរាល់ គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីនបានសម្រេចចិត្តមិនបញ្ជូនឈ្មោះ ខ្សែប្រយុទ្ធវ័យ៣៧ឆ្នាំទៅក្នុងបញ្ជីក្រុម។

Messi បានខកខានបង្ហាញខ្លួនជាច្រើនប្រកួតរួចមកហើយសម្រាប់ Inter Miami រដូវកាលនេះ ដោយសារតែបញ្ហាកាយសម្បទា នេះបើយោងតាមការបញ្ជាក់ពីអ្នកចាត់ការ Javier Mascherano។ ក្នុងខែមីនានេះ គេបានខកខាន៣ប្រកួត ហើយត្រលប់មកវិញ ក្នុងជំនួបជើងទី២ វគ្គ១៦ក្រុមចុងក្រោយ Concacaf Champions Cup ទល់ Cavalier SC។

ក្រៅពីម្ចាស់ពាន Ballon d’Or ៨សម័យក៏មានសមាជិកសំខាន់ៗមួយចំនួនផ្សេងទៀតផងដែរ ដែលនឹងមិនមានឈ្មោះក្នុងបញ្ជីក្រុមអាហ្សង់ទីនរួមមាន Paulo Dybala, Gonzalo Montiel និង Giovani Lo Celso៕