«ខ្សែបម្រើ Donny van de Beek នឹងរួមចំណែកយ៉ាងធំធេងសម្រាប់ Manchester United រដូវកាលនេះ»។ នេះជាការបញ្ជាក់របស់លោក Ole Gunnar Solskjaer ដែលការពារការសម្រេចចិត្តរបស់លោកក្នុងការមិនសូវដាក់ខ្សែបម្រើជម្រើសជាតិហុល្លង់រូបនេះចូលលេងក្រោយទិញពី Ajax ក្នុងតម្លៃ៣៥លានផោន។
Van de Beek ទើបតែបានជាប់ជម្រើសដំបូង២លើកគត់ក្នុងចំណោមការបង្ហាញខ្លួន៧លើកក្នុងរដូវកាល២០២០-២១នេះ គឺក្នុងពាន EFL Cup ទាំង២ដង ហើយពេលស្មើ Chelsea ០-០សប្ដាហ៍មុន គ្មានវត្តមានរូបគេលើទីលានឡើយ។
ការណ៍ដែល Van de Beek មិនសូវជាប់ជម្រើស១១នាក់ នាំឱ្យអ្នកវិភាគជាច្រើនរួមទាំង Patrice Evra និង Jamie Carragher ចោទជាចម្ងល់ថាហេតុអ្វី Man Utd ទិញខ្សែបម្រើរូបនេះមក?
លោក Solskjaer លើកឡើងតបទៅវិញថា៖ «វាបង្ហាញយ៉ាងខ្លាំងអំពីភាពមុតមាំនៃគុណភាពរបស់យើងដែលយើងមិនចាំបាច់ត្រូវប្រើគេ(Van de Beek)គ្រប់ប្រកួតទេ។ វាសបញ្ជាក់អំពីមហិច្ឆតារបស់ពួកយើង។ ពីរបីថ្ងៃយើងមានការប្រកួតម្ដង ដូច្នេះយើងត្រូវផ្លាស់ប្ដូរជម្រើសរបស់យើង។ ហើយអ្នកត្រូវដឹងថាមិនមែនទាល់តែលេង១១នាក់ដំបូង៣ប្រកួតជាប់គ្នាទើបមានន័យថាអ្នកជាផ្នែកសំខាន់របស់ក្រុមនោះទេ»។
«ខ្ញុំមុខជាខកចិត្តប្រសិនមិត្តរួមក្រុមរបស់ខ្ញុំនិយាយថាខ្ញុំមិនមែនជាសមាជិកសំខាន់នៅ Manchester United ដោយសារតែខ្ញុំមិនបានជាប់ជម្រើស១១នាក់ដំបូងច្រើនប្រកួត។ Donny នឹងពិតជាសមាជិកដ៏សំខាន់សម្រាប់ពួកយើង។ កុំបារម្ភពីរឿងនេះអី»៕