Skip to content
នរណាខ្លះជាជម្រើសការពារកណ្ដាលនៅសល់សម្រាប់ Klopp ក្រោយ Fabinho របួសម្នាក់ទៀត?
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

នរណាខ្លះជាជម្រើសការពារកណ្ដាលនៅសល់សម្រាប់ Klopp ក្រោយ Fabinho របួសម្នាក់ទៀត?

ខ្សែបម្រើការពារជម្រើសជាតិប្រេស៊ីល Fabinho បានរងរបួសសរសៃពួរភ្លៅអំឡុងការប្រកួត Champions League ដែល Liverpool បានឈ្នះ២-០លើ Midtjylland ក្នុងពូល D យប់ថ្ងៃអង្គារទី២៧ខែតុលាឆ្នាំ២០២០។

Fabinho ត្រូវបានលោក Jurgen Klopp ប្រើប្រាស់ជាខ្សែការពារកណ្ដាលតាំងពី Virgil van Dijk រងរបួសជង្គង់ធ្ងន់ធ្ងរក្នុងជំនួប Merseyside derby ស្មើ Everton កាលពីថ្ងៃទី១៧ខែតុលាមក។ តែពេលនេះ អតីតសមាជិក Monaco ខាងលើចូលក្នុងបញ្ជីរបួសម្នាក់ទៀតហើយជាមួយ Van Dijk និង Joel Matip ស្របពេលរយៈពេលអវត្តមាននៅមិនទាន់ត្រូវបានដឹងជាក់លាក់ ដោយរង់ចាំស្គែនពិនិត្យសិន។

នៅពេលត្រូវបានសួរថាតើនឹងដាក់កីឡាករណាលេងការពារកណ្ដាលជំនួសក្នុងការប្រកួត Premier League ទល់នឹង West Ham United នាថ្ងៃសៅរ៍ទី៣១ខែតុលា លោក Klopp តបថាលោកមិនទាន់ដឹងនៅឡើយទេ។

ប៉ុន្តែ កីឡាករវ័យ១៩ឆ្នាំ Rhys Williams ដែលបានលេងនៅលីគទី៦ជាមួយក្លិប Kidderminster Harriers លើកិច្ចសន្យាខ្ចី ត្រូវបានលោក Klopp ប្ដូរចូលឱ្យចាប់ដៃគូជាមួយ Joe Gomez យប់មិញ។ អ្នកចាត់ការហង្សក្រហមនិយាយថា Rhys មានការលេងដ៏ល្អមួយ។

ម្នាក់ទៀតដែលត្រូវបានលោក Klopp លើកឡើងក្នុងសន្និសីទក្រោយការប្រកួតដែរនោះគឺកីឡាករវ័យ២៣ឆ្នាំ Nathaniel Phillips។ កីឡាកររូបនេះបានបង្ហាញខ្លួនលើកដំបូងសម្រាប់ក្រុមធំហង្សក្រហមកាលថ្ងៃទី៥ខែមករាឆ្នាំ២០២០ ក្នុងពាន FA Cup ជុំទី៣ទល់ Everton មុនទៅ Stuttgart លើកិច្ចសន្យាខ្ចីដល់ចប់រដូវកាល៕