Skip to content
ម្ចាស់​ក្លិប Man Utd សូម​ទោស​អ្នកគាំទ្រ​ជា​សាធារណៈ​យ៉ាង​កម្រ
    ទំព័រដើម  »  កីឡាជាតិ

ម្ចាស់​ក្លិប Man Utd សូម​ទោស​អ្នកគាំទ្រ​ជា​សាធារណៈ​យ៉ាង​កម្រ

សហប្រធានក្លិប Manchester United លោក Joel Glazer និយាយ​ថា​ក្លិប​សូមទោស​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ចំពោះ​កោលាហល​ដែល​បណ្ដាល​មកពី​គម្រោង​ពាន European Super League។

ការ​និយាយ​ជា​សាធារណៈ​​យ៉ាង​កម្រ​របស់​មហាសេដ្ឋី​អាមេរិក​រូបនេះ​​កើត​ឡើង​បន្ទាប់​ពី​មហាសេដ្ឋី​អាមេរិក​ម្ចាស់​ក្លិប Liverpool លោក John W Henry បាន​សូម​ទោស​អ្នកគាំទ្រ​ហង្ស​ក្រហម​។

លោក Glazer និយាយ​ក្នុង​លិខិត​ចំហ​មួយ​ទៅ​កាន់​អ្នក​គាំទ្រ​ថា​៖ «ពួក​យើង​បាន​បរាជ័យ​ក្នុងការ​បង្ហាញ​ការ​គោរព​គ្រប់គ្រាន់​ចំពោះ​ប្រពៃណី​ដែល​ចាក់​ឫស​យ៉ាង​ជ្រៅ​របស់​ក្លិប​​។ ពួក​យើង​សូម​ទោស​ចំពោះ​រឿងនេះ​។ នេះជា​ក្លិប​បាល់ទាត់​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ពិភពលោក ហើយ​ពួក​យើង​សូម​ទោស​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ចំពោះ​កោលាហល​ដែល​​កើត​ឡើង​ក្នុង​ពេល​ពីរបី​ថ្ងៃ​ចុង​ក្រោយនេះ​។ Manchester United មាន​មរតក​ដ៏​មហាសាល​ហើយ​ពួក​យើង​មើល​ឃើញ​ទំនួល​ខុសត្រូវ​របស់​យើង​ក្នុងការ​បំពេញ​ឱ្យ​សម​ស្រប​ទៅ​នឹងតម្លៃ​និង​ប្រពៃណី​ដ៏​អស្ចារ្យ​របស់​ក្លិប​នេះ»។

លោក Glazer បន្ថែម​ថា​​ក្លិប​ក៏​បាន​ដឹង​ខ្លួន​ថា​ត្រូវការ​មានទំនាក់ទំនង​ប្រសើរ​ជាង​នេះ​ជាមួយ​អ្នកគាំទ្រ​និង​​​ធ្វើការ​រួម​គ្នា​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​រយៈ​ពេល​វែង​ចំពោះ​បញ្ហា​ប្រឈម​ក្នុង​បាល់ទាត់​។

អ្នក​សារព័ត៌មាន BBC Sport លោក Simon Stone និយាយ​ថា​នេះ​ជា​ការ​និយាយ​ដ៏​កម្រ​របស់លោក Glazer អំពី Man Utd​។ មហាសេដ្ឋី​រូបនេះ​បាន​និយាយ​​តែ​មួយ​លើក​គត់​ក្នុង​សម្ភាសន៍​ជាមួយ​ទូរទស្សន៍ MUTV ពេល​លោក​ចូល​គ្រប់គ្រង​ក្លិបនេះ​ក្នុង​ឆ្នាំ​២០០៥​។

ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់អង់គ្លេស និយាយ​ថា​សោមនស្ស​ណាស់​ដែល​ការ​ប្រឆាំង​របស់​អ្នកគាំទ្រ​ចំពោះ​ពាន ESL ​ត្រូវ​បាន​គេ​ឮ​និង​ស្ដាប់​តាម​៕