ខ្សែអាត់វីដេអូមួយបញ្ចេញដោយនគរបាលក្រុង បានបង្ហាញថាខ្សែការពារជនជាតិប្រេស៊ីល Gabriel របស់ Arsenal បានប្រយុទ្ធតដៃយ៉ាងក្លាហានទល់នឹងក្រុមចោរប្លន់ដែលប៉ុនប៉ងប្លន់រថយន្តតម្លៃ៦ម៉ឺនដុល្លារនិងគ្រឿងអលង្ការរបស់គេ ឱ្យរត់ផាសក្រញាំ។ ហេតុការណ៍បានកើតឡើងប៉ុន្មានខែមុននេះ អំឡុងពេល Gabriel នៅមានរបួសជង្គង់មិនទាន់អាចចូលលេងបាន។
Gabriel និងពួកម៉ាកម្នាក់ត្រូវបានក្រុមចោរប្លន់២នាក់តាមមកដល់ផ្ទះក្នុងរាត្រីមួយពេលពួកគេត្រលប់ពីក្រៅមកផ្ទះវិញនៅ Barnet ភាគខាងជើងឡុងដុង។
ចោរទាំង២នាក់សុទ្ធតែពាក់ម៉ាសបិទមុខនិងពាក់មួកកំណាត់គ្របក្បាល ដើរចូលទៅកន្លែងដាក់ឡានរបស់ Gabriel។ ចោរឈ្មោះ Abderaham Muse ដែលមានដំបងបេស្បលនៅនឹងដៃផងនោះ បានប្រើដំបង សម្លុត Gabriel ឱ្យប្រគល់សោរឡាន Mercedes ទូរសព្ទដៃ និងនាឡិកា នៅពេល Gabriel ចុះពីឡានជាមួយពួកម៉ាកឈ្មោះ Rodrigo Tavares។
ពេលនោះ Gabriel បានលើកដៃទាំង២ឡើងលើ រួចហុចសោរឡាននិងដោះនាឡិកាឱ្យចោរ។ រួច ចោរឈ្មោះ Muse បានវាយដោយដំបងទៅលើ Gabriel តែភ្លាមនោះ ខ្សែការពារ Arsenal វ័យ២៣ឆ្នាំ ប្រតិកម្មរហ៍សជាងនិងបានចាក់មុខចោរ រួចក្របួចដៃចោរជាប់។ ជនរងគ្រោះនិងជនល្មើស បានប្រវាយប្រតប់ ប្រទាញប្រទង់គ្នាមួយសន្ទុះ រួចហើយចោរទាំង២ក៏បានរត់ផាសក្រញាំដើម្បីគេចខ្លួន ខណៈមានដៃទី៣ម្នាក់ទៀតនៅរង់ចាំនៅមាត់ទ្វារចូលដើម្បីធានាថាទ្វារមិនជាប់សោរអេឡិចត្រូនិច ដើម្បីរត់ចេញបាន។
ជនល្មើស Muse វ័យ២៦ឆ្នាំត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ៥ឆ្នាំក្នុងខែមុន បន្ទាប់ពីនគរបាលបានរកឃើញថាគេក៏បានពាក់ព័ន្ធក្នុងបទល្មើសប្លន់ក្នុងខែសីហាកន្លងទៅ តាមរយៈ DNA ពីមួករបស់គេដែលបានជ្រុះអំឡុងពេលប្រតាយប្រតប់គ្នា។
ព្រះរាជអាជ្ញារ Martin Lewis បាននិយាយក្នុងសវនាការថាជនរងគ្រោះពុំរងរបួសអ្វីទេ ប៉ុន្តែជនល្មើសបានបង្កឱ្យមានភាពតក់ស្លុតដ៏ធំមួយ។
Muse ជាអ្នកមកពី Tottenham មានប្រវត្តិជាប់ទោសតាំងពី២០០៩មកម្ល៉េះដែលកាលណោះគេត្រូវបានចាប់ខ្លួនដោយសារកាន់កាប់អាវុធដោយខុសច្បាប់។ គេក៏ធ្លាប់ជាប់ទោស៥៦ខែពីបទរក្សាទុកហេរ៉ូអ៊ីនក្នុងបំណងចែកចាយផងដែរ។
គួររំឭកផងដែរថា កាលពីខែកក្កដាឆ្នាំ២០១៩កន្លងទៅ ខ្សែការពារ Arsenal ផ្សេងទៀតគឺ Sead Kolasinac និងអតីតខ្សែបម្រើឆ្នើម Mesut Ozil ក៏ត្រូវបានចោរប្រដាប់អាវុធតាមប្លន់ផងដែរ ប៉ុន្តែ Kolasinac បានប្រយុទ្ធតដៃជាមួយចោរយ៉ាងអស្ចារ្យ។ ក្រុមចោរ២នាក់នោះត្រូវបានកាត់ទោសដាក់ពន្ធនាគារក្នុងឆ្នាំនោះ៕
ប្រភព៖ Dailymail