លោក Frank Lampard ត្រូវបានបញ្ចប់តំណែងជាអ្នកចាត់ការក្លិប Chelsea កាលពីថ្មីៗនេះ បន្ទាប់ពីពួកគេទទួលបានលទ្ធផលខុសឆ្ងាយពីការរំពឹងទុក ទោះបានចំណាយទឹកប្រាក់ជាច្រើននាំយកកីឡាករឆ្នើមៗមកពង្រឹងក្រុម។
អតីតខ្សែបម្រើ និងជាវីរបុរសរបស់ក្រុមតោខៀវលោក Lampard ជាគ្រូបង្វឹកទី១២ ដែលត្រូវបានបណ្ដេញចេញពីតំណែង ក្រោមការត្រួតត្រារបស់ម្ចាស់ក្លិបជនជាតិរុស្ស៊ីលោក Roman Abramovich។ ហើយតើបច្ចុប្បន្ន គ្រូបង្វឹកទាំងនោះទៅដល់ណាហើយ ក្រោយចាកចេញពី Stamford Bridge?
Claudio Ranieri (២០០០-០៤)
អ្នកចាត់ការជនជាតិអ៊ីតាលីរូបនេះ បានចូលកាន់តំណែង មុនពេលលោក Abramovich ទិញក្លិប Chelsea នៅឆ្នាំ២០០៣។ លោក Ranieri ដឹកនាំក្រុមបានតែមួយរដូវកាលប៉ុណ្ណោះ ដោយបានជួយឱ្យពួកគេទទួលបានលទ្ធផលល្អបំផុតនៅពេលនោះ គឺនៅលេខ២ក្នុងតារាង Premier League។
ក្រោយត្រូវបាន Chelsea បណ្ដេញចេញក្នុងឆ្នាំ២០០៤ លោក Ranieri បានបង្វឹកក្លិបផ្សេងៗជាច្រើនទាំងនៅអេស្ប៉ាញ អ៊ីតាលី និងបារាំងជាដើម ហើយបច្ចុប្បន្នលោកដឹកនាំនៅក្លិប Sampdoria។
Jose Mourinho (២០០៤-០៧, ២០១៣-១៥)
បុរសដែលមានរហស្សនាមថា Special One ជាម្នាក់នៅក្នុងចំណោមគ្រូបង្វឹកពីររូបដែល ដឹកនាំក្រុមតោខៀវពីរលើក។ ការមកដឹកនាំនៅទឹកដី Stamford Bridge ដំបូង លោកបានជួយ Chelsea ឈ្នះ Premier League ២រដូវកាលជាប់គ្នា មុនពេលចាកចេញនៅរដូវកាលទី៣ ដោយសារមានជម្លោះជាមួយលោក Abramovic។
លោក Mourinho បានត្រលប់មកកានតំណែងជាអ្នកចាត់ការ Chelsea សារជាថ្មីនៅរដូវកាល ២០១៣-១៤ ហើយបានជួយឱ្យក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដុង ឈ្នះ Premier League នៅរដូវកាលទី២។
ប៉ុន្ដែលោកត្រូវបានបណ្ដេញចេញសារជាថ្មី នៅរដូវកាលទី៣ បន្ទាប់ពីបរាជ័យ៩លើក ក្នុងចំណោម១៦ប្រកួតដំបូងនៅរដូវកាលនោះ។ ក្រោយចែកផ្លូវគ្នាជាមួយ Chelsea អ្នកចាត់ការជនជាតិព័រទុយហ្កាល់ ឡើងកាន់តំណែងជាគ្រូបង្វឹក Manchester United ហើយបាននាំពួកគេឈ្នះ League Cup និង Europa League មុនត្រូវបានបណ្ដេញចេញជំនួសមកវិញដោយលោក Ole Gunnar Solskjaer។
បច្ចុប្បន្នលោក Mourinho កំពុងដឹកនាំ Tottenham ដោយរំពឹងថាអាចជួយពួកគេឈ្នះពានរង្វាន់ ក្រោយខកខានច្រើនឆ្នាំ។
Avram Grant (២០០៧-០៨)
អ្នកចាត់ការជនជាតិអ៊ីស្រាអែល ដែលជាមិត្តជិតស្និទ្ធរបស់លោក Abramovic ត្រូវបានតែងតាំងជាអ្នកចាត់ការ Chelsea ជំនួសលោក Mourinho ប៉ុន្ដែលោក Grant មិនអាចយកឈ្នះចិត្តអ្នកគាំទ្រក្រុមតោខៀវបាន ទោះបីនាំពួកគេឡើងដល់វគ្គផ្ដាច់ព្រ័ត្រ UEFA Champions League នៅឆ្នាំ២០០៨ ក៏ដោយ ដែលកាលនោះបរាជ័យក្រោមថ្វីជើងរបស់ Mancheser United ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី។
ក្រោយមក លោក Grant ទទួលបានឱកាសដឹកនាំ Portsmouth ហើយបានបង្វឹក West Ham មួយរដូវកាលផងដែរ។ បុរសវ័យ៦៥ឆ្នាំរូបនេះ បញ្ចប់អាជីពជាគ្រូបង្វឹកនៅឆ្នាំ២០១៨ ក្រោយកាន់តំណែងជាគ្រូបណ្ដោះអាសន្ននៅក្លិបឥណ្ឌា NorthEast United។
Luis Felipe Scolari (២០០៨-០៩)
លោក Scolari ត្រូវបានចាត់ទុកថា ជាគ្រូបង្វឹកដែលមានបទពិសោធច្រើនក្រាស់ក្រែល ដោយធ្លាប់នាំក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីលឈ្នះ FIFA World Cup 2002 ហើយជួយក្រុមម្ចាស់ផ្ទះព័រទុយហ្គាល់ ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ UEFA Euro 2004 ប៉ុន្ដែចាញ់ក្រិក ១-០។
ទោះយ៉ាងណាក្ដី លោក Scolari ត្រូវបានបណ្ដេញពីតំណែងត្រឹមរយៈពេល៧ខែ នៅពេលដែលក្រុមតោខៀវមិនអាចប្រកួតប្រជែងពាន Premier League ជាមួយ Manchester United។
ក្រោយចាកចេញពីក្លិបនៅឡុងដុង លោកបានកាន់តំណែងជាអ្នកចាត់ការក្លិបអ៊ុយបេគីស្ថាន FC Bunyodkor ប៉ុន្ដែមិនជោគជ័យនៅទីនោះឡើយ ដោយសារបញ្ហាភាសា។ ប៉ុន្ដែក្រោយមកលោកបានជួយក្រុម Palmeiras ឈ្នះជើងឯក Copa do Brazil នៅឆ្នាំ២០១២ មុនពេលលោកត្រូវបានបណ្ដេញចេញពីតំណែងនៅទីនោះ។
លោក Scalori បានដឹកនាំក្រុមម្ចាស់ផ្ទះប្រេស៊ីលឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FIFA World Cup 2014 ដោយបរាជ័យ៧-១ យ៉ាងអាម៉ាសក្រោមថ្វីជើងក្រុមជើងឯកអាល្លឺម៉ង់។
លោកក៏ធ្លាប់ទៅដឹកនាំការប្រកួតឱ្យក្លិបចិនផងដែរ មុនពេលអ្នកចាត់ការវ័យ៧២ឆ្នាំរូបនេះត្រលប់មកប្រេស៊ីលដឹកនាំនៅប្រេស៊ីល ហើយលោកទើបចែកផ្លូវគ្នាជាមួយក្លិប Cruzerio កាលពីថ្ងៃទី២៥ ខែមករាឆ្នាំ២០២១នេះ។
Guud Hiddink (២០០៩ និង ២០១៥-១៦)
លោក Hiddink ជាគ្រូបង្វឹកទី២ដែលដឹកនាំនៅ Chelsea ពីរលើក បន្ទាប់ពីលោក Mourinho។ បុរសជនជាតិហូឡង់ ត្រូវបានតែងតាំងជាគ្រូបង្វឹកបណ្ដោះអាសន្ននៅទឹកដី Stamford Bridge ដើម្បីស្រោចស្រង់ក្រុមសម្រាប់រដូវកាលដែលនៅសល់។
លោកបានជួយក្រុមតោខៀវឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League ប៉ុន្ដែគួរឱ្យស្ដាយ ពួកគេបរាជ័យក្រោមថ្វីជើង Barcelona។ ប្រកួតចុងក្រោយដែលលោកដឹកនាំនៅឆ្នាំ២០០៩ គឺវគ្គផ្ដាច់ព្រ័ត្រ FA Cup ដែលពួកគេគ្រងតំណែងជាជើងឯក។
លោក Hiddink បានត្រលប់មកជួយស្រោចស្រង់ Chelsea សារជាថ្មីនៅឆ្នាំ ២០១៥ ក្រោយលោកលោក Mourintho ត្រូវបានបណ្ដេញចេញជាលើកទី២ ដោយបានដឹកនាំ Chelsea ឈរនៅពាក់កណ្ដាលតារាងបន្ទាប់ពីមិនបរាជ័យ១២ប្រកួតដំបូងហើយលោកបានចាកចេញក្រោយចប់រដូវកាល។ បច្ចុប្បន្នលោក Hiddink កំពុងដឹកនាំក្រុមជម្រើសជាតិ Curacao។
Carlo Ancelotti(២០០៩-១១)
ក្រោយជោគជ័យជាមួយ AC Milan លោក Ancelotti បានចូលកាន់តំណែងជាអ្នកចាត់ការក្លិប Chelsea ព្រមទាំងបាននាំពួកគេឈ្នះ FA Cup នៅរដូវកាលដំបូង។ ប៉ុន្ដែក្រោយដឹកនាំនៅទឹកដី Stamford Bridge មិនទទួលបានពានអ្វីទាំងអស់នៅរដូវកាលបន្ទាប់ លោកបានបាត់បង់តំណែងក្រោយចាញ់ Everton។
អ្នកចាត់ការជនជាតិអ៊ីតាលីរូបនេះ បានដឹកនាំក្រុមធំៗដូចជា PSG, Real Madrid និង Bayern Munich មុនត្រលប់ទៅដឹកនាំ Napoli នៅប្រទេសកំណើតរបស់ខ្លួន។ ហើយបច្ចុប្បន្នលោក Ancelotti កំពុងដឹកនាំ Everton ឈរនៅលេខ៨ ក្នុងតារាង Premier League។
Andres Villas-Boas(២០១១-១២)
លោក Villas-Boas ត្រូវបានចាត់ទុកថាជា Mourinho ទី២ក្រោយទទួលបានភាពជោគជ័យនៅ Porto។ ប៉ុន្ដែក្រោយដឹកនាំ Chelsea បាន៩ខែលោកត្រូវបានបណ្ដេញចេញពីតំណែង។
ក្រោយមកលោកបានចូលខ្លួនមកដឹកនាំ Tottenham Hotspur បានរយៈពេលខ្លីហើយបានចែកផ្លូវគ្នាជាមួយពួកគេ។ ចំណាយពេល២ឆ្នាំនៅ Zenit Saint Petersburg លោកបានជួយក្លិបរុស្ស៊ីមួយនេះ ឈ្នះជើងឯកលីគកំពូលរុស្ស៊ី និង Russian Cup។
នៅឆ្នាំ២០១៦ អ្នកចាត់ការជនជាតិព័រទុយហ្កាល់ បានទៅដឹកនាំក្លិបចិន Shanghai SIPG មួយរដូវកាល ហើយជួយឱ្យពួកគេក្លាយជាក្រុមប្រជែងជើងឯកនៅទីនោះ។ បច្ចុប្បន្នលោក Villas-Boas នៅដឹកនាំក្លិបបារាំង Marseille។
Roberto Di Matteo (២០១២)
នៅពេលលោក Villas-Boas ត្រូវបានបណ្ដេញចេញពីតំណែង ជំនួយការរបស់លោកគឺ Di Matteo បានកាន់តំណែងជាអ្នកចាត់ការបណ្ដោះអាសន្ន Chelsea តែជោគជ័យជ័យឈ្នះពាន UEFA Champions League។ លោកបានចុះកិច្ចសន្យាជាអចិន្ដ្រៃយ៍ជាមួយ Chelsea ២ឆ្នាំ ប៉ុន្ដែមិនបានត្រូវបានបណ្ដេញពីតំណែងនៅរដូវកាលបន្ទាប់ ក្រោយទទួលបានលទ្ធផលមិនល្អក្នុងការប្រកួតជាបន្ដបន្ទាប់។
Di Matteo ពុំមានក្លិបដឹកនាំទេបច្ចុប្បន្ននេះ ក្រោយត្រូវបានក្លិប Aston Villa បណ្ដេញចេញពីតំណែងកាលពីខែតុលា ឆ្នាំ២០១៦។
Rafa Benitez (២០១២-១៣)
អតីតអ្នកចាត់ការក្លិប Liverpool ត្រូវបានតែងតាំងជាគ្រូបង្វឹកបណ្ដោះអាសន្ននៅ Chelsea ជំនួសលោក Di Matteo ដែលត្រូវបានបណ្ដេញចេញពីតំណែង។ លោក Benitez បានជួយក្រុមតោខៀវឈ្នះ Europa League និងបញ្ចប់រដូវកាលជាមួយចំណាត់ថ្នាក់លេខ៤ក្នុងតារាង Premier League មុនចាកចេញពីទីនោះ។
កាលពីសប្ដាហ៍មុនលោកបានប្រកាសចែកផ្លូវគ្នាជាមួយក្លិបចិន Dalian Pro។ ហើយថ្មីៗនេះលោកមានការផ្សារភ្ជាប់ជាមួយអតីតក្លិបនៅអង់គ្លេស Newcastle United។
Antonio Conte (២០១៦-១៨)
ស្រដៀងគ្នាទៅនឹងលោក Carlo Ancelotti ដែរ, អ្នកចាត់ការជនជាតិអ៊ីតាលីលោក Conte ចាប់ផ្ដើមរដូវកាលជាមួយលទ្ធផលល្អនៅ Premier League ដោយបានជួយពួកគេឈ្នះជើងឯកនៅរដូវកាលដំបូង។
រដូវកាលបន្ទាប់ Chelsea ឈ្នះ FA Cup ប៉ុន្ដែលោកត្រូវបានបញ្ចប់តំណែង ក្រោយខកឱកាសទទួលបានកៅអីលេងនៅ UCL។ បច្ចុប្បន្នលោក Conte កំពុងដឹកនាំ Inter Milan ប្រកួតប្រជែងពាន Serie A ជាមួយ AC Milan។
Maurizio Sarri (២០១៨-១៩)
ការមកដល់របស់គ្រូបង្វឹកដែលបានឱ្យងារថា The Chain-smoker មិនសូវទទួលបានការសាទរពីសំណាក់អ្នកគាំទ្រ Chelsea នោះទេ ទោះបានជួយពួកគេឈ្នះ Europa League នឹងឈរនៅលេខ៣ក្នុងតារាង Premier League នៅរដូវកាលដំបូងដែលលោកបានដឹកនាំនៅទីនោះ។ លោក Sarri បានត្រលប់ទៅអ៊ីតាលីវិញ ដោយបានដឹកនាំ Juventus នៅឆ្នាំ២០១៩ ប៉ុន្ដែលោកត្រូវបានបណ្ដេញចេញពីតំណែង ក្រោយបរាជ័យនៅវគ្គ១៦ក្រុមចុងក្រោយ UEFA Champions League ក្រោមថ្វីជើង Lyon នៅឆ្នាំ២០២០៕