Real Madrid បានស្ថិតនៅផ្លូវបំបែកមួយអំឡុងរដូវក្ដៅ២០២១នេះ នៅពេលពួកគេបាត់បង់ដៃគូការពារកណ្ដាលដ៏ជោគជ័យ Sergio Ramos និង Raphael Varane ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយក្លិបឈ្នះពានរង្វាន់ធំៗជាច្រើនក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយ។ ដោយ Varane បានផ្ទេរទៅចូលរួម Manchester United ក្នុងតម្លៃប្រហែល៤១លានផោន ខណៈ Ramos ទៅចូលរួម Paris St Germain ដោយគ្មានតម្លៃផ្ទេរ បន្ទាប់ពីផុតកិច្ចសន្យា។
ប៉ុន្តែក្នុងរយៈពេលត្រឹម១០០ថ្ងៃ ដៃគូការពារថ្មី David Alaba និង Eder Militao បានធ្វើឱ្យការចងចាំដៃគូចាស់ Ramos-Varane រសាត់ឆ្ងាយពីដួងចិត្តអ្នកគាំទ្រក្រុមអធិរាជស។
មនុស្សមួយចំនួនបានអះអាងថាវាមិនអាចទៅរួចឡើយសម្រាប់ Real ក្នុងការបន្តទទួលបានជោគជ័យភ្លាមៗ បន្ទាប់ពីបាត់បង់ Ramos និង Varane ក្នុងពេលតែមួយ។ ប៉ុន្តែផ្ទុយទៅវិញ អ្នកចាត់ការថ្មី Carlo Ancelotti បាននិងកំពុងធ្វើការយ៉ាងអស្ចារ្យជាមួយ Militao ដោយបានបង្កើនទំនុកចិត្តនៃការលេងរបស់ខ្សែការពារកណ្ដាលប្រេស៊ីលវ័យ២៣ឆ្នាំរូបនេះ ខណៈវត្តមាននៅក្បែរដោយខ្សែការពារអូទ្រីសដ៏សម្បូរបទពិសោធ Alaba ធ្វើឱ្យពួកគេក្លាយជាដៃគូការពារដ៏រឹងមាំ។
Real បានចាប់ផ្ដើមរដូវកាលនៅថ្ងៃទី១៤ខែសីហាឆ្នាំ២០២១ ប៉ុន្តែរង់ចាំរហូតដល់ថ្ងៃទី២៨ខែសីហាទើប Alaba និង Militao បានលេងជាមួយគ្នាជាលើកដំបូងនៅតំបន់ការពារកណ្ដាលរបស់ក្រុមលោក Ancelotti។
មកទល់ពេលនេះ មានរយៈពេល១០០ថ្ងៃហើយតាំងពីការប្រកួតទល់ Real Betis នោះមក ដែល Alaba និង Militao បានចាប់ដៃគូគ្នាការពារកណ្ដាល ហើយក្រុមអធិរាជសកំពុងនាំមុខយ៉ាងត្រដែតនៅកំពូលតារាង La Liga ដ្បិតមានកំពែងប្រព័ន្ធការពារដ៏រឹងមាំ។
Alaba-Militao បានបង្ហាញថាពួកគេជាកីឡាករដែលលោក Ancelotti មិនអាចទម្លាក់ពីជម្រើសដំបូងបាន ហើយពួកគេជាផ្នែកដ៏សំខាន់នៃការរៀបចំយុទ្ធសាស្ត្ររបស់លោក Ancelotti។
អ្នកចាត់ការជនជាតិអ៊ីតាលីរូបនេះបាននិយាយយ៉ាងពេញចិត្តថាគុណភាពរបស់ដៃគូការពារទាំង២នាក់នេះគឺល្អវិសេសណាស់។ ពួកគេទាំង២មានលក្ខណៈផ្សេងគ្នា។ Militao កម្លាំងខ្លាំងណាស់ ឯ Alaba សម្របខ្លួនបានល្អណាស់។ ពួកគេទាំង២យល់ចិត្តគ្នានិងជួយបំពេញឱ្យគ្នាទៅវិញទៅមកបានយ៉ាងល្អ៕
ប្រភព៖ Marca