គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិថៃ លោក Mano Polking បាននិយាយថាវត្តមានមកដល់នៃតារាបាល់ទាត់មានមូលដ្ឋានក្នុងលីគកំពូលជប៉ុន Chanathip Songkrasin និង Theerathon Bunmathan នឹងជួយពង្រឹងគុណភាពក្រុមដំរីសឹកក្នុងការប្រជែងជើងឯក AFF Cup 2020 នេះ។
តារាល្បីថៃទាំង២ខាងលើបានខកខានការប្រកួតបើកឆាករបស់ថៃដែលឈ្នះទីម័រខាងកើត២-០កាលពីថ្ងៃអាទិត្យទី៥ខែធ្នូឆ្នាំ២០២១ ដោយសារជាប់ភារកិច្ចជាមួយក្លិបក្នុង J-League 1។
ខ្សែបម្រើប្រយុទ្ធវ័យ២៨ឆ្នាំ Chanathip រហស្សនាម Messi Jay ដែលទើបត្រូវបានតែងតាំងជាប្រធានក្រុមថ្មីនៃជម្រើសជាតិថៃ បានចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមកាលពីដើមសប្ដាហ៍នេះ បន្ទាប់ពីមកដល់សិង្ហបុរីថ្ងៃអាទិត្យ។
ខ្សែការពារស្លាបឆ្វេងវ័យ៣១ឆ្នាំ Theerathon សមាជិកក្លិប Yokohama F. Marinos បានដាក់ខ្លួននៅដោយឡែក១ថ្ងៃ បន្ទាប់ពីមកដល់សិង្ហបុរីកាលថ្ងៃចន្ទ ដើម្បីតម្រូវតាមវិធានសុខាភិបាលប្រឆាំងកូវីដ១៩។
Chathathip ដែលជាសមាជិកក្លិប Hokkaido Consadole Sapporo និយាយថាគេស្រេកឃ្លានចង់លេងសម្រាប់ក្រុមដំរីសឹក និងប្ដេជ្ញាចិត្តជួយក្រុមឱ្យឈ្នះជើងឯកអាស៊ីអាគ្នេយ៍ជាថ្មី ក្រោយវៀតណាមដណ្ដើមបានកាលពី២០១៨ ខណៈថៃឈ្នះលើកចុងក្រោយក្នុងឆ្នាំ២០១៦។
កីឡាករកម្ពស់១ម៉ែត្រ៥៨និយាយថា ៖ «ខ្ញុំខានលេងឱ្យក្រុមជម្រើសជាតិថៃយូរគួរសមដែរហើយ ហើយខ្ញុំស្រេកឃ្លានចង់ជួយក្រុម។ ពួកយើងមកទីនេះដើម្បីនាំយកពានរង្វាន់ត្រលប់ទៅថៃវិញ»។
ទន្ទឹមនឹងនេះ Chanathip ដែលបានលើកពាន AFF Cup 2014 និង 2016 ជាមួយថៃ បន្ថែមថាវាជាកិត្តិយសសម្រាប់គេដែលអ្នកចាត់ការក្រុមជម្រើសជាតិនិងគ្រូបង្គោលក្រុមជម្រើសជាតិផ្ដល់ការជឿជាក់លើរូបគេនិងឱ្យគេធ្វើប្រធានក្រុមជម្រើសជាតិ។ គេនឹងខំឱ្យអស់ពីសមត្ថភាព។
ចំណែកលោក Polking គ្រូបង្គោលថៃ និយាយថា៖ «ការមាន Chanathip និង Theerathon ជាមួយពួកយើងសម្រាប់ការប្រកួតទី២ គ្រប់គ្នាដឹងថាកីឡាករទាំង២នាក់នេះជាកីឡាករល្អបំផុតក្នុងតំបន់ ហើយការមានពួកគេនឹងច្បាស់ជាជួយក្រុមបានប្រសើរឡើង»។
ប្រកួតទី២របស់ថៃក្នុងពូល A គឺត្រូវប៉ះ មីយ៉ាន់ម៉ា នៅថ្ងៃសៅរ៍ទី១១ខែធ្នូ។
ទាក់ទងនឹងប្រកួតដំបូងទល់ទីម័រខាងកើត ថៃរកបាន២គ្រាប់ក្នុងវគ្គទី២ ដោយកីឡាករ Pathompol Charoenrattanapirom ក្នុងនាទី៥១ និងគ្រាប់ចុងក្រោយរកបានដោយ Supachok Sarachat ក្នុងនាទី៨១ បន្ទាប់ពីស្មើ០-០ក្នុងវគ្គទី១។
លោក Polking និយាយថាលោកបានដឹងមុនរួចទៅហើយថា ទីម័រខាងកើត នឹងលេងការពារជ្រៅ។ នៅពេលចាប់ផ្ដើមវគ្គទី២ លទ្ធផលនៅ០ស្មើ លោក Polking សារភាពថាមានអារម្មណ៍អន្ទះអន្ទែងបន្តិចដែរ ប៉ុន្តែទោះបីយ៉ាងណាលោកសប្បាយចិត្តដែលទទួលបានជ័យជម្នះនៅទីបញ្ចប់។ ៣ពិន្ទុពីការប្រកួតបើកឆាកគឺសំខាន់។
គួរជម្រាបផងដែរថា អ្នកចាត់ការក្រុមជម្រើសជាតិថៃ អ្នកស្រី Nualphan Lamsam ហៅ Madam Pang ដែលជាប្រធាននិងនាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងដ៏ធំរបស់ថៃ បានសន្យាថាប្រសិនថៃឈ្នះជើងឯក AFF Cup 2020 នេះ អ្នកស្រីនឹងផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្ត២០លានបាតស្មើនឹងប្រមាណ៦០ម៉ឺនដុល្លារអាមេរិក ដល់កីឡាករ បន្ថែមពីលើប្រាក់រង្វាន់៣០ម៉ឺនដុល្លារពីសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍សម្រាប់ក្រុមជើងឯក៕
ប្រភព៖ Bangkokpost