Skip to content
ដៃគូចម្រុះកីឡាវាយសីថៃជាប់ចំណាត់ថ្នាក់លេខ១ពិភពលោក
    ទំព័រដើម  »  កីឡាជាតិ

ដៃគូចម្រុះកីឡាវាយសីថៃជាប់ចំណាត់ថ្នាក់លេខ១ពិភពលោក

កីឡាករវាយ​សី​ជម្រើស​ជាតិ​ថៃ​ Dechapol Puavaranukroh និងកីឡាការិនី Sapsiree Taerattanachai ក្លាយ​ជា​ដៃគូ​ចម្រុះ​លំដាប់កំពូល​របស់​ពិភពលោក​​ជា​ផ្លូវការ បន្ទាប់​ពី​សហព័ន្ធ​កីឡា​វាយសី​ពិភពលោក (BWF) បាន​ចេញ​ចំណាត់ថ្នាក់​ចុងក្រោយ​របស់​ខ្លួន​កាល​ថ្ងៃ​អង្គារ​ទី​៧ខែធ្នូ​ឆ្នាំ​២០២១​។

ដៃគូបុរសនារីខាង​កីឡាវាយសី​ថៃ​ខាង​លើ​បាន​វ៉ា​ឡើងលើ​ដៃគូ​ចម្រុះ​ចិន Zheng Siwei និង Huang Yaqiong ក្លាយ​ជា​ដៃគូ​ចម្រុះ​លេខ​១​​របស់​ពិភពលោក បន្ទាប់​ពី​ពួក​គេ​បាន​ឈ្នះ​ជើងឯក BWF World Tour Finals នៅ​បាលី កាល​ពីថ្ងៃ​អាទិត្យ​។

ជ័យជម្នះ​​នេះ​គឺជា​ការ​ឈ្នះ​​ជើងឯក​៣​ដង​ជាប់​គ្នា​ក្នុង​៣​ព្រឹត្តិការណ៍​ចុង​ក្រោយ​នៃ​រដូវកាល World Tour 2021 របស់​សហព័ន្ធ​កីឡា​វាយ​សី​ពិភពលោក ដែល​បាន​ធ្វើនៅ​រមណីយដ្ឋាន​កោះ​ដ៏​ល្បី​របស់​ឥណ្ឌូនេស៊ី​។

ហើយនេះ​ក៏ជា​ការ​ឈ្នះ​ពាន​លើក​ទី​៤​ជាប់​គ្នា​ផង​ដែរ​របស់ Dechapol ​វ័យ​២៤​ឆ្នាំ និង Sapsiree ​វ័យ​២៩​ឆ្នាំ បន្ទាប់​ពី​បាន​ឈ្នះ​ពាន​មួយ​នៅ​អាល្លឺម៉ង់ មុន​ទៅ​ប្រកួត​នៅ​បាលី​។

កាល​ពី​ចុង​រដូវកាល​២០២០ដែល​បាន​អូស​បន្លាយ​មក​បញ្ចប់​នៅ​ដើម​ខែ​មករា​ឆ្នាំ​២០២១​នេះ ដៃគូ​ចម្រុះ​ដ៏​ខ្លាំង​របស់​ថៃ​ខាង​លើ​ក៏​បាន​ឈ្នះ​ជើងឯក​៣​កម្មវិធី​ជាប់​គ្នា​ផង​​ដែរ​។

ដៃគូ​ចម្រុះ​ចិន Zheng Siwei និង Huang Yaqiong មិនបាន​​ចូល​រួមប្រកួត​នៅ​បាលី​ទេ ដោយសារ​ការ​រឹតបន្តឹង​ការ​ធ្វើដំណើរ​របស់​ប្រទេស​ចិន​។

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បាន​សរសេរ​លើ​បណ្ដាញ​សង្គម អបអរសាទរ​កីឡាករ Dechapol និង​កីឡាការិនី​ Sapsiree ដោយ​មានប្រសាសន៍​ថា​អ្នក​ទាំង​២​បាន​ចារ​ជំពូក​ថ្មី​នៃ​ប្រវត្តិសាស្ត្រ​កីឡា​វាយ​សីថៃ និង​ជា​គំរូ​ដ៏​ល្អ​​ថ្មី​មួយ​ទៀត​សម្រាប់​អត្តពលិក​ថៃ​ដែល​ចង់​ជោគជ័យ គឺ​ត្រូវ​មានការ​ប្ដេជ្ញាចិត្ត​និង​ខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំងក្លា។ លោក ប្រាយុទ្ធ ក៏​បាន​កោត​សរសើរ​ចំពោះ​សហព័ន្ធ​កីឡា​វាយសី​ថៃ និង​គ្រូ​បង្វឹកទាំង​ឡាយ​ផង​ដែរ​​សម្រាប់​ការ​បណ្ដុះបណ្ដាល​បាន​កីឡាករ កីឡាការិនី​ល្អ​ៗ។

ជាមួយ​គ្នានេះ នាយករដ្ឋមន្ត្រី​ថៃ​ក៏​បាន​កោតសរសើរ​អតីត​កីឡាការិនី​ថៃ​លំដាប់​ទី​១​ពិភពលោក Ratchanok Intanon និង​កីឡាករ​ Kunlavutt Vitidsarn វ័យ​២០​ឆ្នាំ ដែល​ជា​កីឡាករ​លំដាប់កំពូល​របស់ថៃ​ផ្នែក​បុរស ដែល​មានចំណាត់​ថ្នាក់​ទី​១៨​ពិភពលោក ចំពោះ​ការ​ឈ្នះ​ពាន​រង្វាន់កីឡាករ​រះថ្មី​របស់​សហព័ន្ធ​កីឡាវាយសី​ពិភពលោក ប្រចាំ​ឆ្នាំ​២០២១​។

លោក ប្រាយុទ្ធ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ជោគជ័យ​ខាង​លើ​គឺ​មានការ​រួមចំណែក​ពី​គោលនយោបាយ​របស់​លោកនិង​របស់​រដ្ឋាភិបាល​ក្នុងការ​គាំទ្រ​អត្តពលិក​គ្រប់​​​វិញ្ញាសា​ទាំង​អស់​ ចាប់​ពី​កម្រិត​ថ្នាល​រហូត​ដល់​កម្រិត​អាជីព​៕

ប្រភព៖ Bangkokpost