Skip to content
អ្នកចំណេញ និងអ្នកខាត ពីការចាប់ឆ្នោតជាថ្មី ក្នុងវគ្គ១៦ក្រុមចុងក្រោយ UCL
    ទំព័រដើម  »  កីឡាជាតិ

អ្នកចំណេញ និងអ្នកខាត ពីការចាប់ឆ្នោតជាថ្មី ក្នុងវគ្គ១៦ក្រុមចុងក្រោយ UCL

ការចាប់ឆ្នោត UEFA Champion League វគ្គ១៦ក្រុមចុងក្រោយ ត្រូវបានរៀបចំធ្វើសារឡើងវិញ បន្ទាប់ពីមានកំហុសបច្ចេកទេសក្នុងការចាប់គូក្នុងពេលរៀបចំដំបូង។

កំហុសដែលកើតឡើងត្រូវបានមើលឃើញនៅពេលដែល Manchester United ត្រូវបានចាប់ឆ្នោតប៉ះ Villarreal ដែលជាក្រុមលេងតទល់ជាមួយពួកគេក្នុងវគ្គចែកពូល រួចទៅហើយ។

តាមច្បាប់ UEFA បានកំណត់ គឺក្រុមដែលស្ថិតនៅក្នុងពូលជាមួយគ្នា មិនអាចចាប់ឆ្នោតប៉ះគ្នាក្នុងវគ្គ១៦ក្រុមនោះទេ ទើបមានការសម្រេចចាប់ឆ្នោតជាថ្មី។ នៅពេលដែលចាប់ឆ្នោតជាថ្មី នឹងធ្វើឱ្យមានបម្រែបម្រួលក្រុមដែលត្រូវជួបប្រកួតតទល់គ្នា ដែលអាចធ្វើឱ្យមានអ្នកចំណេញ និងអ្នកដែលខាតពីការចាប់ឆ្នោតលើកទី២នេះ។

អ្នកចំនេញ

ក្នុងចំណោមអ្នកដែលចំណេញសម្រាប់ការចាប់ឆ្នោតជាថ្មីនេះ គឺ Manchester United ខ្លួនឯងតែម្ដង ដែលការចាប់លើកទី១ ត្រូប៉ះ Paris Saint-Germain ដែលជាឱកាសឱ្យ Cristiano Ronaldo ជួបជាមួយ Lionel Messi។

ប៉ុន្ដែលទ្ធផលចាប់ឆ្នោតជាផ្លូវការលើកទី២ បង្ហាញថាក្រុមបិសាចក្រហម នឹងជួប Atletico Madrid ដែលជាក្រុមកម្រិតខ្ពស់មួយដែរ ប៉ុន្ដែពួកគេជាក្រុមដែលមិនសូវធ្វើបានល្អក្នុងពូល។

ក្រុមការពារតំណែងជើងឯក La Liga បច្ចុប្បន្នកំពុងឈរនៅលេខ៤ក្នុងតារាងលីគកំពូលអេស្ប៉ាញបច្ចុប្បន្ន ប៉ុន្ដែការជួបក្រុមម្ចាស់ផ្ទះ Old Trafford ហាក់មានភាពងាយស្រួលជាងក្រុមដែលចាប់ឆ្នោតជួបគេកាលពីដំបូង។

ដំបូងឡើយ Atletico ត្រូវបានចាប់ឆ្នោតជួបនឹង Bayern Munich ដែលជាក្រុមមួយមានចំណាត់ថ្នាក់ខ្ពស់បំផុតនៅក្នុងចំណោមក្លិបអឺរ៉ុប និងទទួលបានជ័យជម្នះក្នុងវគ្គចែកពូល Champions League រដូវកាលនេះ។

ប៉ុន្ដែការប្ដូរពីការជួបក្រុមការពារជើងឯកលីគកំពូលអេស្ប៉ាញ មកជាក្រុមអូទ្រីស RB Salzburg អាចជាក្ដីសង្ឃឹមកាន់តែខ្ពស់សម្រាប់ក្រុមលោក Julian Nagelsmann។

ដោយឡែកក្រុមខ្លាំងហូឡង់ Ajax ត្រូវបានចាប់ឆ្នោតប៉ះ ក្រុមការពារជើងឯកលីគកំពូលអ៊ីតាលី Inter Milan ប៉ុន្ដែក្នុងការចាប់ឆ្នោតផ្លូវការចុងក្រោយ ពួកគេត្រូវជួប Benfica ដែលឈ្នះតែ២ប្រកួតប៉ុណ្ណោះក្នុងវគ្គចែកពូល។

ការផ្លាស់ប្ដូរនេះក៏ជាផលចំណេញដែរសម្រាប់ Benfica ដែលចៀសផុតពីក្រុមកំពុងឡើងកូដ Real Madrid ដែលចាប់ឆ្នោតប៉ះគ្នាកាលពីដំបូង។

រីឯ Villarreal វិញ ក៏ជួបជាមួយគូប្រកួតងាយស្រួលបន្ដិចដែរ ដោយត្រូវតតាំងជាមួយ Juventus ជាជាងក្រុមជើងឯករង UCL រដូវកាលមុន និងជាក្រុមការពារជើងឯកលីគកំពូលអង់គ្លេស Manchester City។

អ្នកខាត

ទន្ទឹមនឹងការដែល Manchester United ទទួលបានផលចំណេញពីការចាប់ឆ្នោតជាថ្មី ប៉ុន្ដែគូប្រជែងរបស់បិសាចក្រហម Liverpool ប្រឈមនឹងការលំបាកជាងកាលចាប់គូលើកទី១។

ក្រុមហង្សក្រហមដំបូងឡើយ ត្រូវតតាំងជាមួយ Salzburg ប៉ុន្ដែបច្ចុប្បន្ន ពួកគេត្រូវជួបក្រុមខ្លាំងនៅអ៊ីតាលី Inter Milan ដែលគ្រងតំណែងកំពូលតារាង Serie A។

ក្រុមកំពូលតារាង La Liga, Real Madrid ត្រូវបានចាត់ទុកថា ជាក្រុមដែលមានសង្ឃឹមខ្ពស់ក្នុងការប្រជែងដណ្ដើមពាន UCL ដោយសារលទ្ធផលល្អដែលទទួលបាន ក្នុងវគ្គចែកពូល និងនៅក្នុងលីគអេស្ប៉ាញ រដូវកាលនេះ។

ប៉ុន្ដែនៅក្នុងវគ្គ១៦ក្រុមចុងក្រោយពានអឺរ៉ុប ក្រុមរបស់លោក Carlo Ancelotti ប្រឈមនឹងការលំបាក ព្រោះត្រូវជួបតតាំងជាមួយ Paris Saint-Germain ជំនួស Benfica ដែលចាប់ឆ្នោតប៉ះគ្នាលើកដំបូង។

អតីតតារាឆ្នើមរបស់ Barcelona, Lionel Messi និងអតីតប្រធានក្រុមអធិរាជស Sergio Ramos អាចជាកម្លាំងស្នូលក្នុងក្រុម PSG ដែលជាគូប្រកួតលេងនៅ Bernabeu។

សម្រាប់ Sporting Lisbon ទំនងជាមានសង្ឃឹមខ្ពស់ជាងក្នុងការចាប់ឆ្នោតប៉ះគ្នាជាមួយ Juventus លើកដំបូង ជាជាងការប៉ះក្រុមលំដាប់កំពូលអង់គ្លេស Man City។

ក្រុមរបស់លោក Pep Guardiola នៅស្ថិតក្នុងចំណោមក្រុមដែលមានសង្ឃឹមខ្ពស់ ដែលជាជើងឯករង Champions League រដូវកាលមុន ក្រោយបរាជ័យ ១-០ ក្រោមថ្វីជើង Chelsea។

មានតែមួយគូប៉ុណ្ណោះដែលមិនមានការផ្លាស់ប្ដូរ ក្នុងការចាប់ឆ្នោតនោះគឺ Chelsea និង Lille ដូច្នេះពួកគេមិនមានផលប៉ះពាល់ពីការចាប់ឆ្នោតសារឡើងវិញឡើយ៕