Skip to content
Pep រំពឹងថាកីឡាករដែលទិញចូល Man City ថ្លៃបំផុត អាចរកគ្រាប់បាល់ច្រើនគ្រាប់នាពេលដ៏ខ្លីខាងមុខ
    ទំព័រដើម  »  កីឡាជាតិ

Pep រំពឹងថាកីឡាករដែលទិញចូល Man City ថ្លៃបំផុត អាចរកគ្រាប់បាល់ច្រើនគ្រាប់នាពេលដ៏ខ្លីខាងមុខ

អ្នកចាត់ការ Pep Guardiola បានបង្ហាញទំនុកចិត្តថា កីឡាករ Jack Grealish នឹងអាចរកគ្រាប់បាល់ច្រើនគ្រាប់ជូន Manchester City នាពេលដ៏ខ្លីខាងមុខនេះ។ ក្រុមជើងឯកលីគកំពូលអង់គ្លេស បានចំណាយ១០០លានផោន ដើម្បីផ្ទេរកីឡាករអង់គ្លេសរូបនេះ ពីក្លិប Aston Villa អំឡុងការដោះដូររដូវក្ដៅកន្លងទៅ ប៉ុន្ដែគេអាចរកគ្រាប់បាល់តែពីរគ្រាប់ប៉ុណ្ណោះសម្រាប់ក្រុមមេឃខៀវ បើគិតមកទល់នឹងពេលនេះ។

ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំ មានការខកចិត្តនៅពេលដែលគេបានធ្វើឱ្យខកឱកាសក្នុងការរកគ្រាប់បាល់បញ្ចូលទី ក្នុងការប្រកួតទល់នឹង Wolves ក្នុង Premier League កាលពីថ្ងៃអាទិត្យ ប៉ុន្ដែគ្រូបង្វឹក Guardiola មិនមានក្ដីសង្ស័យលើសមត្ថភាពកីឡាករដែលមានតម្លៃផ្ទេរខ្ពស់បំផុតរបស់ក្លិបឡើយ។

អ្នកចាត់ការជនជាតិអេស្ប៉ាញ បាននិយាយថា៖ “គេត្រូវតែធ្វើអ្វីដែលគេកំពុងតែធ្វើ មិនមានអ្វីលើសពីនេះទៀតឡើយ។ អ្វីផ្សេងពីនេះនឹងមកដល់។ គេមានឱកាសរកគ្រាប់បាល់ពីរទៅបីគ្រាប់គ្រប់ការប្រកួត ហើយនៅថ្ងៃណាមួយ គេនឹងអាចធ្វើវាបាន។ គេគួរតែអាចរកបាន ហេទទ្រីគ(hat trick) ទល់នឹង Watford ហើយនៅក្នុងការប្រកួតចុងក្រោយ គួរតែបានមួយគ្រាប់ ឬពីរគ្រាប់ទៀត”។

លោកបានបន្ដថា ការលេងរបស់ Grealish គឺពិតជាល្អ ប៉ុន្ដែលទ្ធផលហាក់មានភាពស្មុគស្មាញដោយសារ ត្រូវជួបគ្រូប្រកួតដែលរៀបចំការការពារបានល្អដូចជា Wolves ទើបមិនមានឱកាសរកគ្រាប់បាល់បញ្ចូលទី មិនមែនតែ Grealish ម្នាក់ទេ។

ទោះយ៉ាងណាក្ដី លោក Guardiola រំពឹងថា កូនក្រុមរបស់លោក នឹងអាចរកគ្រាប់បាល់បានច្រើនក្នុងប្រកួតខាងមុខៗ៕