អតីតគ្រូបង្វឹកក្រុម Inter Miami លោក Diego Alonso ត្រូវបានតែងតាំងជាគ្រូបង្គោលរបស់ក្រុមបាល់ទាត់ជម្រើសជាតិអ៊ុយរូហ្កាយ ដែលទើបត្រូវបានប្រកាសកាលពីថ្ងៃអង្គារកន្លងទៅ។
អតីតកីឡាករក្រុមជម្រើសជាតិអ៊ុយរូហ្កាយលោក Alonso ត្រូវបានយកមកជំនួសលោក Oscar Tabarez បន្ទាប់ពីគ្រូបង្វឹកដែលជាវីរបុរសរូបនេះ ត្រូវបានបញ្ចប់តួនាទី កាលពីខែមុន ក្រោយដឹកនាំនៅទីនោះរយៈពេល ១៥ឆ្នាំ។
អ៊ុយរូហ្កាយបានសម្រេចចែកផ្លូវគ្នាជាមួយលោក Tabarez ព្រោះមិនទទួលបានលទ្ធផលល្អ ដោយបរាជ័យ៤ប្រកួតជាប់គ្នា ក្នុងការប្រកួតវគ្គជម្រុះ FIFA World Cup ដែលធ្វើឱ្យក្រុមអ៊ុយរូហ្កាយ ឈរនៅលេខ៧ ក្នុងចំណោមក្រុមទាំង១០ក្នុងតារាង តែមានគម្លាតតែ១ពិន្ទុប៉ុណ្ណោះ ជាមួយក្រុមលេខ៤ កូឡុំប៊ី។
ដំបូងឡើយ លោក Marcelo Gallardo ត្រូវបានរាយការណ៍ថា ជាបេក្ខជនមានភាគរយខ្ពស់បំផុត មុនពេលដែលគ្រូបង្វឹកជនជាតិអាហ្សង់ទីនរូបនេះ ចុះកុងត្រាដឹកនាំ River Plate ជាថ្មី។
ហើយបន្ទាប់មកទើបអ៊ុយរូហ្កាយបានផ្លាស់ប្ដូរគោលដៅងាកមករកលោក Alonso ដែលនៅទំនេរ ក្រោយចាកចេញពីការដឹកនាំក្លិបរបស់លោក David Beckham, Inter Miami កាលពីខែមករា។
អតីតកីឡាករជម្រើសជាតិអ៊ុយរូហ្កាយដែលធ្លាប់លេង៨ប្រកួត ក៏ធ្លាប់ដឹកនាំ Monterrey, Pachuca, Olimpia, Penarol, Guarani និង Bella Vista។
បុរសវ័យ៤៦ឆ្នាំ ធ្លាប់ដឹកនាំ Pachuca និង Monerrey ក្លាយជាជើងឯក CONCACAF Champions League ក្នុងឆ្នាំ ២០១៩ និង ២០១៧។
ហើយការដឹកនាំក្រុមដំបូងរបស់លោក Alonso អាចនឹងធ្វើឡើងនាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ក្នុងជំនួបទល់នឹងក្រុមលេខ៩ ប៉ារ៉ាហ្គាយ៕