គ្រូបង្គោលយុវជនអាយុក្រោម១៦ឆ្នាំរបស់ក្រុមយុវជនព្រះខ័នរាជស្វាយរៀង និងបឹងកេត ក្រោយបញ្ចប់ការប្រកួតដំបូងក្នុងពានរង្វាន់ជម្រើសជើងឯកខេមបូឌានលីគយុវជនអាយុក្រោម១៦ឆ្នាំ ឆ្នាំ២០២៤ បានសរសើរពីចំណុចល្អរបស់កូនក្រុម និងក៏លើកពីចំណុចខ្វះខាតរបស់កូនក្រុមរៀងៗខ្លួនដែលត្រូវយកទៅកែខៃបន្ថែម សម្រាប់ប្រកួតបន្តបន្ទាប់។
ថ្លែងមកកាន់ក្រុមការងារ AMS Sports លោក ភោគ សីហា គ្រូU16 ក្រុមព្រះខ័នរាជស្វាយរៀងបានលើកឡើង ថាពេញចិត្តសម្រាប់លទ្ធផលឈ្នះក្រុមម្ចាស់ផ្ទះបឹងកេត ៣ ទល់នឹង៤ ដែលកូនក្រុមរបស់លោកធ្វើបាន។ ក៏ប៉ុន្តែគ្រូបង្វឹករស់នៅខេត្តស្វាយរៀងខាងលើ ក៏បានលើកឡើងពីចំណុចត្រូវកែប្រែមួយចំនួនសម្រាប់កូនក្រុមលោកគឺបញ្ហាការបញ្ចប់ទី ការធ្វើការងារជាក្រុម និងបញ្ហាកម្លាំងឆាប់ថមថយ ដែលត្រូវជួសជុលជាចាំបាច់ សម្រាប់ការប្រកួតសប្តាហ៍ក្រោយ។
ទន្ទឹមគ្នាដែរ លោក រឿន មិថុនា គ្រូបង្គោលក្រុមបឹងកេតអាយុក្រោម១៦ឆ្នាំ ក៏បានបង្ហាញអារម្មណ៍ខកចិត្តសម្រាប់លទ្ធផលមិនគាប់ប្រសើរក្នុងការប្រកួតដំបូង តែក៏មិនដាក់សម្ពាធខ្លាំងដល់កូនក្រុម ព្រោះនេះជាលើកទីមួយដែលកូនក្រុមលោកបានលេងជាលក្ខណៈផ្លូវការ។ បទពិសោធនពីការចាញ់មួយនេះ គ្រូបង្គោលមានប្រភពពីខេត្ត ត្បូងឃ្មុំ ថាត្រូវបង្កើនការលេងយល់ចិត្តគ្នាជាក្រុមបន្ថែមទៀត ហើយអ្វីដែលសំខាន់បំផុតគឺពេលវេលានៃការបាត់បាល់ក្រុមធ្វើការផ្លាស់ប្តូរយឺតជាហេតុដែលរបូតគ្រាប់បាល់ច្រើនដូច្នេះ។
សូមរំឭកថា ពានរង្វាន់ជម្រើសជើងឯកខេមបូឌានលីគយុវជនអាយុក្រោម១៦ឆ្នាំ ឆ្នាំ២០២៤ សប្តាហ៍ទី០១ បានបញ្ចប់ ហើយក្រៅតែពីលទ្ធផលក្រុមយុវជនអាយុក្រោម១៦របស់ បឹងកេត ចាញ់ក្រុមយុវជនព្រះខ័នរាជស្វាយរៀង ៣-៤។ ក្នុងនោះសម្រាប់ក្រុម U16 វិសាខា បានឈ្នះក្រុម U16 ភ្នំពេញក្រោន ១៤ ទល់នឹង ០, ក្រុម U16 ណាហ្គាវើលដ៍ បានចាញ់ក្រុម U16 សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ១-២, ក្រុម U16 អាយ អេស អាយ ដង្កោសែនជ័យ ឈ្នះយ៉ាងលើសលុប ៨ ទល់នឹង ២ លើក្រុមសាលាតម្រង់ទិស រាជធានីភ្នំពេញ និងចុងក្រោយ ក្រុម U16 អង្គរថាយហ្គឺរ បានចាញ់ក្រុម U16 សៀមរាប យូណាយធីត ៥ ទល់នឹង ០ផងដែរ៕