កីឡាប្រដាល់ជាប្រភេទកីឡាក្បាច់គុនមួយបែបដែលមានប្រជាប្រិយភាពខ្លាំងទូទាំងពិភពលោក។ សម្រាប់ទ្វីបអាស៊ីវិញ កីឡាមួយនេះបានផ្សារភ្ជាប់ជាមួយវប្បធម៌ ដែលបន្សល់ទុកមកពីបុព្វបុរសតៗគ្នាច្រើនជំនាន់មកហើយ។
ដើម្បីអាចក្លាយជាកីឡាករប្រដាល់ឆ្នើមម្នាក់បាន ទាមទារឱ្យមានទេពកោសល្យ គួបផ្សំជាមួយការខិតខំប្រឹងប្រែងពង្រឹងបច្ចេកទេស ការអត់ធ្មត់ពុះពារ ដើម្បីផ្ដួលគូប្រកួតនៅលើសង្វៀន។ AMS Sports សូមលើកយកកីឡាករ៥រូប ដែលល្អបំផុតនៅអាស៊ី។
Khaosai Galaxy(ថៃឡង់ដ៍)
អំឡុងពេលកំពុងប្រកបអាជីពចន្លោះពីឆ្នាំ ១៩៨០ ដល់ ១៩៩១ Khaosai Galaxy ត្រូវបានគេដាក់ឈ្មោះក្រៅឱ្យងថា Thai Tyson ដោយប្រដូចទៅនឹង អ្នកប្រដាល់ដ៏ល្បីឈ្មោះរបស់អាមេរិក Mike Tyson។

ចំពោះការប្រឡូកអាជីពជាអ្នកប្រដាល់អស់រយៈពេល១១ឆ្នាំ Khaosai ឈ្នះសរុប ៤៧ប្រកួត ដោយចាញ់តែមួយប្រកួតប៉ុណ្ណោះ ដោយជ័យជម្នះ៤១ប្រកួតក្នុងចំណោមនោះ បានដោយការផ្ដួលគូប្រកួតឱ្យសន្លប់។
Francisco Guilledo(ឥណ្ឌូណេស៊ី)
Guilledo ត្រូវបានចាត់ទុកថាជាកំពូលកីឡាករប្រដាល់ម្នាក់នៅលើលោក ដែលចាប់ផ្ដើមអាជីពមិនសូវទទួលបានផ្លែផ្កាល្អ ហើយក្លាយជាអ្នកប្រដាល់អាស៊ីដំបូងគេ ដែលគ្រងតំណែងជាជើងឯក World Flyweight Championship។
អ្នកប្រដាល់ដែលមានរហស្សនាមថា Pancho Villa បានចំណាយពេល ១៦ឆ្នាំនៅលើសង្វៀនប្រកួតដោយ ទទួលបានជ័យជម្នះ៧៧លើក នៅក្នុងអាជីពរបស់ខ្លួន ដោយស្គាល់បរាជ័យតែ៤លើកប៉ុណ្ណោះ។
ជាអកុសល នៅក្នុងវ័យ២៣ឆ្នាំ អ្នកប្រដាល់កំពស់ ១,៥៤ម៉ែត្ររូបនេះ បានលាចាកលោក ដោយឆ្លងមេរោគក្នុងឈាម ក្រោយពីបានដកធ្មេញទាល់។
Gennady Golovkin(កាហ្សាក់ស្ថាន)

Golovkin ចាប់ផ្ដើមអាជីពជាកីឡាករប្រដាល់នៅក្នុងឆ្នាំ ២០០៦ ហើយបានអភិវឌ្ឍសមត្ថភាពក្លាយជាជើងឯកក្របខណ្ឌទម្ងន់កណ្ដាល(middleweight) ទាំងពានរង្វាន់ពិភពលោក និង នៅអាស៊ី។ នៅក្នុងឆ្នាំ ២០១៩ អ្នកប្រដាល់សញ្ជាតិកាហ្សាក់ស្ថាន បានគ្រងតំណែងជាម្ចាស់ខ្សែក្រវាត់ IBO និង IBF ក្របខណ្ឌទម្ងន់កណ្ដាល ដែលរូបលោកក៏ធ្លាប់ឈ្នះចន្លោះពីឆ្នាំ ២០១១ ដល់ ២០១៨។
Yuh Myung-Woo(កូរ៉េខាងត្បូង)
អ្នកប្រដាល់កូរ៉េខាងត្បូង Myung-Woo ជាអ្នកប្រយុទ្ធដ៏មានទេពកោសល្យម្នាក់ ដែលត្រូវបានស្គាល់ថា «Sanagi» មានន័យថា ភ្លៀងធ្លាក់។ ឈ្មោះនេះត្រូវបានអ្នកគាំទ្រដាក់ឱ្យ ដោយសារបច្ចេកទេសវាយសន្ធប់ ធ្វើឱ្យគូប្រកួត បាត់ម្ចាស់ការក្នុងយៈពេលខ្លី។
Sonagi ប្រឡូកអាជីពជាកីឡាករប្រដាល់ពីចន្លោះឆ្នាំ ១៩៨២ ដល់ ១៩៩៣ ដោយទទួលបានជ័យជម្នះ៣៨ប្រកួត(ផ្ដួលគូប្រកួតឱ្យសន្លប់ ១៤លើក) ហើយបរាជ័យតែមួយប្រកួតប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ អតីតកីឡាករកូរ៉េខាងត្បូងរូបនេះ បានការពារតំណែងជើងឯករបស់ខ្លួន ១៨លើកជាប់គ្នាថែមទៀតផង។
Manny Pacquiao(ហ្វ៊ីលីពីន)
Pacquiao ឬ Pac-Man គឺជាកំពូលអ្នកប្រដាល់នៅអាស៊ីដែលមិនអាចប្រកែកបាន។ ចាប់ផ្ដើមអាជីពនៅក្នុងឆ្នាំ ១៩៩៥ កំពូលអ្នកប្រយុទ្ធ Pacquiao បានក្លាយជាកីឡាករដំបូង ដែលឈ្នះខ្សែក្រវាត់៥ប្រភេទទម្ងន់ផ្សេងគ្នា។

មិនតែប៉ុណ្ណោះ លោកទទួលបានពានរង្វាន់ អ្នកប្រយុទ្ធប្រចាំទសវត្សរ៍របស់ BWAA សម្រាប់សមត្ថភាពក្នុងការផ្ដួល កីឡាករល្បីៗមួយចំនួនដែលរួមមាន Marco Antonio Barrera, Erik Morales, Juan Manuel Marquez និង Oscar Dela Hoya ជាដើម។
នៅក្នុងរយៈពេល២៥ឆ្នាំចុងក្រោយ Pac-Man ស្ថិតនៅក្នុងចំណាត់ថ្នាក់ទី២តាមការស្រង់ទិន្នន័យរបស់ ESPN ក្នុងចំណោមកំពូលអ្នកប្រយុទ្ធលើសង្វៀន៕