Skip to content
ថោនបើកប្រកួតយកជើងខ្លាំងគុនខ្មែរ៤រូបឈានទៅដណ្ដើមខ្សែក្រវាត់មាសលំដាប់ពិភពលោក
    ទំព័រដើម  »  កីឡាជាតិ

ថោនបើកប្រកួតយកជើងខ្លាំងគុនខ្មែរ៤រូបឈានទៅដណ្ដើមខ្សែក្រវាត់មាសលំដាប់ពិភពលោក

ស្ថានីយទូរទស្សន៍ថោនបានសហការជាមួយក្រុមហ៊ុន ISI បើកកម្មវិធីប្រកួតគុនខ្មែរមួយឈ្មោះថា អធិរាជគុនខ្មែរ ISI PIPE-ISI PALM ដណ្ដើមខ្សែក្រវាត់មាសលំដាប់ពិភពលោក ដោយមានកីឡាករជើងខ្លាំង១៦រូប ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ដោយបែងចែកជា២រដូវកាល និងមាន៨រូបក្នុងមួយរដូវកាល។

លោក គឹម ស្រ៊ុនកុសល ទីប្រឹក្សាក្រុមហ៊ុនថោនបញ្ជាក់ថា កីឡាករ៨រូបក្នុងរដូវកាលទី១ នឹងត្រូវបែងចែកជា២ពូល ហើយរដូវកាលទី២ក៏នឹងធ្វើដូចគ្នា។ ជាចុងបញ្ចប់ អ្នកលេខ១ និងលេខ២ ប្រចាំរដូវកាលទាំង២ សរុប៤រូប នឹងត្រូវបន្តទៅប្រកួតដណ្ដើមខ្សែក្រវាត់មាសតទល់​កីឡាករបរទេសខ្លាំងៗចំនួន៤រូបមកពី៤ប្រទេសផ្សេងៗគ្នា នាពេលខាងមុខ។

ទីប្រឹក្សាថោនដដែលបន្ថែមថា ក្រុមហ៊ុនរបស់លោកបានសហការជាមួយស្ថាប័នអន្តរជាតិធំៗដូចជា Mas Fight World, IPCC និង Rise ព្រមទាំងស្ថាប័នធំៗជាច្រើនទៀតដើម្បីផ្ដល់ឱកាសដល់កីឡាករគុនខ្មែរបានចូលរួមប្រកួតជាមួយកីឡាករបរទេស។ កីឡាករគុនខ្មែរដែលឈ្នះខ្សែក្រវាត់ក៏នឹងមានឱកាសប្រកួតលក្ខណៈអន្តរជាតិធំថែមទៀត។

លោក គឹម ស្រ៊ុនកុសល សង្កត់ធ្ងន់ថា ចំណុចសំខាន់២នៃការរៀបចំការប្រកួតខ្សែក្រវាត់មាសលំដាប់ពិភពលោកនេះ គឺអាចឈានទៅរកជើងខ្លាំងគុនខ្មែរពិតៗ។ មិនតែប៉ុណ្ណោះ កីឡាករបរទេសណាដែលមានសមត្ថភាពដណ្ដើមបានខ្សែក្រវាត់ដ៏ធំនេះក៏អាចជាផ្នែកនៃការជួយផ្សព្វផ្សាយគុនខ្មែរលើឆាកអន្តរជាតិផងដែរ។

លោក គឹម ស្រ៊ុនកុសល បន្តទៀតថា ថោនក៏ធ្លាប់បានជ្រើសរើសកីឡាករ ខេម ចាន់ ចូលរួមការប្រកួតលក្ខណៈពិភពលោកមាន៨ប្រទេស នៅជប៉ុន តែត្រូវបានលើកពេលវិញដោយសារបញ្ហាកូវីដ១៩។ យ៉ាងណា បច្ចុប្បន្នភាគីរបស់លោកកំពុងព្យាយាមចម្រាញ់យកកីឡាករខ្លាំង៦រូបផ្សេងទៀតដែរ ពីប្រភេទទម្ងន់តូចដល់ទម្ងន់៧០គីឡូក្រាម។

គួរដឹងដែរថា ក្នុងសន្និសីទសារព័ត៌មាន “អធិរាជគុនខ្មែរ ISI PIPE-ISI PALM” មានការចូលរួមជាអធិបតីដោយលោក គឹម ស្រ៊ុនកុសល ទីប្រឹក្សាក្រុមហ៊ុនថោន, លោក សុខ វិចិត្រ នាយកផ្នែកពាណិជ្ជកម្មក្រុមហ៊ុន ISI STEEL, លោកជំទាវឧកញ៉ា ជួប មាន អគ្គនាយិការក្រុមហ៊ុនថោន និងឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។

គួរបញ្ជាក់ថា កម្មវិធីថ្មីនេះរបស់សង្វៀនថោននឹងចាប់ផ្ដើមពីថ្ងៃអាទិត្យ ទី០២ ខែមករា ចាប់ពីម៉ោង​១១ថ្ងៃត្រង់តទៅ។ ម្ចាស់ជើងឯករដូវកាលទី១ និងរដូវកាលទី២ នឹងទទួល​បាន​ប្រាក់រង្វាន់២៤លានរៀល ខណៈម្ចាស់ខ្សែក្រវាត់មាសទទួលបាន​៤០លានរៀល។

អ្នកស្នងគុនខ្មែរ៨រូបដែលចូលប្រកួតក្នុងរដូវកាលទី១មាន ឈុត សេរីវណ្ណថង, ម៉ន សាម៉េត, វ៉ាន់ វឿន, សេក ចៅជូត, អ៊ួច ធារិទ្ធ, អេលីត ចំរើន, ជ័រ ពៅ និង ចាន់ សំអាត៕