អតីតខ្សែបម្រើក្រុមបិសាចក្រហម Manchester United, Shinji Kagawa បានផ្លាស់មកចូលរួមក្លិបបែលហ្ស៊ិក Sint-Truiden ដោយមិនមានតម្លៃផ្ទេរ ក្រោយចាកចេញពីក្លិប PAOK។
Kagawa ប្រឈមនឹងភាពមិនច្បាស់លាស់ ពាក់ព័ន្ធនឹងអនាគតរបស់ខ្លួន ក្រោយបញ្ចប់កិច្ចសន្យាជាមួយ ក្លិបនៃលីគកំពូលក្រិកកាលពីពាក់កណ្ដាលខែធ្នូ បន្ទាប់ពីផ្ទេរមកចូលរួមក្លិបមួយនេះ កាលពី១១ខែមុននោះពីក្លិបអេស្ប៉ាញ Real Zaragoza។
ខ្សែបម្រើវ័យ៣២ឆ្នាំ ធ្លាប់លេងឱ្យ Man Utd និង Borussia Dortmund នៅពេលសមត្ថភាពរបស់គេកំពុងល្អ មុនពេលធ្លាក់ប្រជាប្រិយភាព ហើយពេលនេះ អតីតកីឡាករក្រុមបាល់ទាត់ជម្រើសជប៉ុនរូបនេះ ទទួលបានឱកាសសាងបង្ហាញសមត្ថភាពនៅលើវិថីបាល់ទាត់ជាថ្មី។
Kagawa បានរង់ចាំដោយអន្ទះសារ ដើម្បីចូលរួមការប្រកួតប្រជែងថ្មីនៅបែលហ្ស៊ិក ហើយជឿថាគេនឹងទទួលបានឱកាសច្រើន ពីបទពិសោធន៍កន្លងមកពីបាល់ទាត់កម្រិតខ្ពស់នៅអឺរ៉ុប។