កាលពីរសៀលចុងសប្តាហ៍ទី ២៩ ខែកញ្ញា ឆ្នាំ ២០២៣ នៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡា ក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានរៀបចំពិធីបិទវគ្គសិក្សាមន្រ្តីបច្ចេកទេសគ្រប់គ្រងការប្រកួតកីឡាប្រដាល់គុនខ្មែរ បានបញ្ចប់ដោយជោគជ័យ និងមិនមានអ្នកធ្លាក់នោះទេ ក្នុងនោះមានការចូលរួមក្រោមពីសំណាក់ ឯកឧត្តម ម៉ិល កាដូ ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក ទុយ ប៊ុនហឿន អគ្គលេខាធិការរង សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ព្រឹទ្ធាចារ្យគុនខ្មែរ ព្រមទាំងសិក្ខាកាមជាង៤០រូបទៀត។
ឯកឧត្តម ម៉ិល កាដូ ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា តែងតែជួយឧបត្ថម្ភគាំទ្រសហព័ន្ធកីឡាប្រដាល់គុនខ្មែរដើម្បីពង្រឹងលើគោលដៅសំខាន់៣ គឺពង្រីកនូវធនធានមនុស្ស លើកកម្ពស់ការយល់ដឹង ពង្រឹងបច្ចេកទេសជំនាញលើការគ្រប់គ្រងការប្រកួតកីឡាប្រដាល់គុនខ្មែរ។
វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងរយៈពេល៥ថ្ងៃ ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ដោយផ្តោតលើប្រធានបទក្នុងការបង្រៀនមានលក្ខណៈ ឬក្របខណ្ឌនៃការប្រកួត រចនាសម្ព័ន្ធគ្រប់គ្រងការប្រកួត ភារកិច្ចរបស់គណៈកម្មការរៀបចំការប្រកួត និងការរៀបចំបទបញ្ជាគ្រប់គ្រងការប្រកួត។
លោក ទុយ ប៊ុនហឿន អគ្គលេខាធិការរង សហព័ន្ធកីឡាប្រដាល់គុនខ្មែរក៏បានបន្ថែមថាការរៀបចំវគ្គនេះឡើង ក្នុងគោលបំណងពង្រីកវិសាលភាពធនធានមនុស្សឱ្យស្របនឹងការរីកចម្រើននៃព្រឹត្តិការណ៍ការប្រកួតកីឡាគុនខ្មែរទាំងការប្រកួតថ្នាល ការប្រកួតលក្ខណៈជាតិ និងអន្តរជាតិ។
ក្រោយឆ្លងកាត់វគ្គបណ្តុះបណ្តាលរយៈពេល៥ថ្ងៃរួចមកឃើងថាសិក្ខាកាមទាំងអស់ទទួលបានលទ្ធផលល្អប្រសើរ ដោយមិនមានអ្នកធ្លាក់ ក្នុងនោះអ្នកទទួលបាននិទ្ទេសល្អមានចំនួន ១៥នាក់ និងនិទ្ទេសមធ្យមមានចំនួន ២២នាក់៕