ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម២៣ឆ្នាំកម្ពុជាសឹងតែអស់សង្ឃឹមរលីងទៅហើយក្នុងការឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFF U23 Championship 2022 ក្រោយប្រកួតចាញ់ U23ទីម័រខាងកើត ០-១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ យប់ថ្ងៃអាទិត្យទី២០ខែកុម្ភៈ ដោយបាល់ចូលទីខ្លួនឯងរបស់ យ៉ើ សាហ្វ៊ី ក្នុងនាទី១៨។ នៅក្រោយការប្រកួត លោក Keisuke Honda បានលើកឡើងនូវពាក្យពេចន៍ខ្លីៗតែបង្កប់ដោយអត្ថន័យជ្រាលជ្រៅសម្រាប់កីឡាករកម្ពុជា។
នៅក្រោយការប្រកួតទល់ទីម័រយប់មិញ លោក Keisuke Honda អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា បានប្រាប់កីឡាកររបស់ខ្លួនយ៉ាងខ្លីតែប្រកបដោយអត្ថន័យខ្លឹមសារថា៖ «ពួកយើងត្រូវតែផ្លាស់ប្ដូរអ្វីម្យ៉ាង ហើយពួកយើងត្រូវធំដឹងក្ដីចាស់ទុំទាំងអស់គ្នា»។ នេះជាអ្វីដែលអតីតខ្សែបម្រើប្រយុទ្ធជម្រើសជាតិជប៉ុនបានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក។
ទន្ទឺមនឹងនេះ អតីតសមាជិកក្លិប CSKA Moscow, AC Milan និង Pachuca ក៏បានថ្លែងអំណរគុណទស្សនិកជនដែលគាំទ្រការប្រកួតរបស់កម្ពុជាយប់មិញផងដែរ។
សូមជម្រាបថា បន្ទាប់ពីឈ្នះ U23ប្រ៊ុយណេ ៦-០ និង ឈ្នះ U23ហ្វ៊ីលីពីន ១-០ U23កម្ពជា ចាប់ផ្ដើមការប្រកួតចុងក្រោយក្នុងពូល A មិនបានល្អឡើយ ខណៈ មានការផ្លាស់ប្ដូរសមាសភាពដំបូង៣នាក់ គឺ អាត អូនតូច ជំនួស តាំង ប៊ុនឆៃ ដែលវិជ្ជមានកូវីដ១៩, សឿត បារាំង ជំនួស ឡេង ណូរ៉ា ដែលមានបញ្ហាខ្នង និង ម៉ៅ ពិសិដ្ឋ ជំនួស មិន រតនៈ។ ផ្ទុយទៅវិញ ទីម័រខាងកើត បានបង្កើតឱកាសល្អៗជាច្រើនតាំងពីវិនាទីទី៨នៃការប្រកួត តែបាន ហ៊ុល គឹមហ៊ុយ សង្គ្រោះជាបន្តបន្ទាប់ មុនបាល់តែតចូលទីខ្លួនឯងដោយ សាហ្វ៊ី ពីការលើកបាល់ចូលក្នុងប្រអប់ដោយទីម័រ។
បរាជ័យនេះ នាំឱ្យ U23កម្ពុជា ធ្លាក់មកលេខ២ក្នុងពូល A ដែលត្រូវចាំអ៊ុតលទ្ធផលរវាង U23ថៃ ទល់នឹង U23 វៀតណាម នៅថ្ងៃទី២២កុម្ភៈ ដើម្បីប្រៀបធៀបរកចំណាត់ថ្នាក់លេខ២ល្អ។
ក្ដីសង្ឃឹមរបស់U23កម្ពុជាក្នុងការបានលេខ២ល្អគឺមានស្ដួចស្ដើងមែនទែន ដោយសារកម្ពុជាមាន៣ពិន្ទុនិងផលសងគ្រាប់បាល់០គ្រាប់ បន្ទាប់ពីដកលទ្ធផលទល់នឹង ប្រ៊ុយណេ ដែលជាក្រុមលេខ៤ក្នុងពូលចេញ។ ចំណែក ថៃ និង វៀតណាម មាន៣ពិន្ទុស្រាប់ដូចគ្នា និងសល់គ្រាប់បាល់ចំណេញច្រើន បន្ទាប់ពី ថៃ បានឈ្នះ សិង្ហបុរី ៣-១ និង វៀតណាម លត់ សិង្ហបុរី ៧-០។
កម្ពុជា អាចបានលេខ២ល្អទៅកើត លុះត្រាតែ វៀតណាម ឈ្នះ ថៃ ចាប់ពី៣គ្រាប់ឡើង ឬ ថៃ ឈ្នះ វៀតណាម ចាប់ពី៨គ្រាប់ឡើង។
សូមរំឭកថា U23កម្ពុជា បានបើកឆាកប្រកួតឈ្នះ ប្រ៊ុយណេ ៦-០ រួចឈ្នះ ហ្វ៊ីលីពីន ១-០ មុនចាញ់ ទីម័រ ០-១។ ទីម័រ ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន AFF U23 Championship ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ខណៈ U23កម្ពុជា ធ្លាប់ធ្វើបានបែបនេះម្ដងកាលពីឆ្នាំ២០១៩ដែលជាព្រឹត្តិការណ៍លើកទី២ និងកម្ពុជាធ្វើជាម្ចាស់ផ្ទះដូចអីចឹងដែរ៕