អ្នករៀបចំកម្មវិធីក្នុងប្រទេសថៃបានបញ្ជាក់កាលពីចុងសប្ដាហ៍កន្លងទៅថាក្លិបយក្ស២របស់អង់គ្លេស គឺ Manchester United និង Liverpool នឹងប្រកួតគ្នាក្នុងជំនួបមិត្តភាបនៅទីក្រុងបាងកកក្នុងខែកក្កដាឆ្នាំ២០២២។
ក្រុមហ៊ុន Fresh Air Festival បានប្រាប់សារព័ត៌មាន Bangkokpost ថាពួកគេបានចុះកិច្ចព្រមព្រៀងរួចហើយដើម្បីនាំយកក្រុមបិសាចក្រហម Man Utd និងក្រុមហង្សក្រហម Liverpool មកប្រកួតនៅក្នុងរាជធានីនៃប្រទេសថៃ នាថ្ងៃទី១២ខែកក្កដាឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិ Rajamangala។
សារព័ត៌មាននិងអ្នកគាំទ្របាល់ទាត់ថៃបានហៅការប្រកួតរវាង Liverpool និង Man Utd ថា«សង្គ្រាមក្រហម»។
ការប្រកួតរវាង Man Utd និង Liverpool នៅថៃក្នុងខែកក្កដាខាងមុខនោះ ត្រូវបានដាក់ឈ្មោះថា «THE MATCH Bangkok Century Cup 2022»។
ក្លិបទាំង២បានសន្យាជាមួយក្រុមហ៊ុនរៀបចំការប្រកួតខាងលើថានឹងនាំយកកីឡាករល្អៗពេញជើងរបស់ពួកគេមកប្រកួតនៅបាងកក។
ក្រុមហ៊ុនបានបង្ហាញសុទិដ្ឋិនិយមថាការប្រកួតរវាង Man Utd និង Liverpool នៅបាងកក នឹងជួយលើកស្ទួយសេដ្ឋកិច្ចរបស់ថៃដែលកំពុងចុះខ្សោយ និងបង្កើតរូបភាពវិជ្ជមានសម្រាប់ប្រទេសថៃដែលចង់ក្លាយខ្លួនជាមជ្ឈមណ្ឌលទេសចរណ៍កីឡា។
សេចក្ដីលម្អិតនៃការប្រកួតរវាង Man Utd និង Liverpool នៅបាងកក នឹងត្រូវបានប្រកាសក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី៩ខែមីនានៅផ្សារទំនើប Siam Paragon។
សូមជម្រាបថា Liverpool និង Man Utd ជាក្លិបកីឡាបាល់ទាត់ពេញនិយមបំផុតក្នុងចង្កោមអ្នកគាំទ្រថៃ។ Liverpool កំពុងដឹកនាំដោយអ្នកចាត់ការ Jurgen Klopp ខណៈ Man Utd ដឹកនាំដោយអ្នកចាត់ការបណ្ដោះអាសន្ន Ralf Rangnick៕
ប្រភព៖ Bangkokpost