Skip to content
ព្រឹត្តិការណ៍ការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍នៅកម្ពុជាមាន៩ប្រទេសចូលរួម
    ទំព័រដើម  »  កីឡាជាតិ

ព្រឹត្តិការណ៍ការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍នៅកម្ពុជាមាន៩ប្រទេសចូលរួម

ព្រឹត្តិការណ៍ការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍បានចាប់ផ្ដើមនៅព្រឹកថ្ងៃសុក្រ ទី២៥ ខែមីនា នាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងគ្រោងបញ្ចប់នៅថ្ងៃអាទិត្យ ទី២៧ ខែមីនា។

ការប្រកួតនេះមានការចូលរួមពីប្រតិភូ និងអត្តពលិកជាង២០០នាក់មកពី៩ប្រទេស គឺប្រទេសវៀតណាម ថៃ កម្ពុជា សិង្ហបុរី ឡាវ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ប្រ៊ុយណេ និងហ្វីលីពីន បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ថ្នាក់តំបន់នេះ។

នេះជាព្រឹត្តិការណ៍ការ៉ាតេអន្តរជាតិដ៏ធំបំផុតដែលបានរៀបចំឡើងដោយព្រះរាជាណាចក្រក្នុងរយៈពេលពីរឆ្នាំចុងក្រោយបន្ទាប់ពីស្ងាត់ពីសកម្មភាពពាក់ព័ន្ធនឹងការរាលដាលជំងឺកូវីដ១៩។ ក្នុងនោះកម្ពុជាបានរៀបចំការប្រកួតជើងឯកការ៉ាតេថ្នាក់ជាតិឆ្នាំ ២០២១ និង ២០២២ប៉ុណ្ណោះ។

ថ្នាក់ដឹកនាំសហព័ន្ធការ៉ាតេកម្ពុជាបានចាត់ទុកព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍នេះជាការវាស់ស្ទង់សមត្ថភាពអត្តពលិក ដើម្បីបង្កើនបាននូវគុណភាពបច្ចេកទេសការ៉ាតេសម្រាប់អត្តពលិក ការ៉ាតេក្នុងអាស៊ីអាគ្នេយ៍ ត្រៀមចូលរួមប្រកួត ស៊ីហ្គេម ២០២២នេះផង។ មិនតែប៉ុណ្ណោះក៏ជាជាឱកាសល្អបំផុតរបស់កម្ពុជា សម្រាប់បង្កើនគុណភាពបច្ចេកទេសអត្តពលិកការ៉ាតេកម្ពុជា ឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះបន្តវេន ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងផងដែរ៕