លោក Diego Giustozzi ដែលធ្លាប់ដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីនឈ្នះជើងឯក World Cup ក្នុងសាល ត្រូវបានរាយការណ៍ថា បានចុះកុងត្រាដឹកនាំក្រុមជម្រើសជាតិវៀតណាមរយៈពេលពីរឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ។
លោក Giustozzi ដែលធ្លាប់ដឹកនាំក្រុមអាហ្សង់ទីនឈ្នះពាន World Cup 2016 បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានដោយប្រកាសថា លោកនឹងចាកចេញពីតំណែងគ្រូបង្វឹកក្លិប ElPozo Murcia។ ហើយសារព័ត៌មាន ESPN បានរាយការណ៍ថា លោក Giustozzi អាចទៅដឹកនាំក្រុមជម្រើសជាតិវៀតណាម។
លោក Giustozzi វ័យ៤៤ឆ្នាំ ធ្លាប់ជាកីឡាករបាល់ទាត់ក្នុងសាលរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន ហើយបានកាន់តួនាទីជាគ្រូបង្វឹកក្នុងឆ្នាំ២០១៣។ លោកបានដឹកនាំក្រុមអាហ្សង់ទីន ឈ្នះជើងឯក World Cup ហ្វ៊ូតសាលក្នុងឆ្នាំ២០១៦ ដោយទទួលបានជ័យជម្នះ ៥-៤ លើរុស្ស៊ី ក្នុងវគ្គផ្ដាច់ព្រ័ត្រ ហើយលោកចូលកាន់តួនាទីនៅក្លិប ElPozo Murcia ក្នុងឆ្នាំ២០១៨។
បុរសជនជាតិអាហ្សង់ទីនរូបនេះ មិនអាចដឹកនាំក្លិបនេះឈ្នះពានរង្វាន់អ្វីទាល់តែសោះ ក្នុងរយៈពេល៤ឆ្នាំ ហើយនេះជាមូលហេតុចំបងនៃការចាកចេញរបស់លោក។
ដោយឡែកក្រុមបាល់ទាត់ក្នុងសាលជម្រើសជាតិវៀតណាម ស្ថិតនៅក្រោមការដឹកនាំរបស់គ្រូបង្គោល Pham Minh Giang មានឱកាសឡើងទៅកាន់វគ្គ១/៤ផ្ដាច់ព្រ័ត្រ World Cup ពីរលើក ដោយលើកចុងក្រោយគឺនៅក្នុងឆ្នាំ២០២១។ ប៉ុន្ដែការបរាជ័យជាបន្ដបន្ទាប់ ក្រោមថ្វីជើងរបស់ថៃ ក្នុងពានរង្វាន់ AFF Cup និង SEA Games បានធ្វើឱ្យគ្រូបង្គោលរូបនេះ ប្រឈមនឹងការបាត់បង់តំណែង ហើយអាចជំនួសដោយលោក Giustozzi៕