ទីបំផុត វគ្គផ្ដាច់ព្រ័ត្រ ដណ្ដើម ខ្សែក្រវាត់ និងប្រាក់រង្វាន់១ម៉ឺនដុល្លារអាមេរិក ក្នុងកម្មវិធីប្រដាល់ Ganzberg One Strike រដូវកាលទី២ នៃស្ថានីយ ទូរទស្សន៍ PNN បានឈានមកដល់ហើយ នាថ្ងៃ អាទិត្យ ទី០៣ ខែកក្កដា ឆ្នាំ២០២២ ចុង សប្ដាហ៍នេះ រវាងកំពូលអ្នកលេងក្បាច់ រិន ដេវិត និងខ្លាចាស់ សៀវ ង៉ុយ.
ឆ្លងកាត់វគ្គជម្រុះជាច្រើនសប្ដាហ៍រយៈពេលប្រមាណ៦ខែ បានរកឃើញជើងខ្លាំងគុនខ្មែរពីររូប ក្នុងចំណោមបេក្ខភាពប្រកួតប្រជែង១៦រូប គឺ រិន ដេវីត និង សៀវ ង៉ុយ បានឡើងមកវគ្គផ្ដាច់ព្រ័ត្រប្រឈមគ្នាដ៏សំខាន់មួយនេះ. តើនរណាជាម្ចាស់ប្រាក់រង្វាន់៤០លានរៀល និងក្រវាត់ដ៏ស្រស់ស្អាត ពីកម្មវិធីប្រដាល់ Ganzberg One Strike រដូវកាលទី២ លើប្រភេទទម្ងន់៦០គីឡូក្រាម នាសប្ដាហ៍នេះ?
កាន់តែពិសេស និងកក្រើក ក្នុងកម្មវិធីតែមួយ គូអមវគ្គផ្ដាច់ព្រ័ត្រ ដណ្ដើម ខ្សែក្រវាត់ រវាង រិន ដេវីត និង សៀវ ង៉ុយ ក្នុងនោះ គូ មិត្តភាព អន្តរជាតិ ONESTRIKE សែន រ៉ាដេត ត្រូវប្រឈមជើងខ្លាំងថៃ ភេត ផាត់ឆារ៉ាក់ ប្រកួត១ទឹក៧នាទី មានពីរទឹក ដើម្បីរកឈ្នះទទួលបាន១លានរៀលបន្ថែមពី Ganzberg។
ដោយឡែក សម្រាប់គូមិត្តភាពជាតិ ជំនួបសងសឹក គឿង សុវណ្ណឃឹម តតាំង យុទ្ធថាន់ ចាន់រាជ្យ ស្របពេល ឃន សុម៉ាលី ប៉ះ យ៉ន ពីសី លើសង្វៀន Ganzberg One Strike ដូចគ្នាផងដែរ.
សូមរំលឹកប្រិយមិត្តថា ទាំង សៀវ ង៉ុយ និង រិន ដេវីត ថ្វីត្បិតថាជាអ្នកប្រយុទ្ធជួរមុខដែលល្អៀងជំនាន់គ្នាបន្តិច តែពួកគេគឺជាកីឡាករឆ្នើមៗដូចគ្នា ដែលធ្លាប់ជោគជ័យលើទឹកសង្វៀន PNN។ សៀវ ង៉ុយ ធ្លាប់ស្ពាយបានខ្សែក្រវាត់មួយខ្សែអមដោយប្រាក់រង្វាន់ ១ម៉ឺនដុល្លារ កាលពីឆ្នាំ ២០១៦ ខណៈដែល រិន ដេវីត ក៏ធ្លាប់កសាងភាពជោគជ័យដ៏អស្ចារ្យនៅទីនេះដូចគ្នា ដោយការឈ្នះខ្សែក្រវាត់ ១ខ្សែដូចគ្នារួចទៅហើយ អមដោយប្រាក់រង្វាន់ ៣០លានរៀល កាលពីឆ្នាំ២០១៩។ វគ្គផ្ដាច់ព្រ័ត្រ នៃសង្វៀន Ganzberg One Strike ដ៏កក្រើកវាងពួកកេ នឹងធ្វើឡើងនៅថ្ងៃអាទិត្យ លើកញ្ចក់ទូរទស្សន៍ ភីអិនអិន, ផេកហ្វេសប៊ុក PNN Sports និង Ganzberg ចាប់ពីវេលាម៉ោង១រសៀលតទៅ ដែលកំពុងធ្វើក្រុមអ្នកតាមដានគុនខ្មែរ កំពុងអន្ទៈចាំអ៊ុត ថានរណានឹងក្លាយជាអធិរាជ ខ្សែក្រវាត់ប្រាក់រង្វាន់ដ៏ច្រើនមួយនេះ។