ខ្សែបម្រើស្នូលសញ្ជាតិអេស្ប៉ាញរបស់ហង្សក្រហម Liverpool, Thiago Alcantara នឹងត្រូវសម្រាកនៅក្រៅទីលាន រយៈពេល៦សប្តាហ៍បន្ទាប់ពីមានបញ្ហារបួសសរសៃពួរអំឡុងការប្រកួតសប្ដាហ៍បើកឆាក Premier League រដូវកាលថ្មីនៅផ្ទះរបស់ Fullham ដែលបញ្ចប់ទៅដោយលទ្ធផល 2-2។
ខ្សែបម្រើជម្រើសជាតិអេស្ប៉ាញវ័យ៣១ឆ្នាំThiago បង្ហាញខ្លួនបានត្រឹមតែ៥១នាទីប៉ុណ្ណោះក្នុងការប្រកួតបើកឆាក Premier League សប្ដាហ៍ដំបូងកាលពីថ្ងៃសៅរ៍ទី៨ខែសីហាឆ្នាំ២០២២ បន្ទាប់ពីមានបញ្ហារបួសហើយត្រូវប្តូរចេញនឹងជំនួសដោយខ្សែបម្រើវ័យក្មេង Harvey Elliott ។
យោងតាម The Athlectic ក្រុម Liverpool នឹងត្រូវលេងដោយគ្មាន Thiago រយៈពេល៦សប្ដាហ៍ដែលនេះមានន័យថាគេនឹងត្រូវអវត្តមានការប្រកួត Premier League ចំនួន៦ប្រកួត។ សម្រាប់ការប្រកួតចំនួន៦ប្រកួតនេះក៏មានការប្រកួតសំខាន់មួយដោយត្រូវប៉ះក្រុម Manchester United និងការប្រកួត៥ទៀតត្រូវប៉ះ Crystal Palace , Bournemouth, Newcastle , Everton និង Wolves.
កាលពីរដូវកាលមុន Thiago ក៏មានបញ្ហារបួសបែបនេះផងដែរ។ជាពិសេសរបួសមុនប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champion League ដែលគ្រប់គ្នាគិតថាគេមិនអាចបង្ហាញខ្លួនទាន់ឡើយពេលប៉ះ Real Madrid តែជាក់ស្តែងគេបានចូលលេងឱ្យ Liverpool ដែលបានបរាជ័យក្រោមថ្វីជើង Real Madrid 1-0 ទទួលបានត្រឹមជើងឯករង។
អ្នកចាត់ការទូទៅហង្សក្រហម Liverpool លោក Jurgen Kloop ក៏បាននិយាយទាក់ទងទៅនឹងបញ្ហារបួសកីឡាករខ្សែបម្រើក្នុងក្រុមរបស់ខ្លួនផងដែរថា៖ “ពិតណាស់ក្រុមរបស់យើងមានបញ្ហារបួសកីឡាករសូម្បីតែខ្សែបម្រើ Alex Oxland-Chamerlain ក៏ត្រូវសម្រាកក្រៅទីលានរយៈពេលយូរផងដែរ។ប៉ុន្តែនេះមិនមែនជាបន្ទុកដែលត្រូវឲយើងនាំចូលកីឡាករថ្មីឡើយ។យើងបាននិយាយថាយើងមិនត្រូវការខ្សែបម្រើឡើយព្រោះយើងមានគ្រប់គ្រាន់ហើយប៉ុន្តែរឿងដែលកំពុងតែកើតមានឡើងនេះគឺជាអ្វីដែលយើងមិនអាចដឹងមុន”។
លោកបានបន្តទៀតថា៖”យើងមានខ្សែបម្រើ, យើងមានខ្សែបម្រើគ្រប់គ្រាន់វាមិនមែនមានន័យថាយើងខ្វះខ្សែបម្រើទេគ្រាន់តែថាមានកីឡាករខ្លះរបួស។នេះមិនមែនជាពេលល្អឡើយសម្រាប់ក្រុមទាំងមូលហើយខ្ញុំក៏មិនចូលចិត្តវាដែរប៉ុន្តែសូមអ្នកមិនបាច់មានភាពភ័យព្រួយឡើយ”។
សូមជម្រាបផងដែរថា Liverpool នឹងត្រូវប្រកួត Premier League សប្ដាហ៍ទី២ទល់ Crystal Palace នៅ Anfield នាថ្ងៃចន្ទទី១៦ខែសីហា៕