សមាគមក្លិបបាល់ទះវិសាខា បានក្លាយជាម្ចាស់ជើងឯកក្នុងពានរង្វាន់បាល់ទះ Special Volleyball League 2022 ក្រោយយកឈ្នះលើក្រុមបាល់ទះ ក្រសួងមហាផ្ទៃ ក្នុងវគ្គផ្ដាច់ព្រ័ត្រនៅរសៀលថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០២២លើទីលានបាល់ទះកីឡដ្ឋានព្រីនស៍ក្នុងរាជធានីភ្នំពេញ ។
ក្នុងវគ្គផ្ដាច់ព្រ័ត្រនេះក្រុមវិសាខា បានយកឈ្នះក្រសួងមហាផ្ទៃ ដោយលទ្ធផល ២សិតទល់០ (២៥-២៣,២៨-២៦)។ ចំណែកចំណាត់ថ្នាក់លេខ៣វិញ បានទៅក្រុមរដ្ឋបាលរាជធានីភ្នំពេញ ក្រោយឈ្នះលើក្រុម PS Concrete ដោយលទ្ធផល២សិតទល់១ សិត (១៦-២៥,២៥-២២,១៥-១១)។
ពានរង្វាន់នេះបានកំណត់ឱ្យក្រុមចូលរួមទាំង ១៣ក្រុម ប្រកួតគ្នាវិលជុំ១ជើងសន្សំពិន្ទុ ហើយក្រុមដែលមានចំណាត់ថ្នាក់ល្អជាងគេពីលេខ១ដល់លេខ៤ ត្រូវប្រកួតខ្វែងគ្នា ក្នុងនោះក្រុមលេខ១ ត្រូចជួបក្រុមលេខ៤ ហើយក្រុមលេខ២ជួបក្រុមលេខ៣ ដើម្បីដណ្តើមកៅអីឡើងទៅលេងវគ្គផ្ដាច់ព្រ័ត្រ។ ការប្រកួតលក្ខណៈ៤ទល់៤ ជាលីគដំបូងគេបែបនេះ មាន១សិតចំនួន២៥ពិន្ទុ ហើយគូភាគីណារកបាន២សិតមុនជាអ្នកឈ្នះ ប៉ុន្តែឈ្នះម្នាក់១សិត នោះនឹងប្រកួតសិតទី៣ ដើម្បីកាត់សេចក្ដី។
នៅក្នុងពិធីបិទការប្រកួតលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានចាត់ទុកនេះជាសកម្មភាពមួយជួយជម្រុញមហាជនឱ្យគាំទ្រការប្រកួតក្នុងស្រុក ហើយជាផ្នែកមួយដែលតម្រង់ផ្លូវឱ្យមានការប្រកួតស្តង់ដារដែលមិនមានចាប់បោះ ឬ គ្រវី ដែលប្រាសចាកពីការប្រកួតបាល់ទះ។
ជាមួយគ្នាដែរឯកឧត្តម ស សុខា អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានកោតសរសើរដល់ក្រុមទាំងអស់ដែលបានចូលរួមប្រកួត ធ្វើឲ្យកីឡាកររបស់ខ្លួនមានការវាស់ស្ទង់សមត្ថភាព បន្ថែមពីលើការហ្វឹកហាត់ជាប្រចាំ។ ឯកឧត្តម បានកោតសរសើរ និងថ្លែងអំណរគុណចំពោះលោកអគ្គលេខាធិការ មន្ត្រី អាជ្ញាកណ្ដាល ក្រុមការងាររៀបចំការប្រកួត បងប្អូនស្ម័គ្រចិត្តមកពីវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ប្រតិភូកីឡា កីឡាករគ្រប់ក្រុមទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្តក្នុងការរៀបចំ និងចូលរួមយ៉ាងសកម្ម តាំងពីថ្ងៃចាប់ផ្តើម រហូតដល់ថ្ងៃបញ្ចប់ព្រឹត្តិការណ៍។
«ខ្ញុំសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា វិស័យកីឡាបាល់ទះនៅកម្ពុជា នឹងកាន់តែរីកចម្រើនល្បីល្បាញថែមទៀតនៅលើឆាកជាតិ និងអន្តរជាតិ តាមរយៈការរួមគ្នាបង្កើតព្រឹត្តិការណ៍ប្រកួតនានា ចាប់តាំងពីថ្នាក់ស្រុក ក្រុង ខណ្ឌ ខេត្ត រាជធានី និងថ្នាក់ជាតិ»។ ឯកឧត្តមអនុប្រធានសហព័ន្ធបន្ថែម។
ពានរង្វាន់ Special Volleyball League 2022 ចាប់ដំណើរការប្រកួតតាំងពីថ្ងៃទី២៥ ខែមីនា មកម៉្លេះទីលានបាល់ទះកីឡដ្ឋានព្រីនស៍ ខណៈក្រុមចូលរួមទាំង១៣មាន៖១.កងពលតូចអន្តរាគមន៍លេខ៩ ២.ក្រុមបាល់ទះ Vong Plus ៣.ក្លិបបាល់ទះយុវជនស្រុកល្វាឯម ៤.សមាគមកីឡាបាល់ទះវិសាខា ៥.ក្លិបកីឡាបាល់ទះខេត្តកំពង់ស្ពឺ ៦.ក្រុមកីឡាបាល់ទះ Sport KPC ៧.ស្នងការនគរបាលខេត្តព្រៃវែង ៨.កងពលធំអន្តរាគមន៍លេខ៣ ៩.ស្នងការដ្ឋាននគរបាលខេត្តតាកែវ ១០.នាយកដ្ឋានលិខិតឆ្លងដែន ១១.ក្រសួងមហាផ្ទៃ ១២.រដ្ឋបាលរាជធានីភ្នំពេញ និង១២ ក្រុមបាល់ទះ P.S Concrete។
ក្នុងនាមជាម្ចាស់ជើងឯកពានរង្វាន់ Special Volleyball League 2022 សមាគមបាល់ទះវិសាខា ទទួលបានពាន១ មេដាយមាសម្នាក់១ និងថវិការ២០លានរៀល ហើយក្រុមជើងឯករងក្រសួងមហាផ្ទៃ ទទួលបានមេដាយប្រាក់ម្នាក់១ អមដោយថវិកា៨លានរៀល។ សម្រាប់ក្រុមជយលាភី ចំណាត់ថ្នាក់លេខ៣ទទួលបានមេដាយសំរឹទ្ធម្នាក់១ អមដោយថវិកា៤លានរៀល។
ជាមួយគ្នានោះដែរក៏មានការដាក់ពិន្ទុប្រគល់ពានឯកត្តជនជូនដល់កីឡាករឆ្នើមជាងគេក្នុងព្រឹត្តិការណ៍គឺ គួន មុំ មកពីសមាគមបាល់ទះវិសាខា,កីឡាករវាយវាយប្រយុទ្ធល្អជាងគេ បានទៅ គួន មុំ មកពីសមាគមបាល់ទះវិសាខា កីឡាករលើកបាល់បានល្អជាងគេ បានទៅកីឡាករ សួន ចាន់ណារ៉ូ មកពីសមាគមបាល់ទះវិសាខា, កីឡាករវាយសេវាល្អជាងគេ បានទៅ ឌី លីដា មកពីរដ្ឋបាលរាជធានីភ្នំពេញ, កីឡាករធ្វើរនាំងល្អជាងគេ បានទៅ ផុល រតនៈ របស់ក្រុម PS Concrete និងក្រុមដែលប្រកួតយុត្តិធម៌ល្អជាងគេ បានទៅក្រុមក្រសួងមហាផ្ទៃ។ ម្ចាស់ពានរង្វាន់ឯកត្តជននេះទទួលបានពានតូចម្នាក់១និងថវិកា៨សែនរៀល៕