Skip to content
    ទំព័រដើម  »  កីឡាជាតិ

កីឡាសក្កានុពលទំាងនេះដែលថ្នាក់ដឹកនាំខេត្តកណ្តាលដាក់ក្តីរំពឹងខ្ពស់ក្នុងព្រឹត្តិការណ៍សិស្សបឋមថ្នាក់ជាតិឆ្នាំ២០២៤

លោក ពៅ វណ្ណា ប្រធានការិយាល័យ ឣប់រំកាយ និងកីឡា​ប្រចាំខេត្តកណ្តាលថ្លែងក្នុងឱកាសបិទការប្រកួតកីឡាសិស្សបឋមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្តឆ្នាំ២០២៣-២០២៤ ថាទទួលបានជោគជ័យគួរជាទីចាប់មោទន។ ក្នុងនោះលោកបានកត់សម្គាល់ប្រភេទកីឡាមួយចំនួនដែលបានបង្ហាញភាពខ្លាំងរបស់ខ្លួនអាចនឹងមានលទ្ធភាពខ្ពស់ក្នុងការប្រកួតប្រជែងដណ្តើមមេដាយនានាក្នុងព្រឹត្តិការណ៍សិស្សបឋមថ្នាក់ជាតិឆ្នាំ ២០២៤នេះ។

ប្រធានការិយាល័យ​ឣប់រំកាយ និងកីឡា​ខេត្តកណ្តាលដដែលបានសង្កត់ធ្ងន់លើប្រភេទកីឡាបាល់ទាត់ ការ៉ាតេដូ​ តេក្វាន់ដូ អត្តពលកម្ម និងហែលទឹក ដែលជាប្រភេទកីឡាមានអាទិភាពខ្ពស់ប្រចាំខេត្តកណ្តាល។

“ពួកយើងមានក្តីសង្ឃឹមច្រើនទៅលើកីឡាផ្សេងៗដូចជា​ កីឡាបាល់ទាត់កុមារារបស់យើងដែលមានការហ្វឹកហាត់ត្រឹមត្រូវ មានការយកចិត្តទុកដាក់ ហើយយើងក៏រំពឹងលើផ្នែកអត្តពលកម្ម ទៅលើការ៉ាតេ តេក្វាន់ដូ និងហែលទឹកដែលយើងទើបបង្កើតថ្មីៗនេះ។”

សូមរំឭកថា ការប្រកួតកីឡាសិស្សបឋមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្តឆ្នាំ២០២៣-២០២៤ ប្រចាំខេត្តកណ្តាលបានចាប់ផ្តើមតាំងពីថ្ងៃទី ២៧ ខែកុម្ភៈ ដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤។ ក្នុងនោះផងដែរ ប្រភេទកីឡាធំៗចំនួន៥បានដាក់ឱ្យប្រកួតប្រជែងមានដូចជាបាល់ទាត់កុមារា កុមារី, បាល់ទះកុមារា កុមារី, បាល់បោះកុមារា កុមារី, អត្តពលកម្មកុមារា កុមារី, និងកីឡាប៉េតង់កុមារា កុមារី៕​